ពន្លឺនៃលោកិយ មិនឈប់បំភ្លឺឡើយ។
មនុស្សបានពឹងផ្អែកលើពន្លឺថ្ងៃ និងពន្លឺព្រះច័ន្ទ ដើម្បីបំភ្លឺនៅពេលថ្ងៃ និងពេលយប់ អស់ជាច្រើនជំនាន់រាប់មិនអស់។ ពន្លឺព្រះច័ន្ទជួយបំភ្លឺផ្លូវនៅពេលយប់ រីឯពន្លឺថ្ងៃផ្តល់កំារស្មី ដែលផ្តល់ជីវិតដល់រុក្ខជាតិហូបផ្លែ និងផ្តល់ជីវជាតិដែលរូបកាយយើងត្រូវការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួមព្រះបានប្រទានពន្លឺដ៏អស្ចារ្យតាមរយៈតួពន្លឺទាំងពីរនេះ។ យ៉ាងណាមិញ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះទ្រង់ “ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់”(លោកុប្បត្តិ ១:១៦)។
ប៉ុន្តែ ថ្ងៃណាមួយ ព្រះអង្គនឹងប្រទាននូវពន្លឺមួយប្រភេទទៀត ដល់មនុស្សជាតិ។ សាវ័កយ៉ូហានបានកត់ទុកក្នុងកណ្ឌគម្ពីរវិវរណៈថា ទីក្រុងយេរូសឡិមថ្មី “មិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ”(២១:២៣)។ ពាក្យ “ពន្លឺ” ដែលបានប្រើក្នុងបទគម្ពីរនេះ គឺប្រៀបបាននឹងចង្កៀងដ៏ធំមួយ។ ព្រះគ្រីស្ទដែលមានពេញដោយសិរីល្អ នឹងជាចង្កៀងខាងវិញ្ញាណ ដែលបំភ្លឺផែនដីថ្មីមានពេញដោយអំណរ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ ព្រះអង្គជាប្រភពនៃពន្លឺខាងវិញ្ញាណ ដែលធ្វើឲ្យអ្នកដើរតាមព្រះអង្គ ក្លាយជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអង្គនឹងក្លាយជាចង្កៀងបំភ្លឺផ្លូវយើង អស់កល្បជានិច្ច(វិវរណៈ ២១:២៣)។ តើយើងនឹងមានចិត្តរំភើបយ៉ាងណា ពេលដែលបានរស់នៅក្នុងពន្លឺកូនចៀមនៃព្រះ!-Dennis Fisher
ស្នាមអង្គុលីរបស់ព្រះ
កញ្ញាលីហ្គុន ស្ទីវិន(Lygon Stevens) ចូលចិត្តឡើងភ្នំ ជាមួយបងប្រុសរបស់នាង ឈ្មោះនីក(Nick)។ អ្នកទាំងពីរជាអ្នកឡើងភ្នំដែលមានបទពិសោធន៍ ហើយក៏បានឡើងដល់កំពូលភ្នំ មែកឃីនលេយ(ដេណាលី) ដែលជាភ្នំខ្ពស់ជាងគេ នៅតំបន់អាមេរិកខាងជើង។ បន្ទាប់មក ក្នុងខែមករា ឆ្នាំ២០០៨ ពួកគេបានជួបហេតុការផ្ទាំងទឹកកករអឹលចុះពីលើភ្នំ ដែលបាននាំទៅជាមួយ បណ្តាលឲ្យលោកនីករងរបួស ហើយកញ្ញាលីហ្គុនក៏បានបាត់បង់ជីវិត ក្នុងវ័យ២០ឆ្នំា។ ក្រោយមក លោកនីកក៏បានរកឃើញសៀវភៅកំណត់ហេតុរបស់ប្អូនស្រីខ្លួន នៅក្នុងការបូបស្ពាយរបស់នាង។ ពេលនោះ គាត់មានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយសារអ្វីដែលនាងបានសរសេរក្នុងសៀវភៅនោះ។ សៀវភៅនោះ មានពេញទៅដោយការជញ្ជឹងគិតព្រះបន្ទូល ការអធិស្ឋាន និងការសរសើរដំកើងព្រះ គឺដូចដែលនាងបានសរសេរថា “ខ្ញុំជាស្នាដៃសីល្បៈ ដែលព្រះទ្រង់បានរចនាមក ដោយមានហត្ថលេខារបស់ទ្រង់។ ប៉ុន្តែ ទ្រង់មិនមែនធ្វើតែប៉ុណ្ណេះឡើយ។ តាមពិត ទ្រង់ទើបតែចាប់ផ្តើម … ខ្ញុំមានស្នាមអង្គុលីរបស់ទ្រង់ នៅលើជីវិតខ្ញុំ។ ទ្រង់មិនបានបង្កើតមនុស្សម្នាក់ទៀត ឲ្យដូចខ្ញុំឡើយ... ខ្ញុំមានកិច្ចការមួយដែលត្រូវធ្វើក្នុងជីវិតនេះ ដែលមានតែខ្ញុំទេ ដែលសក្តិសមនឹងធ្វើវា”។
