ការ​អធិស្ឋាន​ដែល​ព្រះ​ឆ្លើយ​តប

ព្រះ​អម្ចាស់​បាន​ប្រើ​លោក ឌីអិល មូឌី (D.L. Moody) ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ល្បី​ល្បាញ ក្នុង​សតវត្សរ៍​ទី​១៩ ដើម្បី​ជួយ​នាំ​មនុស្ស​នៅ​ក្នុង​ពីរ​ទ្វីប ឲ្យ​បាន​ប្រែ​ចិត្ត។ លោក​បាន​ធ្វើ​ដំណើរ​ប្រហែល​ជា​ជាង​មួយ​លាន​គីឡូម៉ែត្រ ហើយ​បាន​អធិប្បាយ​ អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ទៅ​កាន់​មនុស្ស​ជាង​មួយ​រយ​លាន​នាក់!

តើ​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​លោក​មូឌី អាច​មាន​ភាព​លេច​ធ្លោ ក្នុង​នាម​ជា​មនុស្ស​របស់​ព្រះ ដែល​បាន​ឈោង​ចាប់​មនុស្ស​ជា​ច្រើន ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង? គាត់​ជា​មនុស្ស​ដែល​ពេញ ដោយ​សេចក្តី​ជំនឿ។​ គាត់​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្អាត​ស្អំ បរិសុទ្ធ។ ហើយ​គាត់​ជា​មនុស្ស​ដែល​ពេញ​ដោយ​ការ​អធិស្ឋាន។ លោក មូឌី (Moody) បានទូល​សូម​ឲ្យ​ព្រះ​រើ​ភ្នំ​ដែល​ជា​ចិត្ត​មិន​ជឿ​ព្រះ ​ពី​ក្នុង​ព្រលឹង​របស់​បុរស និង​ស្ត្រី​ យុវជន និង​កុមារ នៅ​តំបន់​ទាំង​នោះ ហើយ​ព្រះទ្រង់​ក៏​ឆ្លើយ​តប!

លោក មូឌី (Moody) បាន​មាន​ប្រសាសន៍​ថា “សេចក្តី​អធិស្ឋាន​របស់​អ្នក​ខ្លះ​ ត្រូវ​កាត់​ឲ្យ​ខ្លី ​ទាំង​ផ្នែក​ខាង​ដើម និងចុង​បញ្ចប់ ហើយ​ផ្នែក​កណ្តាល ត្រូវ​មាន​ការ​ដុត​បញ្ឆេះ”។

តើ​សេចក្តី​អធិស្ឋាន​របស់​អ្នក មាន​ការ​ដុត​បញ្ឆេះ​ដែរ​ឬ​ទេ? តើ​សេចក្តី​អធិស្ឋាន​ទាំង​នោះ ឮ​ដល់​ព្រះ​កាណ៍​ទ្រង់​ដែរឬ​ទេ? តើ​សេចក្តី​អធិស្ឋាន​ទាំង​នោះ អាច​ប៉ះ​ពាល់​ចិត្ត​មនុស្ស​ឬ​ទេ?

ខ្ញុំ​សូម​ចែក​ចាយ​ដោយ​សង្ខេប អំពី​សេចក្តី​អធិស្ឋាន​បែប​ណា ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ឆ្លើយ​តប។ ប្រសិន​បើ​អ្នក​ចង់​អនុវត្ត​តាម​គោល​ការណ៍​នេះ អស់​ពី​ចិត្ត នោះ​សូម​រង់​ចាំ​មើល ព្រះ​ទ្រង់​បញ្ឆេះ​សេចក្តី​អធិស្ឋាន​របស់​អ្នក!

