ការសិក្សាព្រះគម្ពីរសម្រាប់ខ្លួនអ្នក

តើអ្នករីករាយនឹងការសិក្សាព្រះគម្ពីរដោយខ្លួនអ្នកទេ? តើអ្នកពេញចិត្តចំពោះសមត្ថភាពរបស់អ្នក ក្នុងការ​អនុវត្តន៍​សេចក្តី​ពិត​នៃព្រះគម្ពីរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃដែរឬទេ? ពេលខ្លះ គ្រីស្ទបរិស័ទព្រងើយកន្តើយ ចំពោះ​ការ​សិក្សាព្រះបន្ទូលព្រះ ដោយ​ព្រោះតែពួកគេខ្វះវិធីដ៏សាមញ្ញ និងងាយអនុវត្ត ដែលធ្វើឲ្យការ​សិក្សាព្រះ​គម្ពីរ​មាន​ភាពរស់រវើកចំពោះពួកគេ។ ទោះបី​យើង​ជា​កូនព្រះក៏ដោយ ក៏យើងមិនអាចចម្រើនលូតលាស់ និង​មាន​ភាពពេញវ័យខាងវិញ្ញាណបានទេ លុះត្រាតែយើង​បរិភោគ​​នំប៉័ង​ជីវិតបានទៀងទាត់។

មានអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់បានថ្លែងថា “ខ្ញុំមិនអាចបញ្ជាក់បានច្រើនអំពីសារៈសំខាន់ និងតម្លៃ​នៃ​ការសិក្សាព្រះ​គម្ពីរបានទេ . . . ព្រោះក្នុងសម័យកាលដែលមិនមានភាពច្បាស់លាស់នេះ គឺជាពេល​ដែល​មនុស្សប្រុសស្រីមានទំនោរក្នុង​ការ​កំណត់​នូវសំណួរផ្សេងៗ ចេញពី​ទស្សនៈងាយៗ ជាជាងផ្អែក​លើ​គោលការណ៍ដ៏អស់កល្បជានិច្ច ដែល​ព្រះជាម្ចាស់​​បាន​ដាក់ចេញមក”។

ការសិក្សាព្រះគម្ពីរ ចាប់ផ្តើមដោយ ការសង្កេត។ នៅពេលយើងសង្កេតមើលរបស់អ្វីមួយ រួមទាំងការសង្កេតព្រះគម្ពីរដែរ យើងត្រូវផ្ដោតលើលក្ខណៈនៃរបស់ ដែលត្រូវសិក្សានោះ។​ យើងសិក្សាអំពីផ្កាយ តាមរយៈសម្លឹងមើល​ទៅវា ពីមួយ​យប់ទៅមួយយប់ ដោយប្រើកែវយឹត។ យើងសង្កេតមើលឥរិយារបស់សត្វ តាមរយៈការប្រើពេល​មើលជាយូរ នៅឯទីកន្លែងរស់​នៅ​ បែបធម្មជាតិរបស់ពួកវា។ យើងសង្កេតអំពីព្រះគម្ពីរ ដូចសង្កេតសៀវភៅផ្សេងដែរ​ គឺដោយអានដោយយកចិត្តទុកដាក់ និងឲ្យបានច្រើនដង។

បណ្ឌិត ចេមស៍ អែម គ្រេយ៍ (James M Gray) ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានថ្លែងថា “មាន​ច្បាប់​តែមួយគត់ ក្នុងការសិក្សាព្រះគម្ពីរ ហើយច្បាប់នោះគឺ អានព្រះគម្ពីរ ហើយក្រោយពេលអ្នកអានហើយ គឺត្រូវអានទៀត បន្ទាប់​មក អង្គុយចុះ ហើយអានទៀត បន្ទាប់មកទៀត អង្គុយចុះ ហើយអានម្តងទៀត ហើយការដែលអ្នកធ្វើដដែលៗនោះ អ្នកនឹងចេះព្រះគម្ពីរ”។

សូមអង្គុយអានកណ្ឌគម្ពីរ ដែលអ្នកកំពុងសិក្សា។ គម្ពីរដំណឹងល្អយ៉ូហាន និងកូរិនថូសទី២ គឺជាកណ្ឌគម្ពីរដ៏ល្អ ក្នុងការយកមកសិក្សាមុនគេ។ ត្រូវចាប់យកចំណុចគួរឲ្យចាប់អារម្មណ៍ច្បាស់លាស់មួយ របស់កណ្ឌគម្ពីរទាំងមូល។ កុំគិតអំពីការបែងចែកជំពូក និងខ។ ត្រូវអានម្តងហើយម្តងទៀត ហើយឆ្លៀតប្រើគម្ពីរបកប្រែផ្សេងៗបន្ថែម ដើម្បីឲ្យអ្នកអាចយល់អំពីខ្លឹមសារកាន់តែច្បាស់។ សួរសំណួរសម្រាប់​ការសង្កេត ដូចជា ជានរណា? ជាអ្វី?​ នៅទីណា? នៅកន្លែងណា? ហេតុអ្វី? យ៉ាងដូចម្តេច?