ទោះកញ្ញាលីហ្គុន មិនមានជីវិតខាងសាច់ឈាម នៅលើផែនដីនេះទៀតក៏ដោយ ក៏កេរដំណែល នៃជីវិត និងសៀវភៅកត់ត្រារបស់នាង បានលើកទឹកចិត្ត ហើយជំរុញចិត្តអ្នក ដែលនាងបានឃ្លាតចាកចេញទៅ។
ដោយសារព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់(លោកុប្បត្តិ ១:២៦) នោះមនុស្សម្នាក់ៗ ជា “ស្នាដៃសីល្បៈ…
ព្រះទ្រង់តាមដានយើងជានិច្ច
សៀវភៅមានចំណងជើងថា “នៅលើស្លាប” ជាស្នាដៃនិពន្ធរបស់លោកលោកអាឡាន ធេននិន(Alan Tennant) ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែងរបស់គាត់ នៅក្នុងការតាមដានការបន្លាស់ទី របស់សត្វស្ទាំងពេរេគ្រីន។ ដោយសារពួកវាជាពូជសត្វស្ទាំងដ៏មានតម្លៃ ដែលមានរូបរាង្គស្អាតល្អ មានភាពរហ័សរហួន និងកម្លាំង នោះសត្វបក្សីប្រម៉ាញ់ដ៏អស្ចារ្យនេះបានក្លាយជា ដៃគូរប្រម៉ាញ់ដែលពួកអធិរាជ្យ និងពួកអភិជនចូលចិត្តយកទៅជាមួយ ពេលចេញទៅបរបាញ់សត្វ។ តែគួរឲ្យស្តាយណាស់ ការប្រើថ្នាំសម្លាប់សត្វល្អិត DDT យ៉ាងទូលំទូលាយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានរំខានដល់វដ្តនៃការបង្ករកំណើតរបស់ពួកវា ហើយគេក៏បានដាក់ពួកវាក្នុងចំណោមសត្វដែលជិតផុតពូជ។
ដោយសារលោកធេននិនមានការចាប់អារម្មណ៍ នៅក្នុងការជួយស្រោចស្រង់ពូជសត្វស្ទាំងមួយប្រភេទនេះ គាត់ក៏បានដាក់ឧបករណ៍តាមដានជាប់នឹងជើងសត្វស្ទាំងមួយចំនួន ដែលគាត់បានជ្រើសរើស ដើម្បីតាមដានរបៀបនៃការបន្លាស់ទីរបស់ពួកវា។ ប៉ុន្តែ ពេលគាត់ និងអ្នកបើកបរយន្តហោះរបស់គាត់ កំពុងបើកបរយន្តហោះតាមពីក្រោយសត្វបក្សីទាំងនោះ ពួកគេក៏ស្រាប់តែបាត់សញ្ញាទាក់ទងម្តងហើយម្តងទៀត ពីឧបករណ៍តាមដានដែលបានភ្ជាប់នឹងជើងសត្វស្ទាំងទាំងនោះ។ ទោះពួកគេមានបច្ចេកវិទ្យាទំនើបក៏ដោយ ក៏ពួកគេនៅតែមិនអាចតាមដានសត្វបក្សីដែលពួកគេចង់ជួយស្រោចស្រង់នោះឡើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះដែលថែរក្សាយើងរាល់គ្នា ទ្រង់យាងទៅជាមួយយើងជានិច្ច ហើយទោះយើងទៅទីណា ក៏មិនដែលបាត់ពីព្រះភក្រ្តទ្រង់ឡើយ។ តាមពិត ព្រះយេស៊ូវបានមានបន្ទូលថា “គ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ … យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន”(ម៉ាថាយ ១០:២៩-៣១)។
ពេលយើងជួបស្ថានភាពដែលពិបាក ការភ័យខ្លាចអាចធ្វើឲ្យយើងសង្ស័យថា តើព្រះទ្រង់ជ្រាបអំពីស្ថានភាពរបស់យើងឬទេ។ តែការបង្រៀនរបស់ព្រះយេស៊ូវបានធានាដល់យើងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង ហើយក៏កំពុងគ្រប់គ្រងស្ថានភាពរបស់យើងផង។ ទ្រង់កំពុងតាមដានជីវិតយើង មិនដែលខានម្តងណាឡើយ។-Dennis Fisher
