ការ​អធិស្ឋាន​ដោយ​ក្តី​រំពឹង និង​ការ​អរ​ព្រះ​គុណ

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​ខ្ញុំ​និង​និយាយ​អំពី​ទម្លាប់​ល្អ​ផ្សេង​ទៀត​ទេ ក្រៅ​ពី​អ្វី​ដែល​ទាក់​ទង​នឹង​ការ​អធិស្ឋាន​?​ ខ្ញុំ​នឹង​និយាយ! ប៉ុន្តែ ខ្ញុំ​មាន​ការ​បន្ទាន់​ចង់​និយាយ អំពី​សារៈ​សំខាន់ និង​សេចក្តី​អំណរ ក្នុង​ការ​អនុវត្ត​តាម​សេចក្តី​អធិស្ឋាន ជា​ប្រ​ចាំថ្ងៃ និងខ្ជាប់​ខ្ជួន ហើយ​មាន​ប្រសិទ្ធ​ភាព។

គួរ​ឲ្យ​កត់​សំគាល់​ថា “ បើ​ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​បន្ទាប​ខ្លួន ខ្ញុំ​នឹង​សួរ អំពី​សេចក្តី​អធិស្ឋាន​របស់​គាត់​។ ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​ដែល​អាច​ប្រៀប​នឹង​ប្រធាន​បទ​នេះ​បាន​ទេ ព្រោះ​ការ​អធិស្ឋាន​ជា​ការ​សារ​ភាព​អំពើ​បាប ដោយ​ការ​សោក​ស្តាយ”។

រឿង​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​ធ្វើ គឺ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស ដោយ​សារ​មិន​បាន​អធិស្ឋាន។ ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ពិសោធ​នូវ​សេចក្តី​អំណរ​ ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​ជា​គ្រីស្ទ​បរិស័ទ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អធិស្ឋាន។

ព្រះ​គម្ពីរ​ចែង​ថា “ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ” (កូល៉ុស ៤:២)។ យើង​គួរ​តែ​អធិស្ឋាន​ទូល​សូម ដោយ​រំពឹង​ថា​នឹង​បាន ហើយ​ក៏​អរ​ព្រះ​គុណ​ទ្រង់​ផង។ យើង​អាច​ខក​ខាន​មិន​បាន​អរសប្បាយ ពេល​ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ប្រសិន​បើ​យើង​មិន​បាន​ប្រុង​ស្មារតី រង់​ចាំ​មើល​ព្រះ​ទ្រង់​ឆ្លើយតប​ទេ​នោះ។

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក ឲ្យ​ចាប់​ផ្តើម​មាន​សៀវភៅ​កត់​ត្រា​សេចក្តី​អធិស្ឋាន​មួយ ជា​មធ្យោ​បាយ  ដើម្បី​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​ព្រះ ចំពោះ​សេចក្តី​អធិស្ឋាន​របស់​អ្នក។ ការ​ដាក់​សៀវភៅ​កត់​ត្រា​ការ​អធិស្ឋាន​តាម​ខ្លួន​ តែង​តែ​ជំរុញ​ចិត្ត​ខ្ញុំ ឲ្យ​អធិស្ឋាន​កាន់​តែ​ច្រើន​ឡើង​ៗ និង​ចំ​ៗ ព្រម​ទាំង​ជួយ​រំឭក​ខ្ញុំ អំពី​ធាតុ​ពិត​របស់​ខ្ញុំ ក្នុង​នាម​ជា​កូន​ព្រះ។

ជា​ដំបូង ​ខ្ញុំ​សរសេរ​សេចក្តី​សំណូម​អធិស្ឋាន​របស់​ខ្ញុំ ក្នុង​សៀវភៅ​កត់​ត្រា ដោយ​មាន​កាល​បរិច្ឆេទ ​នៃ​ថ្ងៃ​ដែល​ខ្ញុំ​ចាប់​ផ្តើម​ទូល​សូម។ ប្រសិន​បើ​សេចក្តី​សំណូម​ណា​មួយ បាន​ហួស​កាល​បរិច្ឆេទ ដែល​ខ្ញុំ​បាន​រំពឹង​ទុក​ហើយ ខ្ញុំ​ក៏​កត់​ត្រា​ទុក​ផង​ដែរ។ បន្ទាប់​មក​នៅ​ប្រឡោះ​ផ្សេង​ទៀត ខ្ញុំ​កត់​ចុះ​នូវ​ថ្ងៃ​ដែល​ព្រះ​បាន​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ និង​អ្វី​ដែល​ព្រះ​ឆ្លើយ​តប​។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់ ដែល​បាន​មើល​ឃើញ​របៀប​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ!

សៀវភៅ​កត់​ត្រា​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ គឺ​ជា​ទី​រំឭក អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​វរបិតា​ដែល​គង់​នៃ​ស្ថាន​សួគ៌។ នៅ​ពេល​ដែល​ខ្ញុំ​ជួប​កាលៈទេសៈដ៏​លំបាក ខ្ញុំ​ក៏​បាន​ពិចារ​ណា អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ តាម​រយៈ​ការ​រំឭក​ឡើង​វិញ អំពីរបៀប​ដែល​ព្រះ​បាន​ធ្វើ​ការ​ក្នុង​ជីវិ​តខ្ញុំ ពី​អតីត​កាល។ បើ​គ្មាន​សៀវភៅ​កត់​ត្រា​ទេ ខ្ញុំ​ប្រហែល​ជា​ឆាប់​ភ្លេច​ចម្លើយ​ដ៏​អស្ចារ្យដែល​ព្រះ​ទ្រង់ មាន​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ ជា​មិន​ខាន។

ដើម្បី​ចាប់​ផ្តើម​ការ​កត់​ត្រា​ផ្ទាល់​ខ្លួន​របស់​អ្នក អំពី​ការ​អធិស្ឋាន សូម​បំពេញ​លំហាត់ អំពី​ការ​អធិស្ឋាន​ដែល​បានសង្ខេប​នៅ​ខាង​ក្រោម។  បន្ទាប់​មក សូម​អរសប្បាយ ខណៈ​ពេល​ដែល​អ្នក​ពិសោធ នឹង​ដំណោះ​ស្រាយ​របស់​ព្រះ ក្នុង​ជីវិតរបស់​អ្នក!