ទីមួយ យើង​ត្រូវ ជឿ ។ តើ​អ្នក​ជឿ​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ ហើយ​អាច​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​របស់​អ្នក​ដែរឬ​ទេ? នោះ​អ្នក​និយាយ​ថា “ខ្ញុំ​ជឿ​ជាក់​ទ្រង់​ប្រាកដ​ជា​អាច”។ “ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ទ្រង់​សព្វ​ព្រះ​ទ័យ​ឆ្លើយ​តប​ឬ​អត់​ទេ”។  បទ​គម្ពីរ​ហេព្រើរ ១១:៦ ចែង​ថា “តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់ ​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់”។

ការ​ដែល​មិន​អធិស្ឋាន គឺ​ជា​បញ្ហា ប៉ុន្តែ បញ្ហា​ដែល​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ការ​មិន​ជឿ។ មាន​គ្រីស្ទ​បរិស័ទ​ជាច្រើន ​ដែល​មិន​ជឿ​ថា​ ព្រះ​ពិត​ជា​អាច​យល់​ព្រម ចំពោះ​ការ​ទូល​សូម​របស់​ពួក​គេ​ទេ។ ជា​ការ​ពិត​ណាស់ សេចក្តី​អធិស្ឋាន​របស់​ពួក​គេ​ខ្វះ​ភ្លើង​បញ្ឆេះ! ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ថា ​ព្រះ​ជា​ម្ចាស់​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន ដែល​ទូល​ថ្វាយ​ដល់​ទ្រង់​ដោយ​ចិត្ត​ជឿ។

ទីពីរ យើង​ត្រូ​វតែ ទូល​សូម ។  “អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន តែ​មិន​បាន​ទេ ពី​ព្រោះ​មិន​សូម” (យ៉ាកុប៤:២)។ តើអ្នក​ចង​ចាំ​រឿង អំពី​បុរស​ខ្វាក់​ម្នាក់ នៅ​ក្នុង​បទ​គម្ពីរ ម៉ាកុស ជំពូក ១០ទេ? គាត់​មាន​សេចក្តី​រំភើប​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​បាន​ជួប​ព្រះ​យេស៊ូវ។ ពេល​នោះ ព្រះ​យេស៊ូវ​បាន​សួរ​គាត់​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” ព្រះ​យេស៊ូវ​ចង់​ឲ្យ​ពួក​គេ​ទូល​សូមដល់​ទ្រង់! ព្រះ​ទ្រង់ សព្វ​ព្រះ​ទ័យ​បង្ហូរ​ព្រះ​ពរ​ដល់​យើង ​ដោយ​យើង​គ្រាន់​តែ​ទូល​សូម​ទ្រង់​ប៉ុណ្ណោះ។

បុរស​ខ្វាក់​បាន​ទូល​ទ្រង់​ដោយ​ត្រង់​ៗ​ថា  ​“លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង”។ គាត់មិន​បាន​ទូល​សូម​បញ្ឆិត​បញ្ឆៀង ដូច​ដែល​យើង​ធ្វើ​ជា​ញឹក​ញាប់​នោះ​ទេ។ យើង​ព្យាយាម​មួល​ពន្លាត​ព្រះ​ហស្រ្ត​ទ្រង់ ដោយ​សេចក្តី សំណូម និង​ការ​ពន្យល់ ដ៏​វែង ហើយ​លម្អិត។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​កាត់​ពាក្យ​ពេចន៍​ដែល​វែង​អន្លាយ​ចោល ហើយ​និយាយ​ឲ្យ​ចំ​ចំណុច។ នោះ​សេចក្តី​អធិស្ឋាន​របស់​យើង នឹង​បង្កើត​ជា​អណ្តាត​ភ្លើង​ឡើង។

ទីបី យើងត្រូវ លន់តួបាប ។ អ្នកនិពន្ធទំនុកដំកើងបានសរសេរថា “បើ​សិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្តី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះអម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ”(ទំនុកដំកើង ៦៦:១៨)។ អំពើ​បាប​ពន្លត់​អណ្តាត​ភ្លើង​នៃ​សេចក្តី​អធិស្ឋាន។ អំពើ​បាប​ដែល​គ្មាន​ការ​លន់​តួ អាច​ពន្លត់​សេចក្តី​អធិស្ឋាន​លើស​ ពី​ការ​ដែល​យើង​គិត​ទៅ​ទៀត។

