ការរស់នៅតាមព្រះបន្ទូលនៃជីវិត
ហេតុអ្វីបានជាព្រះគម្ពីរត្រូវបានសរសេរឡើង?
ដើម្បីពន្យល់ អំពីភាពស្មុគស្មាញ នៃគ្រប់គ្រងរបស់មនុស្សឬ? ដើម្បីរិះគន់ទ្រឹស្តី ដែលនិយាយអំពីសេដ្ឋកិច្ចឬ? ឬក៏ដើម្បីបង្រៀនយើង អំពីភាពអស្ចារ្យរបស់តារាសាស្ត្រ?
គោលបំណងជាចម្បងរបស់ព្រះគម្ពីរ មិនមែនដើម្បីប្រាប់យើងថា តើស្ថានសួគ៌មានដំណើរការយ៉ាងដូចម្តេចនោះទេ ប៉ុន្តែ គឺដើម្បីប្រាប់យើងថា តើយើងទៅស្ថានសួគ៌ ដោយរបៀបណា។ ខ្លឹមសារដ៏សំខាន់បំផុតរបស់ព្រះគម្ពីរគឺ ព្រះសព្វព្រះទ័យកែប្រែជីវិតកូនរបស់ទ្រង់ តាមរយៈព្រះបន្ទូល ដោយរៀបចំពួកគេ សម្រាប់ជីវិតអស់កល្បជានិច្ច ជាមួយទ្រង់ ក្នុងសិរីរុងរឿង។
ព្រះបន្ទូលព្រះ មានអំណាចកែប្រែមនុស្សម្នាក់ ឲ្យផ្លាស់ប្រែពីមនុស្សមានបាប ដែលជាប់ទោសបាប ឲ្យទៅជាអ្នកជឿ ដែលទទួលការប្រោសលោះវិញ។ ខ្លួនខ្ញុំផ្ទាល់បានយល់ច្បាស់ អំពីរឿងនេះ ដោយព្រោះមានជនជាតិអង់គ្លេសដ៏សុភាពម្នាក់ គឺលោក ហ្វ្រែង ឆែនដ៏ឡឺ(Frank Chandler) បាននាំខ្ញុំឲ្យមានជំនឿនៃសេចក្តីសង្រ្គោះ ក្នុងព្រះយេស៊ូវគ្រីស្ទ តាមរយៈការអានបទគម្ពីរ រ៉ូម១០:៩-១០ ដល់ខ្ញុំ។
ខ្ញុំមានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ នៅពេលដែលខ្ញុំថ្វាយជីវិតខ្ញុំ ដោយស្មោះ ទៅចំពោះព្រះគី្រស្ទ ដោយការអធិស្ឋានទទួលជឿទ្រង់ ប៉ុន្តែ ចាប់តាំងពីពេលនោះមក ខ្ញុំក៏ដឹងថា ខ្ញុំជាកូនព្រះ។ ខ្ញុំដឹងថា ខ្ញុំនិងទៅស្ថានសួគ៌ នៅពេលដែលខ្ញុំស្លាប់ទៅ។ ព្រះគ្រីស្ទបានបង់ថ្លៃលោះបាបខ្ញុំ តាមរយៈការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង។
ការផ្លាស់ប្តូរជំនឿទៅជាគ្រីស្ទបរិស័ទ ជាការផ្លាស់ប្រែផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ ពីមនុស្សមានបាប ទៅជាកូនព្រះ។ ការផ្លាស់ប្តូរជំនឿទៅជាគ្រីស្ទបរិស័ទ មិនអាចកើតឡើងបានទេ ប្រសិនបើមិនផ្អែកទៅលើព្រះបន្ទូលព្រះទេនោះ។ បេសកជនជាច្រើន បាននាំព្រះបន្ទូលនៃសេចក្តីសង្រ្គោះរបស់ព្រះ មកប្រទេសអាហ្សង់ទីន ជាកន្លែងដែលខ្ញុំបានរស់នៅពីកុមារ។ ឪពុកខ្ញុំនៅស្ថានសួគ៌ ដោយព្រោះកិច្ចការរបស់ពួកគាត់។ លោកយាយខ្ញុំនៅស្ថានសួគ៌ ក៏ដោយសារកិច្ចការរបស់ពួកគាត់។ មនុស្សរាប់លានអ្នក ក្នុងពិភពលោករួមទាំងខ្ញុំផងដែរ សូមអរព្រះគុណព្រះ ចំពោះបេសកជនទាំងឡាយដែលបាននាំព្រះបន្ទូលព្រះ មកផ្សព្វផ្សាយដល់យើង។
