ការសន្ទនាជាមួយព្រះ

លោកវេជ្ជបណ្ឌិត ចេមស៍ អ៊ែម ហ៊ូស្តន់ (James M Houston) បានមានប្រសាសន៍ថា “ការ​អធិស្ឋាន ​គឺ​ជា​មិត្ត​ភាព​ ជា​មួយ​នឹងព្រះ”។ ខ្ញុំគិតថា​គាត់គិតត្រូវ ព្រោះតាមន័យដ៏សាមញ្ញ  ការអធិស្ឋាន គឺជារឿង​ដែលសំឡាញ់ពីរនាក់ជជែក​គ្នា។

ការ​អធិស្ឋាន​គឺ​ជា​ការ​សន្ទនា រវាង​ព្រះ​និង​យើង ដែល​ជា​កូន​របស់​ទ្រង់។ ការ​អធិស្ឋាន​មិន​មែន​ជា​ការ​សន្ទនា​តែ​ម្ខាង ឬ​ជា​ការ​និយាយ​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ ជា​ការ​សន្ទនា​ឆ្លង​ឆ្លើយ​គ្នា​ដ៏​ល្អ។ ព្រះ​ទ្រង់​មាន​បន្ទូល​មក​យើង​តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់ និង​តាម​រយៈ​ការ​ធ្វើ​បន្ទាល់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​គង់​ក្នុង​យើង។ យើង​ឆ្លើយ​តប​ទៅ​ចំពោះ​ទ្រង់​វិញ ដោយ​ការ​លើក​ដំកើង ការ​លន់​តួ សេចក្តី​សំណូម ការ​ទូល​អង្វរ ​និង​ការ​អរ​ព្រះ​គុណ។ បើ​ពុំ​មាន​ធាតុ​ផ្សំ​ទាំង​ប្រាំ​នេះ​ទេ នោះ​សេចក្តី​អធិស្ឋាន​របស់​យើង​នឹង​ធ្ងន់​ទៅ​តែ​ម្ខាង​ទេ ហើយ​មិន​មាន​សម​មាត្រ​នោះ​ទេ។ សូម​ពិចារណា​ដោយ​សង្ខេប​អំពី​ធាតុ​ផ្សំ​ទាំងប្រាំ​នេះ​ក្នុង​សេចក្តី​អធិ​ស្ឋាន។

ធាតុ​ផ្សំ​ទីមួយ នៃ​សេចក្តី​អធិស្ឋាន​ដ៏​ពិត​គឺ ការ​លើក​ដំកើង ។ ខណៈ​ដែល​យើង​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ​ដោយ​ការ​អធិស្ឋាន យើង​ចាប់​ផ្តើម ដោយ​បង្ហាញ​ចេញ​នូវ​ការ​ថ្វាយ​បង្គំ និង​ការ​គោរព​របស់​យើង​ចំពោះ​ទ្រង់។ ​ជន​ជាតិ​យូដា​ មាន​ពាក្យ​ទំនៀម​មួយ ពោល​ថា “ មនុស្ស​គួរ​តែ​បន្លឺ​សម្លេង ជា​ពាក្យ​សរសើរ​ដល់​ព្រះ ជា​ដំបូង​ជា​និច្ច បន្ទាប់​មក ​ទើប​និយាយចេញ​ជា​ពាក្យ​អធិ​ស្ឋាន”។ យើង​ឃើញ​ថា ​ការ​សរសើរ​ព្រះ​អម្ចាស់​នៃ​យើង គឺ​មាន​តាំង​ពី​ជំនាន់​ដើម ដូច​ដែល​បាន​កត់​ត្រា​ទុកក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល។

ការ​លន់​តួ កើត​ឡើង​បន្ទាប់​ពី​ការ​សសើរ​ដំកើង។​ នៅ​ពេល​ដែល​លោក​អេសាយ​ឃើញ​ព្រះ​អម្ចាស់ ​ក្នុង​សិរីល្អ​ទ្រង់ នោះ​លោក​ស្រែក​ថា “វរហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ” ​(អេសាយ ៦:៥)។ យើង​មិន​អាច​សរសើរ​ព្រះ​ដ៏​បរិសុទ្ធ ដោយ​ពុំ​មាន​ការ​យល់​ដឹង​ស៊ីជម្រៅ អំពី​ភាព​មិន​ស្អាត​របស់​យើង​នោះ​ទេ។ ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​យើង​ផង​ដែរ​ថា ព្រះ​ទ្រង់​អត់​ទោស​ឲ្យ​យើង ដោយ​ព្រះ​ហឫទ័យ​ដែល​ប្រកប​ដោយ​ព្រះ​គុណ នៅ​ពេល​ដែល​យើង​លន់​តួ​បាប​របស់​យើង ចំពោះ​ទ្រង់​(១យ៉ូហាន ១:៩)។

លុះ​ត្រា​តែ​យើង​សរសើរ​ដំកើង និង​លន់​តួ​ទៅ​ចំពោះ​ព្រះ​អង្គ​សិន ទើប​យើង​ថ្វាយ​សេចក្តី​សំណូម ​របស់​យើង​ទៅ​ចំពោះ​ព្រះ​វរបិតា​។ សេចក្តី​អធិស្ឋាន​ដែល​ពិត កើត​មាន​ឡើង​ពី​ការ​ទូល​សូម​របស់​អ្នក ដែល​ទទួល​ស្គាល់​ទាំង​ស្រុង​នូវ​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ ដែល​បង្ហាញ​ពី​សេចក្តី​ល្អ​ទាំង​ស្រុង​របស់​ទ្រង់។

