ការទទួលយកអំណាចនៃព្រះគម្ពីរ

ការ​ចោទ​សួរ​អំពី​អំណាច​នៃ​ព្រះ​គម្ពីរ ស្ថិត​ក្នុង​ចំណោម ការ​ចោទ​សួរ​ដែល​មាន​ការ​ជជែក​វែក​ញែក​ច្រើន​បំផុត និង​មាន​ប្រវត្តិយូរ​លង់​ជាង​គេ របស់​មនុស្ស​ជាតិ។ អំណាច​នៃ​ព្រះ​គម្ពីរ ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​រឿង​ដ៏​សំខាន់​បំផុត ដែល​យើង​ត្រូវពិចារណា​នៅ​ថ្ងៃ​នេះ។ មនុស្ស​ច្រើន​តែ​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ខាង​វិញ្ញាណ​របស់​ខ្លួន តាម​រយៈ​អត្ត​ចរិត​ដែល​ពួក​គេ​មាន ចំពោះ​ព្រះ​គម្ពីរ។

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មាន​ឱកាស​ជួប​ជា​មួយ​អ្នក​បម្រើ​ព្រះ​ប្រហែល​១២​នាក់ នៅ​ជិត​ទី​ក្រុង​មួយ​ ដែល​ខ្ញុំ​បាន​ចូល​រួម ​ក្នុង​ការ​ធ្វើ​យុទ្ធនា​ការ​ផ្សាយ​ដំណឹង​ល្អ។ បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​​ពិភាក្សា​របស់​ពួក​យើង ​វា​ដូច​ជា​លើស​បន្តិច​ ប៉ុន្តែ ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល ចំពោះ​ការ​មាន​មតិ​យោបល់​ធ្ងន់​ៗ​ខុស​ៗ​គ្នា ចំពោះ​សំណួរ​សំខាន់​ៗ​មួយ​ចំនួន។ យ៉ាង​ហោច​ណាស់  ពាក់​កណ្តាល​នៃ​អ្នក​បម្រើ​ព្រះ​ទាំង​នោះ ​គឺ​មិន​បាន​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ ជា​ព្រះ​បន្ទូល​ដ៏​មាន​អំណាច​របស់​ព្រះ​ឡើយ!

មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា ពួក​គេ​ជឿ​ថា ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​បទ​គម្ពីរ​ខ្លះ​និយាយ​ខុស មិន​ត្រូវ​តាម​វិទ្យាសាស្រ្ត ឬ​ប្រវត្តិ​សាស្រ្ត។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​ពួក​គេ​និយាយ​ដោយ​បើក​ចំហរ​ថា នៅ​ពេល​ដែល​ពួក​គេ​មានអារម្មណ៍​ទើស​ទាល់ ចំពោះ​បទ​គម្ពីរ​ណា​មួយ ពួកគេ​ក៏​លើក​ហេតុ​ផល ដើម្បី​បង្ហាញ​ថា បទ​គម្ពីរ​នោះ “មិន​ស្រប​តាម​វិទ្យា​សាស្ត្រ​”។

តើ​វា​ជា​រឿង​ចម្លែក​ទេ ដែល​ក្រុម​គ្រីស្ទ​បរិស័ទ នៅ​កន្លែង​ខ្លះ​ក្នុង​ពិភព​លោក​នេះ មាន​ជំហរ​មិន​រឹង​មាំ​នោះ? តើ​មាន​អ្នក​ណា​ដែល​ចង់​ស្តាប់​គ្រូ​អធិប្បាយ ដែល​មិន​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​នោះ? តើ​អំណាច​របស់​ពួក​គេ​មក​ពី​ណា? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា ព្រះ​ជា​អ្នក​បណ្តាល​ឲ្យ​គេ​តែ​ព្រះ​គម្ពីរប៊ីប​ ហើយ​ព្រះ​គម្ពីរ​ណា​ដែល​ព្រះ​មិន​បណ្តាលឲ្យ​តែង?

នៅ​ពេល​ដែល​ខ្ញុំ​ឮ​អ្នក​ដែល​អះ​អាង​ថា ខ្លួន​ជា​គ្រីស្ទ​បរិស័ទ តែ​បែរ​ជា​សួរ​សំណួ​រថា តើ​ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​ព្រះ​ឬ​អត់ ខ្ញុំក៏​ឆ្ងល់​ភ្លាម​ថា តើ​គ្រីស្ទ​បរិស័ទ​សម័យ​នេះ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​ ដោយឲ្យ​តម្លៃ​ទ្រង់​តិច​ឬ? សរុប​សេចក្តី​មក ប្រសិនបើព្រះ​ទ្រង់​ជា​ព្រះ តើ​ទ្រង់​មិន​អាច​និពន្ធ​សៀវភៅ​មួយ​ក្បាល ដែល​គ្មាន​កំហុស​ទេ​ឬ​អី?​ ជា​ការ​ពិត​ណាស់ ​ទ្រង់​អាច ហើយ​ទ្រង់ក៏​បាន​និពន្ធ​ហើយ​ដែរ!

