ជីវិតដែលមានសន្តិភាព
នៅទីក្រុងភើត ប្រទេសអូស្រ្តាលី មានកន្លែងមួយ ដែលគេបានដាក់ឈ្មោះឲ្យថា ផ្ទះសាឡូម។ មនុស្សប្រុសដែលមានបញ្ហាញៀនថ្នាំ ឬញៀននឹងអ្វីមួយ អាចទៅស្វែងរកជំនួយ នៅផ្ទះនោះ។ នៅទីនោះ ពួកគេនឹងជួបបុគ្គលិកដែលយកចិត្តទុកដាក់ចំពោះពួកគេ ហើយណែនាំពួកគេឲ្យស្គាល់សាឡូមរបស់ព្រះ(សាឡូម ជាភាសាហេព្រើរ មានន័យថា សន្តិភាព )។ ជីវិតរបស់ពួកគេបានខ្ទេចខ្ទំា ដោយសារទម្ងន់នៃការញៀនថ្នាំ ស្រា ល្បែង និងការអ្វីផ្សេងទៀត តែពួកគេកំពុងតែទទួលការផ្លាស់ប្រែ ដោយក្តីស្រឡាញ់របស់ព្រះ។
ព្រះរាជសារនៃដំណឹងល្អ គឺជាចំណុចស្នូល នៃការផ្លាស់ប្រែនេះ។ មនុស្សមានជីវិតប្រេះបែក ដែលបានចូលផ្ទះសាឡូម ក៏បានដឹងថា តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ពួកគេអាចមានជីវិតថ្មីផងដែរ។ ក្នុងព្រះគ្រីស្ទ យើងទទួលបាននូវសន្តិភាព និងការប្រោសឲ្យជាដ៏ពិត។
សន្តិភាពមិនគ្រាន់តែជាអវត្តមាន នៃជម្លោះនោះទេ តែជាព្រះវត្តមាននៃភាពពេញលេញរបស់ព្រះ។ យើងរាល់គ្នា ត្រូវការសន្តិភាពនេះ ហើយយើងអាចរកឃើញ តែនៅក្នុងព្រះគ្រីស្ទ និងព្រះវិញ្ញាណព្រះអង្គប៉ុណ្ណោះ។ ហេតុនេះហើយ សាវ័កប៉ុលបានចង្អុលបង្ហាញពួកជំនុំនៅទីក្រុងកាឡាទី អំពីព្រះរាជកិច្ចនៃព្រះវិញ្ញាណ ដែលផ្លាស់ប្រែជីវិតមនុស្ស។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងជីវិតយើង ព្រះអង្គជួយយើងឲ្យបង្កើតផលផ្លែរបស់ព្រះអង្គ ដែលមានដូចជា ក្តីស្រឡាញ់ ក្តីអំណរ ការអត់ធ្មត់ ជាដើម(កាឡាទី ៥:២២-២៣)។ ព្រះអង្គប្រទាននូវធាតុផ្សំដ៏សំខាន់ នៃសន្តិភាពដ៏ពិត និងស្ថិតស្ថេរ។
ខណៈពេលដែលព្រះវិញ្ញាណជួយឲ្យយើងអាចរស់នៅ ក្នុងសន្តិភាពរបស់ព្រះ យើងអាចរៀនថ្វាយការខ្វះខាត និងការបារម្ភរបស់យើង…