ការអធិស្ឋានដោយក្តីរំពឹង និងការអរព្រះគុណ
អ្នកប្រហែលជាឆ្ងល់ថា តើខ្ញុំនិងនិយាយអំពីទម្លាប់ល្អផ្សេងទៀតទេ ក្រៅពីអ្វីដែលទាក់ទងនឹងការអធិស្ឋាន? ខ្ញុំនឹងនិយាយ! ប៉ុន្តែ ខ្ញុំមានការបន្ទាន់ចង់និយាយ អំពីសារៈសំខាន់ និងសេចក្តីអំណរ ក្នុងការអនុវត្តតាមសេចក្តីអធិស្ឋាន ជាប្រចាំថ្ងៃ និងខ្ជាប់ខ្ជួន ហើយមានប្រសិទ្ធភាព។
គួរឲ្យកត់សំគាល់ថា “ បើខ្ញុំចង់ឲ្យនរណាម្នាក់បន្ទាបខ្លួន ខ្ញុំនឹងសួរ អំពីសេចក្តីអធិស្ឋានរបស់គាត់។ ខ្ញុំមិនដឹងថាមានអ្វីដែលអាចប្រៀបនឹងប្រធានបទនេះបានទេ ព្រោះការអធិស្ឋានជាការសារភាពអំពើបាប ដោយការសោកស្តាយ”។
រឿងចុងក្រោយដែលខ្ញុំចង់ធ្វើ គឺធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាខ្លួនមានកំហុស ដោយសារមិនបានអធិស្ឋាន។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកពិសោធនូវសេចក្តីអំណរ ក្នុងដំណើរជីវិតរបស់អ្នកជាគ្រីស្ទបរិស័ទ។ ហេតុនេះហើយ បានជាព្រះគម្ពីរបានលើកទឹកចិត្តយើងឲ្យអធិស្ឋាន។
ព្រះគម្ពីរចែងថា “ចូរព្យាយាមក្នុងសេចក្តីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ” (កូល៉ុស ៤:២)។ យើងគួរតែអធិស្ឋានទូលសូម ដោយរំពឹងថានឹងបាន ហើយក៏អរព្រះគុណទ្រង់ផង។ យើងអាចខកខានមិនបានអរសប្បាយ ពេលព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់យើង ប្រសិនបើយើងមិនបានប្រុងស្មារតី រង់ចាំមើលព្រះទ្រង់ឆ្លើយតបទេនោះ។
ខ្ញុំសូមលើកទឹកចិត្តអ្នក ឲ្យចាប់ផ្តើមមានសៀវភៅកត់ត្រាសេចក្តីអធិស្ឋានមួយ ជាមធ្យោបាយ ដើម្បីរង់ចាំការឆ្លើយតបរបស់ព្រះ ចំពោះសេចក្តីអធិស្ឋានរបស់អ្នក។ ការដាក់សៀវភៅកត់ត្រាការអធិស្ឋានតាមខ្លួន តែងតែជំរុញចិត្តខ្ញុំ ឲ្យអធិស្ឋានកាន់តែច្រើនឡើងៗ និងចំៗ ព្រមទាំងជួយរំឭកខ្ញុំ អំពីធាតុពិតរបស់ខ្ញុំ ក្នុងនាមជាកូនព្រះ។
ជាដំបូង ខ្ញុំសរសេរសេចក្តីសំណូមអធិស្ឋានរបស់ខ្ញុំ ក្នុងសៀវភៅកត់ត្រា ដោយមានកាលបរិច្ឆេទ នៃថ្ងៃដែលខ្ញុំចាប់ផ្តើមទូលសូម។ ប្រសិនបើសេចក្តីសំណូមណាមួយ បានហួសកាលបរិច្ឆេទ ដែលខ្ញុំបានរំពឹងទុកហើយ ខ្ញុំក៏កត់ត្រាទុកផងដែរ។ បន្ទាប់មកនៅប្រឡោះផ្សេងទៀត ខ្ញុំកត់ចុះនូវថ្ងៃដែលព្រះបានឆ្លើយតបសេចក្តីអធិស្ឋានរបស់ខ្ញុំ និងអ្វីដែលព្រះឆ្លើយតប។ ខ្ញុំពិតជារំភើបណាស់ ដែលបានមើលឃើញរបៀបដែលព្រះទ្រង់ធ្វើការ!
