សេចក្តី​អធិស្ឋាន​ដែល​ស្រប​និង​ព្រះ​ហឫ​ទ័យ​ព្រះ

តើ​ព្រះ​បន្ទូល​សន្យា​ណា​ខ្លះ ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ? តើ​ជា​សេចក្តី​សន្យា អំពី​កំលាំង? អំពី​សេចក្តី​ក្លាហាន?​ ឬ​អំពី​សុវត្ថិភាព?

ខ្ញុំ​សូម​ចែក​ចាយ​នូវ​ព្រះ​បន្ទូល​សន្យា​មួយ ដែល​ខ្ញុំ​ពេញ​ចិត្ត ដែល​បាន​ចែង​ថា: យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​​​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម  បើ​យើង​ដឹង​ថា ទ្រង់​ទទួល​​​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ ” (១យ៉ូហាន៥:១៤-១៥)។

សូម​ពិចារណា​អំពី​បទ​គម្ពីរ​នេះ​ចុះ! ព្រះ​ទ្រង់​បាន​ឲ្យ​គេ​កត់​ទុក​ព្រះ​បន្ទូល​ទ្រង់ ដែល​បាន​ចែង​ថា អ្វី​ក៏​ដោយ​ដែលយើង​ទូល​សូម ត្រូវ​តាម​ព្រះ​ហឫ​ទ័យ​ទ្រង់ ទ្រង់​និង​ប្រទាន​ដល់​យើង!

អ្នក​ប្រហែល​ជា​និយាយ​ថា: “ល្វីស (Luis) នៅ​មាន​បញ្ហា​មួយ​ទៀត”។ “​ខ្ញុំ​មិន​ស្គាល់​ព្រះ​ហឫទ័យ​ព្រះ​ទេ។ តើ​សេចក្តី​សន្យា​នេះ​ល្អ​យ៉ាង​ម៉េច​កើត បើខ្ញុំ​បាន​ត្រឹម​តែ​អាច​ស្មាន​អំពី​ព្រះ​ហឫ​ទ័យ​ទ្រង់​នោះ?”

សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះ​ទ្រង់​បាន​សំដែង​ចេញ​ព្រះ​ហឫ​ទ័យ​ទ្រង់​ជា​ច្រើន នៅ​ក្នុង​ព្រះ​គម្ពីរ។ តាម​រយៈ​ការ​យល់​ដឹង​អំពី​ព្រះ​បន្ទូល​ព្រះ​កាន់​តែ​​ច្បាស់ អ្នក​នឹង​រៀន​បាន​ច្រើន អំពី​ព្រះ​ហឫ​ទ័យ​ ដែល​ទ្រង់​មាន​ សម្រាប់​ជីវិត​អ្នក។ ទ្រង់មិន​បាន​លាក់​ព្រះ​ហឫ​ទ័យ​ទ្រង់​នោះ​ទេ តែ​ទ្រង់​បាន​សំដែង​ចេញ​ព្រះ​ទ័យ​ទ្រង់ ឲ្យ​មនុស្ស​បាន​ស្គាល់ និង​កត់​ត្រា​ទុក! ចូរយើង​កុំ​ប៉ាន់​ស្មាន​ព្រះ​ហឫ​ទ័យ​គ្រប់​គ្រង​របស់​ទ្រង់ សម្រាប់​ថ្ងៃ​ស្អែក​ឡើយ ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​ផ្តោត​លើ​ការ​ស្តាប់​បង្គាប់តាម​ព្រះ​ហឫ​ទ័យ​ ដែល​ទ្រង់​បាន​សម្តែង​ឡើង សម្រាប់​ថ្ងៃ​នេះ​វិញ។ បទ​គម្ពី​រ ១យ៉ូហាន ៥:១៤-១៥ សន្យា​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​នូវ​អ្វី ដែល​យើង​ទូល​សូម ដើម្បី​យើង​អាច​ធ្វើ​តាម​ព្រះ​ហឫ​ទ័យ​ទ្រង់។ ការ​នេះ​រួម​បញ្ចូល​ទាំង​ប្រាជ្ញា (យ៉ាកុប ១:៥) និង​កម្លាំង​មក​ពី​ទ្រង់​(អេសាយ ៤០:២៩-៣១)។

បើ​អ្នក​មិន​ប្រាកដ​ថា ការ​ទូល​សូម​របស់​អ្នក ស្រប​នឹង​បំណង​ព្រះ​ហឫ​ទ័យ​ទ្រង់​ឬ​អត់ នោះ​ចូរ​ទូល​សួរ​ទ្រង់ ដ្បិត​ទ្រង់អាច​មាន​បន្ទូល​ប្រាប់​អ្នក។ កុំ​បារម្ភ​ខ្លាច​និយាយ​ខុស នៅ​ក្នុង​ការ​អធិស្ឋាន​នោះ​ឡើយ។ តើ​អ្នក​គិត​ថា​អំណាច​គ្រប់​គ្រង​របស់​ព្រះ នឹង​ត្រូវ​រលាយ​បាត់ ដោយ​ព្រោះ​តែ​កូន​របស់​ទ្រង់​តែ​ម្នាក់ មាន​កំហុស​នៅ​ពេល​អធិស្ឋាន​ឬ? តើ​ការ​ដែល​មិន​អធិស្ឋានទាល់​តែ​សោះ នោះ​មិន​មែន​ជា​កំហុស​ដ៏​ធំ​ទេ​ឬ​អី?