លោក​ប៉ុល​អាច​ប្រាប់​លោក​ធីម៉ូថេ ដោយ​ទំនុក​ចិត្ត​ថា  “តែ​ឯ​អ្នក ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា  ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង ” (២ធីម៉ូថេ ៣:១៤-១៥)។

ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​អាច​និយាយ​ដូច្នេះ? ពីព្រោះ​គ្រប់​ទាំង​បទ​គម្ពីរ ​គឺ​ព្រះ​បណ្តាល​ឲ្យ​តែង ហើយ​មាន​អំណាច​ដោយ​ព្រោះ​ព្រះ​គម្ពីរ ​ជា​ព្រះ​បន្ទូល​របស់​ព្រះ មិន​មែន​ជា​ពាក្យ​សម្តី​របស់​មនុស្ស​ទេ។ លោក​ពេត្រុស​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា “ដ្បិត​ដែល​យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់ ​ដល់​ព្រះចេស្តា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​​នៃ​យើង និង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ” (២ពេត្រុស ១:១៦)។

ព្រះ​គម្ពីរ​មាន​សញ្ញា​បញ្ជាក់​ថា អ្វី​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​គឺ​ជា​ពាក្យ​ពិត។ គ្មាន​សៀវភៅ​ណា​ផ្សេង​ទៀត ដែលព្រះជាម្ចាស់​បាន​រាប់​ជា​សេចក្តី​ពិត ដូច​ព្រះ​គម្ពីរ​ប៊ីប​ឡើយ។

លោក អាថើរ ធី ភៀសសាន់ (Arthur T. Pierson) ដែល​ជា​អ្នក​បក​ស្រាយ​ព្រះ​គម្ពីរ​ដ៏​ល្បី​ល្បាញ​ម្នាក់​ បាន​​ពន្យល់​អំពី​លក្ខណៈ​ពិសេស​របស់​​ព្រះគម្ពីរ យ៉ាង​ដូច​នេះ​ថា “ក្នុង​ចំណោម​ស្នា​ដៃ​និពន្ធ​ទាំង​អស់ ដែល​មនុស្ស​រាប់​ថា មាន​អំណាច ហើយ​ទោះជា​ពួក​គេ​មាន​ការ​ទុក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​ទី​បំផុត ​យើង​ត្រូវ​ត្រឡប់​ទៅ​រក​ព្រះ​បន្ទូល​ព្រះ ដែល​មាន​ការ​បង្រៀន ដែល​ជាក់​លាក់ និង​ច្បាស់​លាស់ ពេញ​ដោយ​អំណាច និង​មិន​មាន​កំហុស គឺ​មិន​មែន​ជា​ពាក្យ​សម្តី​ដែល​មិន​ច្បាស់​លាស់  ធ្វើ​ឲ្យ​ភ័ន្ត​ច្រឡំ និង​មិន​អាច​ទុក​ចិត្ត​បាន​នោះ​ឡើយ”។ យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​ព្រះ​បាន!

បើ​ព្រះ​មិន​អាច​សរសេរ​សៀវ​ភៅ​មួយ​ក្បាល ដែល​ល្អ​ឥត​ខ្ចោះ​ទេ​នោះ ហេតុ​អ្វី​បាន​ជា​យើង​ទទួល​ជឿ​ទ្រង់  ដើម្បី​ឲ្យ​បាន​សេចក្តី​សង្រ្គោះ? ខ្ញុំ​មិន​មែន​មាន​ន័យ​ថា យើង​បាន​ទទួល​សេចក្តី​សង្រ្គោះ ដោយ​សារ​យើង​ជឿ​ថា ព្រះ​គម្ពីរ​ជា​ពាក្យដែល​ព្រះ​បណ្តាល​ឲ្យ​តែង​នោះ​ទេ តែ​ខ្ញុំ​ចង់​និយាយ​ថា ដើម្បី​ពិសោធ​នូវ​សិទ្ធិ​អំណាច ​និង​ព្រះ​ចេស្តា និង​ការ​ប្រកប​ជា​មួយ​ព្រះ ក្នុង​ដំណើរ​ជីវិត​របស់​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ ​ជា​ព្រះ​បន្ទូល​របស់​ព្រះ។

ការ​មាន​សេចក្តី​ជំនឿ​ចំពោះ​អំណាច​ដ៏​ពេញ​លេញ នៃ​ព្រះ​គម្ពីរ គឺ​សំខាន់ ចំពោះ​ការ​រស់​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ ​ដែល​ពិត​ប្រាកដ និង​មាន​ជ័យ​ជម្នះ។ មាន​តែ​តាម​រយៈ​សេចក្តី​ជំនឿ​ដូច​នោះ​ទេ ទើប​យើង​អាច​ពិសោធ​នូវ​សេចក្តី​អំណរ ក្នុងនាម​ជា​កូន​ព្រះ។

ការជញ្ជឹងគិត

  • រហូត​មក​ដល់​ពេល​នេះ តើ​អ្នក​មាន​ទស្សនៈ​បែប​ណា ចំពោះ​ព្រះ​គម្ពីរ? តើ​អ្នក​ទទួល​ស្គាល់​ព្រះ​គម្ពីរ ថា​ជា​អំណាច​ដ៏ពេញ​លេញ មិន​មាន​កំហុស​ឆ្គង ហើយ​ត្រូវ​បាន​ព្រះ​អម្ចាស់​បណ្តាល​ឲ្យ​តែង​ដែរ​ឬ​ទេ? បើអ្នក​ទទួល​ស្គាល់ តើ​ហេតុ​អ្វី ឬ បើ​មិន​ទទួល​ស្គាល់​ តើ​ហេតុ​អ្វី?

ការអនុវត្តន៍

  • សូម​សរសេរ​មូល​ហេតុ​ដែល​អ្នក​ជឿ (ឬ​មិន​ជឿ) អំណាច​នៃ​ព្រះ​គម្ពីរ។ ប្រសិន​បើ​អ្នក​មាន​សំណួរ​​អ្វី​ទាក់​ទង​នឹង​ការ​មិនមាន​កំហុស​ឆ្គង​របស់​ព្រះ​គម្ពីរ ឬ​ការ​បណ្តាល​ចិត្ត​នៃ​ព្រះ​គម្ពីរ សូម​ពិភាក្សា​ជា​មួយ​គ្រូ​គង្វាល​របស់​អ្នក។