សៀវភៅកត់ត្រាសេចក្តីអធិស្ឋានរបស់ខ្ញុំ គឺជាទីរំឭក អំពីភាពស្មោះត្រង់របស់ព្រះវរបិតាដែលគង់នៃស្ថានសួគ៌។ នៅពេលដែលខ្ញុំជួបកាលៈទេសៈដ៏លំបាក ខ្ញុំក៏បានពិចារណា អំពីភាពស្មោះត្រង់របស់ព្រះ តាមរយៈការរំឭកឡើងវិញ អំពីរបៀបដែលព្រះបានធ្វើការក្នុងជីវិតខ្ញុំ ពីអតីតកាល។ បើគ្មានសៀវភៅកត់ត្រាទេ ខ្ញុំប្រហែលជាឆាប់ភ្លេចចម្លើយដ៏អស្ចារ្យដែលព្រះទ្រង់ មានចំពោះសេចក្តីអធិស្ឋានរបស់ខ្ញុំ ជាមិនខាន។
ដើម្បីចាប់ផ្តើមការកត់ត្រាផ្ទាល់ខ្លួនរបស់អ្នក អំពីការអធិស្ឋាន សូមបំពេញលំហាត់ អំពីការអធិស្ឋានដែលបានសង្ខេបនៅខាងក្រោម។ បន្ទាប់មក សូមអរសប្បាយ ខណៈពេលដែលអ្នកពិសោធ នឹងដំណោះស្រាយរបស់ព្រះ ក្នុងជីវិតរបស់អ្នក!
លំហាត់ក្នុងការអធិស្ឋាន
១. សូមគិតនូវចំណុចណា ក្នុងជីវិតអ្នក ដែលអ្នកពិតជាត្រូវការចម្លើយ សម្រាប់ការអធិស្ឋានរបស់អ្នក។
២. សូមសរសេរចំណុចនោះ ហើយដាក់កាលបរិច្ឆេទផង។ សូមបង្កើតសៀវភៅកត់ត្រាអំពីសេចក្តីអធិស្ឋាន។
៣. សូមសិក្សាបទគម្ពីរខាងក្រោមនេះ ដែលនិយាយអំពីសេចក្តីអធិស្ឋាន: ម៉ាថាយ ៧:៧-១១; ១៨:១៩-២០; ម៉ាកុស ១០:៤៦-៥២; យ៉ូហាន ១៦:២៤; រ៉ូម ៨:២៦-២៧; អេភេសូរ ៦:១០-២០; យ៉ាកុប ៥:១៦-១៨។
៤. ចូរទូលដល់ព្រះអម្ចាស់ អំពីសេចក្តីសំណូមរបស់ អ្នកដោយសាមញ្ញ និងច្បាស់ៗ។
៥. ចូរអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់នឹងឆ្លើយតបចំពោះសំណូមអធិស្ឋានរបស់អ្នក (ភីលីព ៤:៦)។
៦. ចូរកត់ត្រាអំពីការឆ្លើយតបរបស់ព្រះ នៅពេលដែលអ្នកទទួលបាន ហើយសរសើរដល់ព្រះសម្រាប់ការឆ្លើយតប (កូល៉ុស ៤:២)
៧. សូមបន្តអនុវត្តចំណុចខាងលើឡើងវិញ!
តើជីវិតនៃការអធិស្ឋានរបស់អ្នក មានលក្ខណៈយ៉ាងណាដែរ? អ្នកអាចទូលថ្វាយទ្រង់ នូវការលន់តួបាប ដោយការសោកស្តាយ។ អ្នកត្រូវថ្វាយសេចក្តីសំណូមរបស់អ្នក ដោយក្តីរំពឹងថានឹងបានការឆ្លើយតប និងដោយការអរព្រះគុណ។ ចូរប្រើសៀវភៅកត់ត្រាការអធិស្ឋាន ជាជំនួយ។ បន្ទាប់មក សូមចែកចាយដល់អ្នកដទៃ អំពីព្រះពរដែលអ្នកបានទទួល។ សូមធ្វើជាបន្ទាល់ដ៏រស់ថា ព្រះទ្រង់នៅតែឆ្លើយតបសេចក្តីអធិស្ឋានរបស់អ្នក!
ការជញ្ជឹងគិត
- សូមស្រមៃថា ទូរសព្ទ័របស់អ្នកបានរោទ៍ឡើង ហើយមានគេធ្វើការស្ទង់មតិថ្នាក់ជាតិមួយសួរ អ្នកតាមទូរស័ព្ទថា “តើអ្នកជឿថា ព្រះនៅតែឆ្លើយតបសំណូមអធិស្ឋានរបស់អ្នក នៅថ្ងៃនេះទេ? បើអ្នកជឿមែន តើអ្នកជឿការនោះដោយ ក. ជឿបន្តិចបន្តួច? ខ. ជឿដោយស្មោះត្រង់? គ. ជឿខ្លាំង? ” តើអ្នកនឹងឆ្លើយយ៉ាងណា?
ការអនុវត្តន៍
- បើអ្នកមិនទាន់មានសៀវភៅកត់ត្រាទេ សូមទិញមួយក្បាល នៅពេលអ្នកចេញក្រៅ។ បន្ទាប់មក សូមធ្វើតាមការណែនាំខាងលើ ដើម្បីចាប់ផ្តើមការកត់ត្រា អំពីសំណូមពរអធិស្ឋានរបស់អ្នក។ ហើយសូមកុំភ្លេចអរព្រះគុណព្រះ សម្រាប់ការឆ្លើយតបរបស់ទ្រង់!
ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/