សួនសត្វទីក្រុងឡុង បានប្រកាស់ថា មនុស្សមិនមានអ្វីដែលពិសេសទេ។ កាលពីឆ្នាំ២០០៥ សួនសត្វនេះបានចាប់ផ្តើមការតាំងពិពណ៌ដែលមានរយៈពេលបួនថ្ងៃ ក្រោមប្រធានបទ “មនុស្សនៅក្នុងបរិស្ថានរបស់ពួកគេ”។ គេបានជ្រើសរើសមនុស្ស តាមរយៈការប្រកួតតាមអ៊ីនធើណិត ឲ្យចូលមកនៅក្នុងសួនសត្វ។ ដើម្បីជួយទស្សនិកជន ឲ្យមានការយល់ដឹងអំពីមនុស្ស បុគ្គលិកសួនសត្វក៏បានបង្កើតផ្លាកសញ្ញាមួយ ដែលរៀបរាប់ជាលម្អិត អំពីអាហារ និងកន្លែងរស់នៅរបស់ពួកគេ ព្រមទាំងការគំរាមកំហែងដែលពួកគេជួបប្រទះ។ យោងតាមអ្នកនាំពាក្យរបស់សួនសត្វនេះ គោលដៅនៃការតាំងពិពណ៌នេះ គឺដើម្បីធ្វើឲ្យគេដឹងថា មនុស្សមិនមានភាពពិសេស ដូចជាអ្វីដែលគេបានគិតនោះទេ។ មានអ្នកចូលរួមម្នាក់ ក្នុងការតាំងពិពណ៌នោះហាក់ដូចជាយល់ស្របថា “ពេលដែលយើងមើលឃើញមនុស្សរស់នៅដូចសត្វ ក្នុងកន្លែងនេះ វាបានរំឭកយើងថា យើងមិនពិសេស ដូចអ្វីដែលយើងបានគិតនោះទេ”។
ទស្សនៈខាងលើនេះ គឺពិតជាផ្ទុយពីអ្វីដែលព្រះគម្ពីរបានចែង អំពីមនុស្ស។ គឺដូចមានសេចក្តីចែងថា ព្រះជាម្ចាស់“បានបង្កើត” យើងមកយ៉ាងគួរកោត គួរអស្ចារ្យ ឲ្យមាន “រូបភាពដូចទ្រង់”(ទំនុកដំកើង ១៣៩:១៤ និង លោកុប្បត្តិ ១:២៦-២៧)។
ស្តេចដាវីឌបានចាប់ផ្តើមនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១៣៩ ដោយរៀបរាប់ថា ព្រះជាម្ចាស់បានស្គាល់ទ្រង់ច្បាស់(ខ.១-៦) ហើយព្រះអង្គមានព្រះវត្តមានគ្រប់ទីកន្លែង ដែលហ៊ុមព័ទ្ធទ្រង់ជានិច្ច(ខ.៧-១២)។ ព្រះជាម្ចាស់មិនគ្រាន់តែបានបង្កើតលក្ខណៈដ៏ពិសេស នៃផ្នែកខាងក្នុង និងខាងក្រៅរបស់ស្តេចដាវីឌប៉ុណ្ណោះទេ(ខ.១៣-១៤) តែព្រះអង្គក៏បានបង្កើតទ្រង់ឲ្យមានវិញ្ញាណដ៏រស់ ដោយប្រទានជីវិតខាងវិញ្ញាណ និងសមត្ថភាពនៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះជាម្ចាស់។ ស្តេចដាវីឌក៏បានជញ្ជឹងគិត អំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដោយឆ្លើយតប ដោយការស្ញែងខ្លាច ការភ្ញាក់ផ្អើល និងការសរសើរដំកើង(ខ.១៤)។
មនុស្សជាជីវិតដ៏ពិសេស។ ព្រះជាម្ចាស់បានបង្កើតយើងមក ឲ្យមានលក្ខណៈពិសេសអស្ចារ្យ និងមានសមត្ថភាព ដែលអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គ។ យើងអាចសរសើរដំកើងព្រះអង្គ ព្រោះយើងជាស្នាព្រះហស្តដ៏ល្អឯក ដែលទ្រង់បានបង្កើតដោយសេចក្តីស្រឡាញ់។—MARVIN WILLIAMS