ព្រះ​យេស៊ូវ​បាន​សន្យា​ថា  “តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​​ពិត” (យ៉ូហាន១៦:២៤)។ ទ្រង់​លើក​ទឹក​ចិត្ត​យើងឲ្យ​ទូល​សូម​ដល់​ព្រះ​វរបិតា នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។

ខណៈ​ពេល​ដែល​យើង​អធិស្ឋាន យើង​គួរ​តែ​បញ្ចូល​នូវ ការ​ទូល​អង្វរ សម្រាប់​អ្នក​ដទៃ​ផង​ដែរ។ វា​ពិត​ជា​អស្ចារ្យ​ណាស់ ​ដែល​យើង​អាច​មាន​ការ​បម្រើ​ដល់​អ្នក​ដទៃ នៅ​ចំពោះ​មុខ​បល្លង្ក​នៃ​ព្រះ​គុណ​របស់​ទ្រង់ តាមរយៈ​ការ​អធិស្ឋាន!

ហោរា​សំាយូអែល​បាន​ប្រាប់​រាស្រ្ត​អ៊ីស្រាអែល​ថា “សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះយេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ” (១សាំយូអែល ១២:២៣)។ ការ​ទូល​អង្វរ​សម្រាប់​អ្នក​ដទៃ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ខាង​វិញ្ញាណ​ដ៏សំខាន់ ដែល​យើង​មិន​អាច​ព្រងើយ​កន្តើយ​បាន​ឡើយ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ។

ការ​សន្ទនា​ជា​មួយ​ព្រះ ត្រូវ​តែ​មាន ការ​អរ​ព្រះ​គុណ ផង​ដែរ ទើប​គ្រប់​គ្រាន់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ ចូរ​អរ​សប្បាយ​ជានិច្ច  ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ  ចូរ​អរ​ព្រះគុណ​ក្នុង​​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទ​យេស៊ូវ ” (១ថែស្សាឡូនីច ៥:១៦-១៨)។ ​យើង​ពិសោធ​នូវ​សេចក្តី​អំណរ​របស់​ព្រះ នៅ​ពេល​ដែល​យើង​សន្ទនា​ជា​មួយ​ទ្រង់ ដោយ​ការ​អធិស្ឋាន និង​អរ​ព្រះ​គុណ​ទ្រង់ ​សម្រាប់​ការ​ឆ្លើយ​តប​របស់​ទ្រង់។

អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ល្បី​ល្បាញ​ម្នាក់ ឈ្មោះ ឆាលស៍ ហ្វ៊ីននេយ (Charles Finney) បាន​កត់​សំគាល់​ថា “​ពេល​ណា​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ពរ​រាស្រ្ត​ទ្រង់ ជា​ដំបូង ទ្រង់​នាំ​ពួក​គេ​អធិស្ឋាន​ជា​មុន​សិន”។ ទ្រង់​នាំ​ពួក​គេ​ឲ្យ​មានការ​ឆ្លើយ​ឆ្លង​ទៅ​មក​ជា​មួយ​ទ្រង់ ក្នុង​ការ​សន្ទនា​ដ៏​ល្អ។

តើ​ព្រះ​ទ្រង់​បាន​នាំ​អ្នក ឲ្យ​អធិស្ឋាន​ឬ​ទេ? សូម​ផ្អាក​អ្វី​ដែល​យើង​កំពុង​ធ្វើ​សិន ហើយ​និយាយ​ជា​មួយ​ទ្រង់ ក្នុង​ពេល​ឥឡូវ​នេះ។

ការជញ្ជឹងគិត

  • តើ​មាន​អ្វី​នៅ​ក្នុង​ចិត្ត​អ្នក? តើ​អ្នក​ចង់​និយាយអំ​ពី​អ្វី​ជា​មួយ​ព្រះ? តើ​អ្នក​មាន​អារម្មណ៍​ថា បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​សរសើរ​ដំកើង​ទ្រង់​ទេ? តើ​អ្នក​មាន​អ្វី​ដែល​ត្រូវ​លន់​តួ​ទេ? តើ​អ្នក​មាន​ការ​ទូល​សូម​ដ៏​ជាក់​លាក់​ណា​មួយ ត្រូវ​ទូល​ដល់​ទ្រង់​ទេ?

ការអនុវត្តន៍

  • សូម​ចំណាយ​ពេល​ឥឡូវ​នេះ ដើម្បី​អធិស្ឋាន​ទៅ​កាន់​ព្រះ​បិតា នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌។ ត្រូវ​ប្រាកដ​ថា​ អ្នក​បាន​កត់ត្រា​ចុះ​នូវ​ការ​ទូល​សូម​​អ្វី​ដែល​ថ្មី ឬ​បញ្ហា​ដែល​ត្រូវ​លន់​តួ ក្នុង​សៀវភៅ​កត់​ត្រា​ការ​អធិស្ឋាន​របស់​អ្នក។