នៅក្នុងក្រុមដែលអ្នកស្រីដាយអ៊ែន(Diane) បានចូលរួម នាងបានស្តាប់អ្នកដទៃសំណូមពរអធិស្ឋាន ឲ្យសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលកំពុងតែប្រឈមមុខ នឹងការពិបាក ឬជម្ងឺ។ នាងមានសមាជិកគ្រួសារម្នាក់ ដែលបានតយុទ្ធនឹងការញៀនថ្នាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ នាងមិនបានសុំឲ្យគេជួយអធិស្ឋានឲ្យឡើយ។ នាងដឹងថាពេលនាងសំណួមពរអធិស្ឋានអំពីរឿងនោះ នាងនឹងឃើញអ្នកដទៃផ្លាស់ប្តូរទឹកមុខ ឬឮសំណួរ ឬក៏ការផ្តល់ការប្រឹក្សាយោបលពីពួកគេ ដែលធ្វើឲ្យនាងពិបាកចិត្ត មិនអាចទ្រាំបាន។ នាងមានអារម្មណ៍ថា យកល្អ នាងមិនគួរសំណូមពរឲ្យគេអធិស្ឋានឲ្យនាង អំពីរឿងនេះឡើយ។ អ្នកដទៃទៀតមិនយល់ ពីមូលហេតុដែលមនុស្សជាទីស្រឡញ់របស់នាង នៅតែអាចជឿព្រះយេស៊ូវ ខណៈពេលដែលពួកគេកំពុងជួបការលំបាកជារៀងរាល់ថ្ងៃ។
ទោះបីជាអ្នកស្រីដាយអាន មិនបានសុំឲ្យក្រុមរបស់នាងជួយអធិស្ឋានឲ្យក៏ដោយ ក៏នាងនៅតែមានមិត្តភក្តិពីរបីនាក់ ដែលនាងទុកចិត្ត ហើយបានសុំឲ្យអធិស្ឋានជាមួយនាង។ ពួកគេបានអធិស្ឋានជាមួយគ្នា សូមឲ្យព្រះទ្រង់រំដោះមនុស្សជាទីស្រឡាញ់របស់នាង ឲ្យរួចពីចំណងនៃការញៀនថ្នាំ ហើយបានពិសោធន៍នឹងសេរីភាព ក្នុងព្រះគ្រីស្ទ ហើយសូមឲ្យព្រះទ្រង់ប្រទានអ្នកស្រីដាយអាន នូវសន្តិភាព និងការអត់ធ្មត់ ដែលនាងត្រូវការ។ ពេលដែលនាងអធិស្ឋាន នាងក៏ទទួលបានការកម្សាន្តចិត្ត និងកម្លាំង ពីទំនាក់ទំនងដែលនាងមានជាមួយទ្រង់។
មនុស្សជាច្រើនមានការតស៊ូ នៅក្នុងការអធិស្ឋានអស់ពីចិត្ត តែពួកគេហាក់ដូចជាមិនបានទទួលការឆ្លើយតប។ ប៉ុន្តែ យើងអាចដឹងច្បាស់ថា ព្រះទ្រង់ពិតជាយកព្រះទ័យទុកដាក់ ហើយស្តាប់ឮពាក្យដែលយើងគ្រប់គ្នាទូលសូម។ ទ្រង់បានជំរុញយើង ឲ្យបន្តដើរជាមួយទ្រង់ ដោយភាពស្និទ្ធស្នាល ដោយ “អំណរក្នុងសេចក្តីសង្ឃឹម ការអត់ធ្មត់ នៅក្នុងការរងទុក្ខ និងខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន(រ៉ូម ១២:១២)។ យើងអាចពឹងផ្អែកលើទ្រង់។—ALYSON KIEDA