កោះមនុស្សធម៌
កោះឆារីធី ជាកោះធំជាងគេបំផុត ក្នុងតំបន់ឆកសាគីណាវ ក្នុងបឹងហ៊ូរុន របស់រដ្ឋមិឈីហ្គិន។ អស់រយៈពេលជាច្រើនឆ្នំាមកហើយ ដែលកោះមួយនេះ បានផ្តល់ឲ្យនូវប៉មបញ្ចាំងភ្លើង សម្រាប់ជួយនាំផ្លូវនាវាទាំងឡាយ និងបានធ្វើជាកំពង់ផែដ៏មានសុវត្ថិភាព សម្រាប់អ្នកដែលធ្វើដំណើរក្នុងបឹងនេះ។ គេបានដាក់ឈ្មោះឲ្យកោះនេះថា កោះឆារីធី ដែលមានន័យថា មនុស្សធម៌ គឺដោយសារពួកនាវិកទាំងឡាយបានជឿថា ព្រះទ្រង់បានដាក់កោះនេះ នៅក្នុងបឹងនោះ ដោយព្រះទ័យដ៏សប្បុរសរបស់ទ្រង់។
ជួនកាល នៅក្នុងការរស់នៅ យើងត្រូវធ្វើដំណើរកាត់តាមសមុទ្រនៃការលៈទេសៈពិបាកៗជាច្រើន។ ស្ថិតក្នុងពេលបែបនេះ យើងត្រូវការអ្នកនាំផ្លូវ ទៅរកកន្លែងមានសុវត្ថិភាព មិនខុសពីនាវិកទាំងនោះឡើយ។ យើងប្រហែលជាប្រាថ្នាចង់បានកោះមនុស្សធម៌ សម្រាប់ជួយនាំផ្លូវ និងផ្តល់កន្លែងសុវត្ថិភាព ដូចពួកគេផងដែរ។ អ្នកនិពន្ធទំនុកដំកើងដឹងថា ព្រះទ្រង់ជាអ្នកដែលអាចនាំមកនូវភាពស្ងប់ស្ងៀមដល់ទឹកសមុទ្រដែលកំពុងរំជើបរំជួល ហើយដឹកនាំយើង ទៅរកកំពុងដរដែលមានសុវត្ថិភាព។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ”(ទំនុកដំកើង ១០៧:២៩-៣០)។
គ្មានមនុស្សណាដែលចង់ជួបព្យុះនៃជីវិតឡើយ។ នៅពេលដែលយើងជួបព្យុះនៃជីវិត យើងអាចពឹងផ្អែកលើការនាំផ្លូវរបស់ព្រះ ហើយស្វែករកការជ្រកកោនក្នុងទ្រង់។ ទ្រង់ជាប៉មបញ្ចាំងពន្លឺ ដែលប្រទានពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធ និងព្រះបន្ទូលទ្រង់ ដើម្បីដឹកនាំយើង។ យើងត្រូវការកំពុងផែរដែលមានសុវត្ថិភាពរបស់សេចក្តីស្រឡាញ់ទ្រង់។ ទ្រង់តែមួយជា “កោះមនុស្សធម៌” របស់យើង។ -Dennis Fisher
អំណរនៅក្នុងព្រះវត្តមានទ្រង់
ក្នុងគោលជំនឿរបស់ពួកជំនុំវែសមីនស្ទ័រ គេជឿថា “គោលបំណងធំបំផុតដែលព្រះបានបង្កើតមនុស្សមក គឺដើម្បីថ្វាយសិរីរុងរឿងដល់ទ្រង់ ហើយមានអំណរជាមួយទ្រង់ជារៀងរហូត”។ ក្នុងព្រះគម្ពីរបរិសុទ្ធ មានបទគម្ពីរជាច្រើនបានលើកទឹកចិត្ត ឲ្យយើងមានភាពកតញ្ញូពេញដោយសេចក្តីអំណរ និងសេចក្តីស្រឡាញ់ពេញចិត្ត ចំពោះព្រះដ៏មានព្រះជន្មរស់នៅ។ ពេលយើងគោរពប្រតិបត្តិដល់ព្រះ នោះយើងក៏កំពុងសរសើរដំកើងទ្រង់ថា ទ្រង់ជាប្រភពដែលបង្ហូរចេញនូវសេចក្តីល្អសប្បុរសគ្រប់យ៉ាង។
ពេលដែលយើងសរសើរព្រះចេញពីចិត្តរបស់យើង នោះយើងនឹងបានដឹងច្បាស់ថា ខ្លួនឯងមានសេចក្តីអំណរជាទីបំផុត គឺត្រូវតាមគោលបំណងដែលទ្រង់បានបង្កើតយើងមក។ ដែលថ្ងៃរៀបលិចដ៏ស្រស់ស្អាត ឬទេសភាពវាលស្មៅដ៏សុខសាន្ត បានបង្ហាញអំពីព្រះតេជានុភាពរបស់ព្រះអាទិករ ជាយ៉ាងណា នោះការថ្វាយបង្គំក៏បាននាំយើង ឲ្យប្រកបស្និទ្ធស្នាលខាងឯវិញ្ញាណជាមួយទ្រង់យ៉ាងដូច្នោះដែរ។ បទគម្ពីរទំនុកដំកើងបានពោលថា “ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង . . . ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់” (ទំនុកដំកើង ១៤៥:៣,១៨)។
