មាន​ពេល​មួយ​លោក​ដាវីឌ វូឌ(David Wood) ដែល​ជា​អតីត​កីឡាករ​អិនប៊ីអេ បាន​ទៅ​ប្រកួត​ឲ្យ​ក្រុម​ទួរក្រេស ដឺ បាស់កូនា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃ​ការ​ប្រកួត​កីឡា​បាល់​បោះ​ពាន​រង្វាន់​របស់​ប្រទេស​អេស្ប៉ាញ។   កាល​នោះ​ខ្ញុំ​មាន​ឱកាស​នៅ​ក្បែរ​គាត់។  មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម គាត់​បាន​អាន​ខគម្ពីរ​ទំនុក​ដំកើង ១៤៤:១ ដូច្នេះ​​ថា “សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ថ្មដា​នៃ​ទូលបង្គំ បាន​ប្រកប​ដោយ​ព្រះពរ ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូល​បង្គំ​ឲ្យ​ចេះ​ច្បាំង ហើយ​ម្រាម​ដៃ​របស់​ទូលបង្គំ​ឲ្យ​ធ្វើ​សង្រ្គាម”។​ គាត់​ក៏​បាន​ងាក​មក​ខ្ញុំ​ ហើយ​និយាយ​ថា “អ្នក​ឃើញ​ទេ? ព្រះ​ទ្រង់​ហាក់​ដូច​​ជា​​បាន​សរសេរ​ខគម្ពីរ​នេះ សម្រាប់​ខ្ញុំចឹង! ទ្រង់​បាន​បង្រៀន​ដៃ​ខ្ញុំ ឲ្យ​ចេះ​ចាប់​បាល់​ដែល​បាន​លោត​ចុះ​ឡើង ហើយ​បង្រៀន​ម្រាម​ដៃ​ខ្ញុំ​ឲ្យ​ចេះ​បាញ់​បាល់​ចូល​ក្នុង​កន្ត្រក!” លោក​ដាវីឌ​ដឹង​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់​ឲ្យ​លេង​កីឡា​បាល់​បោះ ហើយ​គាត់​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ទទួល​យក​យើង ទោះ​យើង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោយ ហើយ​ក៏​បាន​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​ធ្វើ​ការ​អ្វី​ដែល​ទ្រង់​បាន​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ។

យើង​ងាយ​នឹង​គិត​ថា​ ខ្លួន​ឯង​មិន​សូវ​មាន​តម្លៃ​សម្រាប់​ព្រះ​ គឺនៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​មាន​អ្វី​សម្រាប់​​ថ្វាយ​ទ្រង់។ ពេល​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​លោក​ម៉ូសេ ហើយ​បាន​ចាត់​តាំង​គាត់ ឲ្យ​មាន​ភារៈ​កិច្ច​ប្រាប់​ជន​ជាតិ​អ៊ីស្រា​អែល​ថា ទ្រង់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​គៀប​សង្កត់​របស់​ជន​ជាតិ​អេស៊ីព្ទ(និក្ខមនំ ៣:១៦-១៧) លោក​ម៉ូសេ​មាន​អារម្មណ៍​ថា គាត់​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ។ គាត់​ទូល​ព្រះ​អម្ចាស់​ថា “ទូល​បង្គំ​ជា​អ្នក​មិនសូវ​មាន​វោហារ​ទេ … ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង”(៤:១០)។ លោក​ម៉ូសេ​ប្រហែល​ជា​មិន​អាច​និយាយ​ច្បាស់ ឬ​គ្រាន់​តែ​មាន​ការ​ភ័យ​ខ្លាច តែ​ព្រះ​ទ្រង់​បាន​ជម្នះ​ភាព​ខ្វះ​ចន្លោះ​របស់​គាត់ ដោយ​ភាព​គ្រប់​គ្រាន់​របស់​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(ខ.១២)។

អ្វី​ដែល​ព្រះ​ទ្រង់​ចង់​បាន​ពី​យើង​នោះ គឺ​ឲ្យ​យើង​ដើរ​តាម​ផែន​ការ​ទ្រង់។ បន្ទាប់​ពី​យើង​ដើរ​តាម​ផែន​ការ​ទ្រង់​ហើយ ទ្រង់​នឹង​បំពេញ​នូវ​ភាព​ខ្វះ​ចន្លោះ​របស់​យើង។ ក្នុង​ព្រះ​ហស្ត​ដ៏​មាន​ចេស្តា​របស់​ទ្រង់  អ្នក​អាច​ធ្វើ​ជា​ព្រះ​ពរ​សម្រាប់​អ្នក​ដទៃ។ JAIME FERNÁNDEZ GARRIDO, GUEST WRITER