ព្រះគម្ពីរមានអំណាចផ្លាស់ប្រែមនុស្សគ្រប់រូប គ្រប់ទីកន្លែង ខ្ពស់ឬទាប មានឬក្រ ចេះអក្សរ ឬមិនចេះអក្សរក្តី។ ខ្ញុំក៏មានឯកសិទ្ធិមើលឃើញអ្នកដឹកនាំប្រទេសមួយចំនួន បានស្គាល់ព្រះគ្រីស្ទ ដោយផ្ទាល់ខ្លួន ដោយរួមទាំងប្រធានាធិបតីរបស់ប្រទេសមួយ នៅតំបន់អាមេរិកខាងត្បូងផងដែរ។
គាត់ប្រាប់ខ្ញុំថា “ប៉ាឡូ ខ្ញុំជាទាហាន។ ខ្ញុំបានធ្វើនូវរឿងជាច្រើន ដែលខ្ញុំមិនអាចប្រាប់អ្នក។ បើសិនជាអ្នកបានដឹងថាខ្ញុំជាមនុស្សបែបណា នោះអ្នកប្រហែលជាមិនហ៊ាននិយាយថា ព្រះស្រឡាញ់ខ្ញុំនោះទេ”។
ខ្ញុំឆ្លើយទៅគាត់វិញថា “ខ្ញុំមិនចង់ឲ្យលោកប្រាប់ខ្ញុំទេ។ ទោះលោកបានធ្វើអ្វីក៏ដោយ ក៏ព្រះយេស៊ូវគ្រីស្ទ នៅតែយាងមកសង្រ្គោះ ហើយកែប្រែជីវិតមនុស្សប្រុសស្រី ដូចលោកអ៊ីចឹង”។ បើទោះជាគាត់ជាសុភាពបុរស ដែលមានមុខនាទីខ្ពស់ និងជាទាហានដែលមានតំណែងខ្ពស់ក៏ដោយ ក៏គាត់បានឱនក្បាលចុះ ហើយបើកចិត្តថ្វាយព្រះអម្ចាស់យេស៊ូវ នៅឯការិយាល័យប្រធានាធិបតីរបស់គាត់តែម្តង។
លោកប្រធានាធិបតីរូបនេះ បានបាត់បង់តំណែងរបស់គាត់ នៅពេលពីរឆ្នាំក្រោយមក ក្នុងអំឡុងពេលធ្វើបដិវត្តន៍ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តដំណើរជាមួយព្រះអម្ចាស់។ ក្រោយមកគាត់និយាយថា “ជីវិតខ្ញុំបានផ្លាស់ប្រែ គឺចាប់តាំងពីខ្ញុំបានថ្វាយជីវិតខ្ញុំ ទៅចំពោះព្រះគ្រីស្ទ”។
ខ្ញុំបានឃើញព្រះបន្ទូលព្រះ ធ្វើឲ្យជីវិតមនុស្សជាច្រើនផ្លាស់ប្រែ ដែលរួមមាន លេខាធិការបក្សកម្មុយនីសនៃប្រទេសមួយ … អ្នកយាមទ្វារដែលមិនចេះអក្សរ … អ្នកអង្គម្ចាស់នៅចក្រភពអង់គ្លេស … នាយករដ្ឋមន្រ្តីនៃប្រជាជាតិមួយ នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង … កីឡាករម៉ារ៉ាតុងស្រ្តី ដែលបំបែកឯកត្តកម្ម នៅក្រុងញ៉ូវយ៉ក … អតីតទណ្ឌិត ដែលបានជឿលើព្រះយេស៊ូវគ្រីស្ទ “តាមរយៈការផ្សាយផ្ទាល់របស់កម្មវិធីទូរទស្ស ដែលគេអាចទូរសព្ទ័ចូល … តារាស្រីដ៏ល្បីម្នាក់ ក្នុងប្រទេស អ៊ែល សាលវ៉ាឌរ (El Salvador)… ឌីចេ នៅតំបន់ឆ្នេរខាងកើត … អ្នកចម្រៀងតាមរង្គសាល … សិស្សវិទ្យាល័យដែលឥឡូវរៀននៅ MIT … ក្រុមតន្ត្រីរ៉ក់នៅប្រទេសប៉ូញឡូញ … កូនស្រីរបស់នាយកធានាគារ អាយុដប់ប្រាំមួយឆ្នាំ ដែលមានផ្ទៃពោះ ទាំងមិនបានរៀបការ … ចៅហ្វាយក្រុងនានាជាច្រើន … ក្រុមបងតូចបងធំ … អ្នកគោរពលើវិញ្ញាណផ្សេងៗ … ប្តីប្រពន្ធដែលនៅក្នុងបណ្តឹងលែងលះគ្នា … ប្រពន្ធរបស់ឧត្តមសេនីយយោធា … ឯកអគ្គរដ្ឋទូត … អ្នកមិនដឹងថា ព្រះមានមែនឬអត់ … អ្នកមិនជឿថា ព្រះមានមែន … អ្នកកាន់សាសនាហិណ្ឌូ … អ្នកកាន់សាសនាព្រះពុទ្ធ … អ្នកកាន់សាសនាម៉ូស្លីម … ហើយនិងចំនួនដ៏ច្រើននៃ “គ្រីស្ទបរិស័ទ” ដែលមានតែឈ្មោះ។
ព្រះគម្ពីរមានអំណាចសង្រ្គោះ និងផ្លាស់ប្រែមនុស្សគ្រប់គ្នា នៅគ្រប់ទិសទី។ ការធ្វើឲ្យផ្លាស់ប្រែនោះ ត្រូវបានគេស្គាល់ថា ការញែកជាបរិសុទ្ធ ។ ព្រះបន្ទូលព្រះរំដោះយើងឲ្យរួចពីបាប សំអាតយើង ហើយធ្វើឲ្យយើងបានបរិសុទ្ធក្នុងដំណើររបស់យើង នៅចំពោះព្រះ។
ព្រះអម្ចាស់យេស៊ូវ បានអធិស្ឋានទៅកាន់ព្រះវរបិតាទ្រង់ នៅក្នុងសួនច្បារកេតសេម៉ានីថា “សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់” (យ៉ូហាន ១៥:៣)។ ព្រះបន្ទូលទ្រង់សម្អាតយើង (យ៉ូហាន ១៥:៣)។
វាមិនទាន់គ្រប់គ្រាន់ទេ បើយើងគ្រាន់តែដឹងថា ព្រះបន្ទូល “អាចនឹងនាំឲ្យអ្នកមានប្រាជ្ញា ដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង” (២ធីម៉ូថេ ៣:១៥)។ លោកប៉ុលក៏មានប្រសាសន៍បន្តទៀត ក្នុង ខ.១៦ថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណ បណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត” (បញ្ជាក់បន្ថែម នៅអក្សរត្រេត)។
ព្រះបន្ទូលចង្អុលចំចំណុចនៃអំពើបាប ដែលនៅលើអាសនានៃព្រលឹងយើង។ ទោះជាយ៉ាងណាក៏ដោយ បើយើងទុកព្រះគម្ពីរចោល ឲ្យប្រឡាក់ធូលីដី នោះជីវិតយើងក៏នឹងប្រែជាប្រឡាក់មិនស្អាតផងដែរ។
ការជញ្ជឹងគិត
- តើព្រះគម្ពីរបានធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ ក្នុងចិត្តអ្នក និងក្នុងក្រុមគ្រួសារអ្នក? តើជីវិតរបស់អ្នក នឹងខុសពីជីវិតសព្វថ្ងៃ យ៉ាងណាខ្លះ ប្រសិនបើអ្នករស់នៅដោយគ្មានព្រះបន្ទូលព្រះទេនោះ?
- តើអ្នកអានព្រះគម្ពីរ បានច្រើនប៉ុណ្ណា? តើអ្នកដឹងទេថា តាមរយៈការចំណាយពេលត្រឹមតែដប់ប្រាំនាទី ក្នុងមួយថ្ងៃ ក្នុងការអានព្រះគម្ពីរ នោះអ្នកអាចអានព្រះបន្ទូលទំាងមូលចប់ ក្នុងរយៈពេលមួយឆ្នាំ?
ការអនុវត្តន៍
- សូមការជ្រើសយកការអានព្រះគម្ពីរឲ្យបានល្អ ដែលអ្នកអាចគូសចំណាំ ឬគូសបន្ទាត់។ សូមអានយ៉ាងហោចណាស់មួយថ្ងៃមួយជំពូក ហើយរាល់ថ្ងៃ។
ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/