ព្រះទ្រង់មិនត្រូវការការសរសើររបស់យើងទេ ប៉ុន្តែ យើងវិញទេដែលចាំបាច់ត្រូវសរសើរដំកើងទ្រង់។ ពេលយើងអរសប្បាយនៅក្នុងព្រះវត្តមានទ្រង់ នោះយើងនឹងបានឆ្អែតដោយសេចក្តីអំណរ ចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ដែលឥតព្រំដែន ព្រមទាំងបានអរសប្បាយចំពោះព្រះអង្គ ដែលបានយាងមកដើម្បីជួយសង្រ្គោះ និងស្អាងយើងឡើង។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏បានថ្លែងផងដែរថា “ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ”(១៦:១១)។-DENNIS FISHER
លេងជាមួយភ្លើង
កាលនៅពីក្មេង ម្ដាយរបស់ខ្ញុំបានហាមមិនឲ្យខ្ញុំលេងភ្លើង។ ប៉ុន្តែ មានថ្ងៃមួយ ខ្ញុំចង់ដឹងថា តើនឹងមានអ្វីកើតឡើង ពេលខ្ញុំលេងភ្លើង។ ខ្ញុំក៏បានយកឈើគូសមួយប្រអប់ និងក្រដាសខ្លះ ហើយដើរចេញទៅឯទីធ្លាខាងក្រោយផ្ទះ ដើម្បីធ្វើការពិសោធន៍។ ខ្ញុំក៏បានលុតជង្គង់លើដីទាំងបេះដូងលោតដុកដាក់ៗ រួចគូសឈើគូស ហើយដុតក្រដាសឆេះជាអណ្ដាតភ្លើង។
រំពេចនោះ ខ្ញុំក៏បានឃើញម្ដាយខ្ញុំកំពុងរត់តម្រង់មករកខ្ញុំ។ ខ្ញុំមិនចង់ឲ្យគាត់ឃើញខ្ញុំលេងភ្លើងទេ បានជាខ្ញុំដាក់ជើងរបស់ខ្ញុំបាំងពីលើអណ្ដាតភ្លើង ដើម្បីលាក់ភ្លើងដែលខ្ញុំកំពុងលេង។ ប៉ុន្តែ ម្ដាយខ្ញុំស្រែកថា “ដែននី(Denny) ដកជើងចេញ! មានអណ្ដាតភ្លើងនៅពីក្រោមជើងកូន!” ខ្ញុំក៏បានដកជើងទាន់ ជើងខ្ញុំមិនរលាកភ្លើងទេ។ ដល់ពេលនោះ ទើបខ្ញុំបានដឹងច្បាស់ថា បំរាមរបស់ម្ដាយខ្ញុំដែលហាមមិនឲ្យខ្ញុំលេងភ្លើង គឺមិនមែនដើម្បីបំផ្លាញការសប្បាយរបស់ខ្ញុំទេ ប៉ុន្តែ នោះគឺដោយព្រោះតែក្ដីបារម្ភពីសុវត្ថិភាពរបស់ខ្ញុំប៉ុណ្ណោះ។
ជួនកាលយើងមិនយល់អំពីហេតុផល ដែលព្រះទ្រង់ចេញសេចក្ដីបញ្ញត្តិណាមួយ ឲ្យយើងប្រព្រឹត្ត ឬមិនប្រព្រឹត្តការអ្វីមួយឡើយ។ យើងថែមទាំងអាចគិតថា ទ្រង់គឺជាអ្នកបំផ្លាញការសប្បាយ ដោយបានដាក់ច្បាប់ និងក្រឹត្យវិន័យនានា ដើម្បីហាមឃាត់កុំឲ្យយើងមានការសប្បាយ ក្នុងជីវិត។ ប៉ុន្តែ ព្រះទ្រង់ចង់ឲ្យយើងស្ដាប់បង្គាប់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើងទេ។ នៅពេលដែលយើងស្ដាប់បង្គាប់ទ្រង់ នោះយើង “នឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់” ហើយក៏នឹងមានអំណរដ៏ពោរពេញឡើង (យ៉ូហាន ១៥:១០-១១)។
ដូច្នេះ នៅពេលដែលព្រះហាមយើងកុំឲ្យធ្វើបាប គឺទ្រង់ហាម ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះអង្គពិតជាចង់ការពារ កុំឲ្យយើង “លេងជាមួយភ្លើង” និងរលាកដៃ។-DENNIS…
មានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?
ក្នុងសៀវភៅរឿងប្រឌិត ដែលលោកស៊ីអេស លូអ៊ីស(C.S.Lewis)និពន្ធ មានចំណងជើងថា សំបុត្ររបស់អារក្ស គាត់បាននិយាយអំពីការសន្ទនារវាងអារក្សដែលមានតំណែងខ្ពស់ ជាមួយអារក្សថ្នាក់ក្រោម អំពីរបៀបល្បួងគ្រីស្ទបរិស័ទម្នាក់ ឲ្យបានជោគជ័យ។ អារក្សទាំងពីរចង់បំផ្លាញជំនឿ ដែលគ្រីស្ទបរិស័ទម្នាក់នោះ មានចំពោះព្រះ។ អារក្សថ្នាក់លើក៏និយាយទៅអារក្សថ្នាក់ក្រោមថា “កុំច្រឡំឲ្យសោះ។ បុព្វហេតុរបស់យើងត្រូវខូចខាតខ្លាំងបំផុត ពេលដែលមនុស្សម្នាក់ នៅតែទុកចិត្តព្រះ បន្ទាប់ពីខ្លួនបានមើលទៅចក្រវាលនៅជុំវិញខ្លួន តែមិនឃើញមានព្រះគង់នៅទីណាសោះ ហើយក៏បានសួរខ្លួនឯងថា តើព្រះបានបោះបង់ចោលខ្ញុំហើយឬ?”
យ៉ាងណាមិញ នៅក្នុងព្រះគម្ពីរ យើងឃើញមានគំរូរបស់មនុស្សជាច្រើន ដែលបានប្រព្រឹត្តដោយជំនឿ ទោះជាពួកគេមានអារម្មណ៍ថា ត្រូវគេបោះបង់ចោលក៏ដោយ។ លោកអាប់រ៉ាមធ្លាប់មានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចព្រះបន្ទូល ដែលទ្រង់បានសន្យាថា នឹងប្រទានឲ្យគាត់មានកូនស្នងត្រកូលម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់គិតថា ព្រះមិនបានអើពើចំពោះគាត់ ពេលគាត់មានបញ្ហា(ទំនុកដំកើង ១០:១)។ ពេលលោកយ៉ូបបានជួបទុក្ខលំបាកខ្លាំង គាត់គិតថា ព្រះទ្រង់ក៏នឹងផ្តាច់ជីវិតគាត់មិនខាន(យ៉ូប ១៣:១៥)។ ហើយពេលព្រះយេស៊ូវកំពុងជាប់លើឈើឆ្កាង ទ្រង់ក៏បានស្រែកថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែក្នុងរឿងនីមួយៗ ព្រះទ្រង់បានបង្ហាញនូវភាពស្មោះត្រង់របស់ទ្រង់ជានិច្ច(លោកុប្បត្តិ ២១:១-៧ ទំនុកដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។
ទោះសាតាំងព្យាយាមល្បួងឲ្យអ្នកគិតថា អ្នកត្រូវព្រះបោះបង់ចោលក៏ដោយ ក៏ព្រះទ្រង់តែងតែគង់នៅក្បែរជានិច្ច។ ទ្រង់មិនដែលបោះបង់កូនទ្រង់ឡើយ។ គឺដូចដែលទ្រង់បានមានបន្ទូលថា…
ឆ្លុះបញ្ចាំងអំពីសិរីល្អរបស់ព្រះ
