ការចងចាំព្រះបន្ទូល

ការដាស់តឿនៈ អ្នកដឹក​នាំខ្លះ​បានយល់​ឃើញថា ការ​ដែល​គ្រាន់​តែទន្ទេញចងចាំបទគម្ពីរ អាចនាំឲ្យមានគ្រោះថ្នាក់សម្រាប់​សុខភាពខាង​វិញ្ញាណរបស់អ្នក

មានពេលមួយ លោក ដូវសាន់ ត្រត់ម៉ែន (Dowson Trotman) ដែលជាស្ថាបនិកអង្គការនេវិហ្គេតទ័រ (The Navigators) បាន​សួរ​​បុរស​វ័យក្មេងម្នាក់ ថាតើគាត់ស្គាល់ព្រះបន្ទូលព្រះច្រើនប៉ុណ្ណា។ អ្នកបម្រើ​ផ្នែកសេវាម្នាក់នោះបាន​ឆ្លើយថា ខ្ញុំចង​ចាំបទ​គម្ពីរ​បានចំនួន​១៥០០ខ។

លោក ត្រត់ម៉ែន បានសួរដោយមិនជឿ ទៅវិញថា “អ្នកចង់និយាយថា អ្នកអាច​សូត្រ១៥០០​ខគម្ពីរ​​​ មកប្រាប់​ខ្ញុំ​​ឥឡូវនេះមែនទេ?”

បុរសនោះបានឆ្លើយតបដោយអំនួតថា “ពិតមែនហើយ។” រួច លោកត្រត់ម៉ែន ក៏បានតប​ទៅ​វិញថា “ខ្ញុំចង់​ឲ្យអ្នក​លើក​ឡើងត្រឹមតែប្រាំខប៉ុណ្ណោះ ប៉ុន្តែ ត្រូវ​ប្រព្រឹត្តតាមខទាំងនោះផងទៅ!”​ បុរសវ័យក្មេងម្នាក់នេះមាន​ចំណេះ​ដឹង ​បានត្រឹម​តែ​ក្នុងគំនិត(ក្បាល)​ប៉ុណ្ណោះ តែមិនមានការអនុវត្តន៍នៅក្នុងចិត្តទេ។

ច្រើនឆ្នាំកន្លងទៅ មានសង្ឃកាតូលីកមួយ​អង្គ ដែលនៅឯភូមិមួយ ក្នុងទីក្រុង​កាឡូណូវាកា (Kalonovaka) ប្រទេសរុស្ស៊ី។ គាត់ពេញចិត្ត​ជាពិសេស ចំពោះ​ក្មេង​ប្រុសច្រមុះកន្ធឹប ដែលសូត្របទគម្ពីរ​យ៉ាងត្រឹមត្រូវ និង​ប្រកបដោយការគោរព។ តាម​រយៈ​ការលើក​ទឹក​ចិត្តផ្សេងៗ សង្ឃនោះបានរៀបចំបង្រៀន​គម្ពីរ​ដំណឹងល្អទាំង​បួន ដល់ក្មេងប្រុសម្នាក់នោះ។ គាត់បានឲ្យ​ក្មេងប្រុសនោះ ខិតខំទន្ទេញពេញ​មួយថ្ងៃ ក្នុង​វិហារ ដោយមិនឈប់សោះ។

ប្រមាណជាហុកសិបឆ្នាំក្រោយមក បុរសដែលពីមុន​ជា​ក្មេងប្រុស​នោះ នៅតែចូលចិត្តការទន្ទេញបទគម្ពីរ ប៉ុន្តែ ក្នុងបរិបទមួយផ្សេង ដែលបាន​ធ្វើ​ឲ្យ​សង្ឃ​វ័យ​ចំណាស់នេះ មាន​ការ​ភិតភ័យ។ សិស្សដែលទទួលរង្វាន់ ពីការទន្ទេញខគម្ពីរបានច្រើន​ជាងគេនោះ មាន​ឈ្មោះ​ នីគីតា ខ្រុសឆិវ (Nikita Khrushchev) ដែល​ជា​អតីតនាយករដ្ឋមន្ត្រីសហភាពសូវៀត!

លោក​​ ចន ដាប់ប៊ែលយូ អាឡិចសាន់ឌើរ (John W. Alexander) ដែលជាប្រធានសមាគន៍​គ្រីស្ទបរិស័ទ​មួយ ដែល​ត្រូវ​បាន​ហៅថា [InterVarsity Christian Fellowship] បានក្រឿន​រំឭកថា “​មាន​ប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ​ ចេញពីការទន្ទេញ​បទ​គម្ពីរ។ មាន​អ្នក​ខ្លះអាច​ទន្ទេញបទគម្ពីរបាន​ច្រើន ប៉ុន្តែ នៅតែមិនជឿ​ព្រះក៏មាន។ សាតាំងបានចងចាំព្រះ​បន្ទូល​ល្មម​យកទៅល្បួងព្រះយេស៊ូវបាន”។