ប្រសិន​បើ​ព្រះ​ទ្រង់​ឆ្លើយ​តប​ថា “ទេ” ចំពោះ​សេចក្តី​សំណូម​របស់​អ្នក នោះ​ព្រះ​អម្ចាស់​ទ្រង់ នឹង​ឆ្លើយ​បញ្ជាក់  តាម​រយៈ​ការ​ធ្វើ​បន្ទាល់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​មិន​ខាន។​ បើ​អ្នក​ដើរ​ជា​មួយ​ព្រះ​អម្ចាស់ ហើយ​ជីវិត​អ្នក​មាន​ការ​អធិស្ឋាន​ខ្ជាប់​ខ្ជួន នោះ​អ្នក​នឹង​ងាយ​ស្រួល​ទទួល​ការ​ប៉ះពាល់​ចិត្ត​ពី​ព្រះ​វរបិតា និង​ងាយ​ឆ្លើយ​តប​ចំពោះ​ទ្រង់​វិញ​ផង​ដែរ។

ប្រសិន​បើ​ព្រះ​អង្គ​មាន​បន្ទូល​មក​កាន់​អ្នក​ ដោយ​ស្រទន់​ថា “ទេ” ចំពោះ​អ្វី​ដែល​អ្នក​ទូល​សូម នោះ​ទ្រង់​ប្រាកដ​ជា​មាន​អ្វី​ដែល​ប្រសើរ​ជាង​នេះ បំរុង​ទុក​សម្រាប់​អ្នក​ហើយ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា:  “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះ​​វរ​បិតា​នៃ​អ្នកដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​​ដែល​សូម តើ​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត!”(ម៉ាថាយ៧:១១)។ បើ​យើង​ទូល​សូម​ដុំ​ថ្ម​ដែល​គ្មាន​តម្លៃ នោះ​ទ្រង់​មាន​បន្ទូលថា “ទេ” ហើយ​ផ្ទុយ​ទៅ​វិញ​ទ្រង់​នឹង​ប្រទាន​នំប៉័ង​ ដ៏​មាន​ជីវជាតិ​ដល់​យើង។ ព្រះ​ទ្រង់​តែង​តែ​ប្រទាន​អ្វី​ដែល​ល្អ​ដល់​យើង។

យើង​អាច​ចាប់​ផ្តើម​ពិសោធ​នូវ​ចិត្ត​ឆេះ​ឆួល ​ក្តី​អំណរ និង​ការ​រំភើប ក្នុង​ជីរិត​ជា​គ្រីស្ទ​បរិស័ទ ទាល់​តែ​​សេចក្តី​សន្យា​របស់​ព្រះបាន​សម្រេច​ក្នុង​ជីវិត​យើង តាម​រយៈ​សេចក្តី​អធិ​ស្ឋាន។​

ខាង​ក្រោម​នេះ  ខ្ញុំ​សូម​បង្ហាញ​នូវ​ព្រះបន្ទូល​សន្យាជា​ច្រើន ដែល​មាន​ន័យ​យ៉ាង​ជ្រាល​ជ្រៅ សម្រាប់​ជីវិត​ខ្ញុំ ជា​ពិសេស​។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក ឲ្យ​យក​ព្រះបន្ទូល​សន្យា​ទាំង​នោះ ទុក​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ជីវិត​អ្នក។

  • “ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត”​(ទំនុកដំកើង ៣:៧៤)។
  • “ព្រះយេហូវ៉ា​នឹង​រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ព្រលឹង​របស់​អ្នក ឯ​ដំណើរ​​​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ”​(ទំនុកដំកើង ១២១:៧-៨)។
  • “ ព្រះនាម​ព្រះយេហូវ៉ា ជាប់​ប៉ម​មាំមួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​​សុខ” (សុភាសិត១៨:១០)។
  • “​ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្តី​នោះ​នឹង​​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន ” (យ៉ូហាន ១៥:៧)។

ការជញ្ជឹងគិត

  • ក្នុង​នាម​ជា​កូន​ព្រះ តើ​ព្រះ​មាន​បំណង​ព្រះ​ហឫ​ទ័យ​យ៉ាង​ណា ចំពោះ​អ្នក? តើ​អ្នក​ដឹង​អំពី​បំណង​ព្រះ​ទ័យ​ទ្រង់ ដោយ​របៀប​ណា? តើ​អ្នក​មាន​ការ​ប្តូរ​ផ្តាច់​យ៉ាង​ណា ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫ​ទ័យ​ព្រះ?

ការអនុវត្តន៍

  • តើ​អ្នក​ចូល​ចិត្ត​ព្រះ​បន្ទូល​សន្យា​ណា​ជាង​គេ? សូម​ចំណាយ​ពេល​មួយ​នាទី​ ដើម្បី​រំឭក​ព្រះ​បន្ទូល​សន្យា​នោះ បន្ទាប់​មក​ទទួល​ព្រះ​បន្ទូល​សន្យា​នោះ ដោយ​ផ្ទាល់​ខ្លួន ហើយ​ដាក់​ជា​សេចក្តី​អធិស្ឋាន ទៅ​ចំពោះ​ព្រះ​បិតា​នៃ​ស្ថាន​សួគ៌។

ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/