លំហាត់ក្នុងការអធិស្ឋាន

១. សូម​គិត​នូវ​ចំណុច​ណា ក្នុង​ជីវិត​អ្នក ដែល​អ្នក​ពិត​ជា​ត្រូវ​ការ​ចម្លើយ សម្រាប់​ការ​អធិស្ឋាន​របស់​អ្នក។

២. សូម​សរសេរ​ចំណុច​នោះ ហើយ​ដាក់​កាល​បរិច្ឆេទ​ផង។ សូម​បង្កើត​សៀវភៅ​កត់​ត្រា​អំពី​សេចក្តី​អធិស្ឋាន​។

៣. សូម​សិក្សា​បទ​គម្ពីរ​ខាង​ក្រោម​នេះ ដែល​និយាយ​អំពី​សេចក្តី​អធិស្ឋាន: ម៉ាថាយ ៧:៧-១១; ១៨:១៩-២០; ម៉ាកុស ១០:៤៦-៥២; យ៉ូហាន ១៦:២៤; រ៉ូម ៨:២៦-២៧; អេភេសូរ ៦:១០-២០; យ៉ាកុប ៥:១៦-១៨។

៤​. ចូរ​ទូល​ដល់​ព្រះ​អម្ចាស់ អំពី​សេចក្តី​សំណូម​របស់ អ្នក​ដោយ​សាមញ្ញ និង​ច្បាស់​ៗ។

៥. ចូរ​អរព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​ទ្រង់​នឹង​ឆ្លើយ​តប​ចំពោះ​សំណូម​អធិស្ឋាន​របស់​អ្នក (ភីលីព ៤:៦)។

៦. ចូរ​កត់​ត្រា​អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ នៅ​ពេល​ដែល​អ្នក​ទទួល​បាន ហើយ​សរសើរ​ដល់​ព្រះសម្រាប់​ការ​ឆ្លើយ​តប (កូល៉ុស ៤:២)

៧​. សូម​បន្ត​អនុវត្ត​ចំណុច​ខាង​លើ​ឡើង​វិញ!

តើ​ជីវិត​នៃ​ការ​អធិស្ឋាន​របស់​អ្នក មាន​លក្ខណៈ​យ៉ាង​ណា​ដែរ? អ្នក​អាច​ទូល​ថ្វាយ​ទ្រង់ នូវ​ការ​លន់​តួ​បាប ដោយ​ការ​សោក​ស្តាយ។ អ្នក​ត្រូវ​ថ្វាយ​សេចក្តី​សំណូម​របស់​អ្នក ដោយ​ក្តី​រំពឹង​ថា​នឹង​បាន​ការ​ឆ្លើយ​តប និង​ដោយ​ការ​អរ​ព្រះ​គុណ។ ចូរ​ប្រើ​សៀវ​ភៅ​កត់​ត្រា​ការ​អធិស្ឋាន ​ជា​ជំនួយ។ បន្ទាប់​មក សូម​ចែក​ចាយ​ដល់​អ្នក​ដទៃ អំពី​ព្រះ​ពរ​ដែល​អ្នក​បាន​ទទួល។​ សូម​ធ្វើ​ជា​បន្ទាល់​ដ៏​រស់​ថា ព្រះ​ទ្រង់​នៅ​តែ​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​របស់​អ្នក!

ការជញ្ជឹងគិត

  • សូម​ស្រមៃ​ថា ទូរសព្ទ័​របស់​អ្នក​បាន​រោទ៍​ឡើង ហើយ​មាន​គេ​ធ្វើ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​សួរ អ្នក​តាម​ទូរស័ព្ទ​ថា “​តើ​អ្នកជឿ​ថា ព្រះ​នៅ​តែ​ឆ្លើយ​តប​សំណូម​អធិស្ឋាន​របស់​អ្នក នៅ​ថ្ងៃ​នេះ​ទេ? បើ​អ្នក​ជឿ​មែន តើ​អ្នក​ជឿ​ការ​នោះ​ដោយ ក. ជឿ​បន្តិច​បន្តួច? ​ខ. ជឿ​ដោយ​ស្មោះ​ត្រង់? គ. ជឿ​ខ្លាំង? ” តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ការអនុវត្តន៍

  • បើ​អ្នក​មិន​ទាន់​មាន​សៀវ​ភៅ​កត់​ត្រា​ទេ សូម​ទិញ​មួយ​ក្បាល នៅ​ពេល​អ្នក​ចេញ​ក្រៅ។ បន្ទាប់​មក សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ ​ដើម្បី​ចាប់​ផ្តើម​ការ​កត់​ត្រា អំពី​សំណូមពរ​អធិស្ឋាន​របស់​អ្នក។ ហើយ​សូម​កុំ​ភ្លេច​អរ​ព្រះ​គុណ​ព្រះ ​សម្រាប់​ការឆ្លើយ​តប​របស់​ទ្រង់!