បន្ទាប់ពីការសង្កេតលើអត្ថបទរួចហើយ នោះគឺ ការកាត់ស្រាយ។ យើងត្រូវតែប្រយ័ត្ន កុំឲ្យការ​សន្មត់​ជាមុនរបស់យើង ធ្វើឲ្យការកាត់ស្រាយមានការលម្អៀង។ ចូរអធិស្ឋានទូលសូមការបំភ្លឺ ពីព្រះ​វិញ្ញាណបរិសុទ្ធ ព្រោះបើងាកចេញពីការបើកសម្ដែងរបស់ទ្រង់ នោះយើងពិបាកនឹងរកឃើញនូវការយល់ដឹងដ៏ត្រឹមត្រូវ (១យ៉ូហាន ២:២០, ២៧)។

សូមពិនិត្យអំពីបរិបទ នៃបទគម្ពីរដែលអ្នកកំពុងកាត់ស្រាយ។ សូមប្រៀបធៀបអត្ថបទ ដែលមានរឿងរ៉ាវស្របគ្នា ហើយឯកសារយោងផ្សេងៗផងដែរ។

លោក​ ឆាលស៍ ស្ព័រហ្គិន (Charles Spurgeon) បានកត់សម្គាល់ថា “សព្វថ្ងៃនេះ យើងឮថា​ មនុស្សនាំគ្នាហែក​ប្រយោគ​ដែលសាមញ្ញ ក្នុងបទគម្ពីរ ដែលមានការទាក់ទងគ្នា ហើយក៏ស្រែកថា “ខ្ញុំរកឃើញហើយ!” (Eureka!) “ខ្ញុំរកឃើញហើយ!” (Eureka!) ហាក់ដូចជាគេបានរកឃើញសេចក្តីពិតថ្មីមួយអ៊ីចឹង ប៉ុន្តែ គេមិនទាន់បានរកឃើញដុំពេជ្រដ៏ពិត​ប្រាកដ​នោះទេ ផ្ទុយទៅវិញ គេរកឃើញតែបំណែកកែវបែកតែប៉ុណ្ណោះ”។

សៀវភៅអត្ថាធិប្បាយព្រះគម្ពីរល្អបំផុត គឺព្រះគម្ពីរផ្ទាល់តែម្តង។  ក៏ប៉ុន្តែ ក្បួនណែនាំព្រះគម្ពីរ វចនានុក្រមព្រះគម្ពីរ និងសៀវភៅមគ្គទេសក៍ព្រះគម្ពីរ អាចជួយយើងឲ្យយល់កាន់តែច្បាស់ អំពីផ្ទៃរឿងនៃព្រះគម្ពីរ ទំនៀមទម្លាប់ និងប្រវត្តិសាស្រ្ត​។ សូមប្រឹក្សាអំពីអ្វីដែលអ្នកត្រូវការ តែត្រូវប្រយ័ត្ន កុំចំណាយពេលវែកញែកអំពីព្រះគម្ពីរខ្លាំងពេក ដោយគ្មានការងាកបែរទៅរកព្រះបន្ទូលរបស់ព្រះ សម្រាប់ខ្លួនអ្នកផ្ទាល់។

ចុងក្រោយ ការសិក្សាព្រះបន្ទូលព្រះ ត្រូវតែនាំឲ្យមាន ការអនុវត្តន៍​ សម្រាប់ជីវិតរស់​នៅរបស់អ្នកផ្ទាល់។ អ្នកមិនទាន់រៀនចប់​សព្វគ្រប់ទេ​ លុះត្រាតែសេចក្តី​ពិត​ដែលអ្នក​បានសិក្សានោះ ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក។ សូមភ្ជាប់ព្រះគម្ពីរ ទៅក្នុងគ្រប់ផ្នែកនៃជីវិតរបស់អ្នក ដូចជា ភាព​ខ្លាំង ភាពកំសោយ អត្តចរិត និងសកម្មភាពរបស់អ្នក។ តើព្រះបន្ទូលនេះចែងដូចម្ដេចអំពីអ្នក ក្នុងនាមអ្នកជាឪពុកម្តាយ ឬជាកូន ជាប្តី ឬជាប្រពន្ធ ជាមិត្តភក្ដិ ឬជាអ្នកជិតខាង ជាបុគ្គលិក ឬជានិយោជក?

លោកយ៉ាកុបប្រាប់យើងថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ” (យ៉ាកុប ១:២២)។ ចូរស្តាប់បង្គាប់ព្រះបន្ទូល តាមរយៈការជញ្ជឹងគិតប្រកបដោយអធិស្ឋាន និង​ដោយមានបំណងចិត្តចង់យល់ដឹងកាន់តែច្បាស់ ព្រមទាំងយកព្រះបន្ទូលមកអនុវត្តផង។

ការសង្កេត និងការកាត់ស្រាយ​ ព្រមទាំងការអនុវត្តន៍ គឺជាជំហានដ៏សាមញ្ញទាំងបី ដែលជាកូនសោរ​​ បើកទ្វារ​ឲ្យមានការសិក្សាព្រះគម្ពីរដោយរីករាយ!

ការជញ្ជឹងគិត

  • តើអ្នកមានវិធីសាស្រ្តដែលសាមញ្ញ និងងាយស្រួលដើម្បីអនុវត្ត ក្នុងការសិក្សាព្រះបន្ទូលព្រះដែរឬទេ? តើអ្នកប្រើវិធី​សាស្រ្តអ្វីដែរ? តើវិធីសាស្រ្តនោះអាចជួយអ្នក ឲ្យអនុត្តព្រះបន្ទូលព្រះសម្រាប់ជីវិតអ្នកបានដែរឬទេ?

ការអនុវត្តន៍

  • កុំគ្រាន់តែអានព្រះគម្ពីរ។ បន្ទាប់ពីអ្នកអានព្រះគម្ពីរចប់ ចូរពិចារណាព្រះបន្ទូលព្រះ ហើយត្រិះរិះយ៉ាងល្អិតល្អន់ ឲ្យ​បានពីរ​បី​នាទី។ ចូរសួរ និងពិនិត្យ ដូចតទៅៈ តើបទគម្ពីរនេះបង្រៀនអំពីអ្វី? តើមានន័យយ៉ាងណា? តើខ្ញុំត្រូវអនុវត្ត​បទ​​គម្ពីរ​នេះ​យ៉ាងដូចម្តេច?

ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/