នៅ​ទីក្រុង​ភើត ប្រទេស​អូស្រ្តាលី មាន​កន្លែង​មួយ ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា ផ្ទះ​សាឡូម។ មនុស្ស​ប្រុស​ដែល​មាន​បញ្ហា​ញៀន​ថ្នាំ ឬ​ញៀន​នឹង​អ្វី​មួយ អាច​ទៅ​ស្វែង​រក​ជំនួយ នៅ​ផ្ទះ​នោះ។ នៅ​ទីនោះ ពួក​គេ​នឹង​ជួប​បុគ្គលិក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​ណែ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​សាឡូម​របស់​ព្រះ(សាឡូម ជា​ភាសា​ហេព្រើរ មាន​ន័យ​ថា សន្តិភាព )។ ជីវិត​របស់​ពួក​គេ​បាន​ខ្ទេច​ខ្ទំា ដោយសារ​ទម្ងន់​នៃ​ការ​ញៀន​ថ្នាំ ស្រា ល្បែង និង​ការ​អ្វី​ផ្សេង​ទៀត តែ​ពួក​គេ​កំពុង​តែ​ទទួល​ការ​ផ្លាស់​ប្រែ ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះ។

ព្រះ​រាជ​សារ​នៃ​ដំណឹង​ល្អ គឺ​ជា​ចំណុច​ស្នូល នៃ​ការ​ផ្លាស់​ប្រែ​នេះ។ មនុស្ស​មាន​ជីវិត​ប្រេះ​បែក ដែល​បាន​ចូល​ផ្ទះ​សាឡូម ក៏​បាន​ដឹង​ថា តាម​រយៈ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ពួក​គេ​អាច​មាន​ជីវិត​ថ្មី​ផង​ដែរ។ ក្នុង​ព្រះ​គ្រីស្ទ យើង​ទទួល​បាន​នូវ​សន្តិ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដ៏​ពិត។

សន្តិភាព​មិន​គ្រាន់​តែ​ជា​អវត្តមាន នៃ​ជម្លោះ​នោះ​ទេ តែ​ជា​ព្រះ​វត្ត​មាន​នៃ​ភាព​ពេញ​លេញ​របស់​ព្រះ។ យើង​រាល់​គ្នា ត្រូវ​ការ​សន្តិភាព​នេះ ហើយ​យើង​អាច​រក​ឃើញ តែ​នៅ​ក្នុង​ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​ចង្អុល​បង្ហាញ​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី អំពី​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​វិញ្ញាណ ដែល​ផ្លាស់​ប្រែ​ជីវិត​មនុស្ស។  ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​ក្នុង​ជីវិត​យើង ព្រះ​អង្គ​ជួយ​យើង​ឲ្យ​បង្កើត​ផល​ផ្លែ​របស់​ព្រះ​អង្គ ដែល​មាន​ដូច​ជា ក្តី​ស្រឡាញ់ ក្តី​អំណរ ការ​អត់​ធ្មត់ ជាដើម(កាឡាទី ៥:២២-២៣)។ ព្រះ​អង្គ​ប្រទាន​នូវ​ធាតុ​ផ្សំ​ដ៏​សំខាន់ នៃ​សន្តិភាព​ដ៏​ពិត និង​ស្ថិត​ស្ថេរ។​

ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ជួយ​ឲ្យ​យើង​អាច​រស់​នៅ ក្នុង​សន្តិភាព​របស់​ព្រះ យើង​អាច​រៀន​ថ្វាយ​ការ​ខ្វះ​ខាត និង​ការ​បារម្ភ​របស់​យើង ដល់​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌។ កាល​ណា​យើង​បាន​អនុវត្ត​ដូច​នេះ​ហើយ “សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៤:៧)។

ក្នុង​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ ចិត្ត​របស់​យើង​អាច​ពិសោធន៍​នឹង​សន្តិភាព​ដ៏​ពិត។—Bill Crowder