ទោះជាយ៉ាងនោះក្តី លោកអាឡិចសាន់ឌើរ (Alexander) បានបន្តទៀតថា “ការចងចាំព្រះបន្ទូលមានប្រយោជន៍​នៅ​ពេល​ដែល​យើង​​ស្រេកឃ្លានព្រះបន្ទូល ដើម្បីធ្វើឲ្យជីវិតយើងមានកម្លាំងឡើង”។ ការដាស់តឿនៈ អ្នក​ដឹក​នាំ​ជំនាន់​មុនខ្លះ​ទៀត​ ក៏​ថ្លែងដែរថា ការ​ទន្ទេញព្រះបន្ទូលព្រះ អាចជំរុញឲ្យជីវិតខាងវិញ្ញាណ​របស់អ្នក កាន់តែ​មាន​​ភាពខ្លាំងក្លាផងដែរ។

តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នា រវាងការទន្ទេញចាំព្រះបន្ទូលដោយសើៗ និងការ​ទន្ទេញ​ចាំដោយមានប្រយោជន៍? ខ្ញុំជឿថាវា​ជា​ការជញ្ជឹងគិត ដែលពេញដោយការអធិស្ឋាន

ការទន្ទេញចាំព្រះបន្ទូល អាចដុសខាត់យើង ឲ្យកាន់​តែមានប្រាជ្ញាថែមទៀត ប៉ុន្តែ បានតែត្រឹមប៉ុណ្ណឹង។ ការចងចាំដោយ​មាន​ការជញ្ជឹងគិត ទើបជួយយើងឲ្យពិចារណាត្រង់ផ្លូវ នៅ​ក្នុងលោកិយដែលបត់បែននេះ។

ព្រះគម្ពីរចែងថា “មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ” (ភីលីព ៤:៨)។

តើយើងអាចគិតដល់អ្វីដែលបរិសុទ្ធ បានដោយរបៀបណា ខណៈដែលយើងកំពុងប្រឈមមុខនឹងភាពមិន​បរិសុទ្ធ ជារាល់​ថ្ងៃ​? គឺតាមរយៈការជញ្ជឹងគិត ដោយបំណងចិត្តច្បាស់លាស់ ចំពោះព្រះបន្ទូលព្រះ។

យើងមិនអាចអានព្រះគម្ពីរ​ពេញ​មួយថ្ងៃទេ ប៉ុន្តែ យើងអាចជញ្ជឹងគិតបទគម្ពីរបានជា​និច្ច បើសិនជាយើង​ចង​ចាំ​បទគម្ពីរទាំងនោះ។ ការស្រាវជ្រាវបង្ហាញថា ក្រោយរយៈពេលម្ភៃបួនម៉ោង យើងអាចចងចាំអំពី​អ្វី​ដែលយើងឮបាន៥% ហើយ​ចងចាំអំពី​អ្វីដែលយើងអានបាន១៥% ហើយ​ចងចាំអំពី​អ្វីដែល​យើង​សិក្សាបាន៣៥% ក៏ប៉ុន្តែ យើង​អាច​ចងចាំអំពីអ្វីដែលយើងទន្ទេញ បាន​ដល់​ទៅ១០០%។

ខ្ញុំសូមផ្ដល់​ជូន​នូវវិធីសាស្រ្ត ​ចំនួនប្រាំប្រការ សម្រាប់ការទន្ទេញខគម្ពីរឲ្យចាំ។ ខ្ញុំគិតថា ប្រការទាំងនេះ នឹង​អាចជា​ជំនួយ​ដល់អ្នក។

១. អានខគម្ពីរឲ្យឮៗ យ៉ាងហោចណាស់ដប់ដង។

២. សរសេរចុះក្នុងកាត ទំហំ ៣ x ៥ សង់ទីម៉ែត្រ ដោយពិចារណាអំពីពាក្យនីមួយៗ។

៣. ហាត់ដក​ស្រង់​ខគម្ពីរ​ ដោយសូត្រម្ដងហើយ​ម្ដងទៀត (មកទល់​ពេលនេះ ប្រហែលជាងាយស្រួលជាង​មុន)។

៤. ជញ្ជឹងគិតព្រះបន្ទូលនោះពេញមួយថ្ងៃ ហើយរំឭឡើងវិញ នៅថ្ងៃបន្តបន្ទាប់។

៥. ចែកចាយខគម្ពីរនោះ ជាមួយអ្នកដទៃ ខណៈដែលអ្នកមានការសន្ទនាជាមួយគ្នា។

ខ្ញុំសូមលើកទឹកចិត្តអ្នកយ៉ាង​មុះមុត ឲ្យចាប់ផ្តើមទន្ទេញបទគម្ពីរ និងជញ្ជឹងគិតបទគម្ពីរនោះ។ ប៉ុន្តែ ខ្ញុំសូមរំឭកអ្នកថា ការនោះអាចផ្លាស់ប្រែជីវិតអ្នកបាន!

ការជញ្ជឹងគិត

  • នៅពេលណាដែលជីវិតអ្នកធ្លាក់ចុះ តើអ្នកមានទំនោរគិតអំពីអ្វី? តើអ្នកធ្លាប់មានគំនិតស្រើបស្រាល ការថប់បារម្ភ អំនួត ឬការច្រណែនដែរទេ?
  • តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកបាន​ទន្ទេញព្រះបន្ទូលព្រះ ចាំទុក​នៅក្នុងចិត្តរបស់អ្នក?

ការអនុវត្តន៍

  • ប្រសិនបើអ្នកមិនទាន់មានផែនការ ក្នុងការទន្ទេញព្រះបន្ទូលទេ នោះសូមចាប់ផ្តើមស្វែងយល់បន្ត​ទៀត​ នៅក្នុង ទម្លាប់ទី១៣។

ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/