ស្តេច​សូល​បាន​ថប់​បារម្ភ នៅ​ពេល​ទ្រង់​បាន​ដឹង​ខ្លួន​ថា តទៅ​នេះ​រហូត​ដល់​អស់​ជីវិត ព្រះ​ទ្រង់​នឹង​មិន​ឆ្លើយ​តប​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​ទ្រង់​ឡើយ​(១សាំយូអែល២៨:៦)។ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អំពើ​បាប​ ដែល​មិន​បាន​លន់តួ សាងសង់​រនាំង កាត់​ផ្តាច់​ទ្រង់ ចេញ​ពី​ព្រះ​អម្ចាស់។ តើ​មាន​អ្វី​នៅ​កណ្តាល​រវាង​អ្នក ​និង​ព្រះ​ទេ? ​បើ​មាន​មែន ចូរ​លន់​តួ​អំពើ​បាប​របស់​អ្នក ហើយ​ពិសោធ​នូវ​ការ​កែ​ជា​ថ្មី​របស់​ព្រះ ក្នុង​ជីវិត​អ្នក​ឡើង​វិញ​ចុះ។

រៀង​រាល់​ពេល មុន​ចាប់​ផ្តើម​យុទ្ធនា​ការ​ផ្សាយ​ដំណឹង​ល្អ លោក មូឌី (Moody) តែង​តែ​ជំរុញ​ចិត្ត​រាស្រ្ត​របស់​ព្រះ ឲ្យ​អធិស្ឋាន។ ​អណ្តាត​ភ្លើង​នៃ​ការ​ផុស​ផល ដែល​បាន​កើត​មាន​ឡើង នៅ​តាម​ទីក្រុង​ជា​ច្រើន គឺ​មិន​មែនឆេះ​ឡើង​ ដោយសារតែ​លោក មូឌី (Moody)ម្នាក់​ឯង​នោះ​ទេ។​ ភ្លើង​ទាំង​នោះ​បាន​បញ្ឆេះ​ឡើង តាម​រយៈ​សេចក្តី​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​សាមញ្ញ​ៗ ​ដែល​ជឿ​លើ​ព្រះ ដែល​បាន​លន់​តួ​អំពើ​បាប​របស់​ពួក​គេ បន្ទាប់​មក​ថ្វាយ​សេចក្តី​អធិស្ឋាន ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឆ្លើយ​តប។

ការជញ្ជឹងគិត

  • តើ​អ្នក​យល់​ថា វា​ជា​ការ​ងាយ​ស្រួល ឬ​លំបាក​ក្នុង​ការ​ជឿ​ថា ព្រះ​ស្តាប់​ឮ ហើយ​រីក​រាយ​នឹង​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​របស់​អ្នក? ហេតុ​អ្វី​បាន​ជា​អ្នក​គិត​ដូច​នេះ?

ការអនុវត្តន៍

  • តើ​អ្នក​ធ្លាប់​ទទួល​ការ​ឆ្លើយ​តប ចំពោះ​សេចក្តី​អធិស្ឋាន​របស់​អ្នក​ទេ? ​តើ​អ្នក​បាន​ទូល​សូម​អ្វី​ពី​ព្រះ ហើយ​ទ្រង់​ឆ្លើយ​តបដោយ​របៀប​ណា? សូម​ចំណាយ​ពេល​មួយ ឬ​ពីរ​នាទី កត់​ត្រា​អំពី​គ្រប់​ទាំង​ការ​ឆ្លើយ​តប​ដ៏​ជាក់​លាក់​របស់​ព្រះ ចំពោះ​សេចក្តី​អធិស្ឋាន​របស់​អ្នក ដែល​អ្នក​អាច​នៅ​ចាំ។

ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/