លោកលី តាំង(Li Tang) ជាវិចិត្រករជនជាតិចិន នៅសតវត្សរ៍ទី១២ ដែលបានគូររូបទេសភាពដ៏រស់រវើក ដែលមានរូបមនុស្ស សត្វបក្សី និងសត្វក្របីដ៏គួរឲ្យគយគន់។ ដោយសារគាត់មានសមត្ថភាពដ៏អស្ចារ្យ នៅក្នុងការគូរវាសបានយ៉ាងល្អ នៅលើផ្ទាំងក្រណាត់សូត គេក៏បានចាត់ទុកគាត់ជាកំពូលវិចិត្រករ ផ្នែករូបទេសភាពនៃជនជាតិចិន។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលសិល្បៈករនៅទូទាំងពិភពលោក បានពិពណ៌នា អំពីអ្វីៗដែលពួកគេបានឃើញ នៅក្នុងស្នាព្រះហស្តបែបសិល្បៈដ៏អស្ចារ្យរបស់ព្រះ។ គឺដូចមានសេចក្តីចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាស ក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកដំកើង ១៩:១)។ ព្រះគម្ពីរបានចែងឲ្យយើងដឹងថា ភាពប៉ិនប្រសប់របស់មនុស្ស គឺជាអំណោយទានមកពីព្រះ ដែលបានបង្កើតយើងម្នាក់ៗមកឲ្យមានរូបភាពដូចទ្រង់ ដែលជាព្រះអាទិករ(លោកុប្បត្តិ ១:២៧)។
ព្រះទ្រង់បានជ្រើសរើសសិល្បៈករ ដែលជំនាញខាងឈើ មាស ប្រាក់ លង្ហិន និងត្បូង ឲ្យបង្កើតគ្រៀងលម្អរ គ្រឿងប្រដាប់ប្រើប្រាស់ អាសនា និងគ្រឿងក្រណាត់ នៅសម័យដែលពួកអ៊ីស្រាអែលថ្វាយបង្គំទ្រង់ ក្នុងរោងឧបោសថ(និក្ខមនំ ៣១:១-១១)។ សិល្បៈករទាំងនេះបានប្រើអំណោយទានរបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលមានប្រយោជន៍ខាងវិញ្ញាណ ដែលជំរុញ និងនាំពួកសង្ឃ និងរាស្រ្តរបស់ព្រះអម្ចាស់ ក្នុងការថ្វាយបង្គំទ្រង់ ដែលបានហៅពួកគេឲ្យធ្វើជារាស្រ្តព្រះអង្គ។
ការបង្ហាញចេញនូវភាពអស្ចារ្យ តាមទម្រង់សិល្បៈផ្សេងៗ បានឆ្លុះបញ្ចាំងអំពីសម្រស់នៃស្នាព្រះហស្ត និងថ្វាយព្រះកិត្តិនាមដល់ព្រះអាទិករ និងព្រះដ៏ប្រោសលោះ នៃពិភពលោកដ៏អស្ចារ្យ។-Dennis Fisher
ការបម្រើដ៏ស្មោះត្រង់
ដោយសារលោកស៊ី អេស លូអ៊ីស(C.S. Lewis) ធ្លាប់បានបម្រើក្នុងជួរទ័ព កាលពីសម័យសង្រ្គាមលោកទី១ នោះគាត់ក៏បានដឹងអំពីភាពតប់ប្រម៉ល់ នៃការងារជាទាហាន។ ក្នុងការថ្លែងសន្ទរកថាជាសាធារណៈ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ គាត់បានពិពណ៌នាយ៉ាងប៉ិនប្រសប់ អំពីទុក្ខលំបាក ដែលទាហានទាំងឡាយត្រូវជួបប្រទះ យ៉ាងដូចនេះថា “ការភ័យខ្លាច ដែលយើងមានចំពោះទុក្ខលំបាកគ្រប់យ៉ាង គឺប្រៀបបាននឹងទុក្ខលំបាកបានប្រមូលផ្តុំ នៅក្នុងជីវិតរបស់ទាហាន ដែលកំពុងបម្រើយ៉ាងសកម្ម នៅសមរភូមិ។ ជម្ងឺជាទុក្ខលំបាកដែលបានធ្វើឲ្យយើងខ្លាចការឈឺចាប់ និងសេចក្តីស្លាប់។ ភាពក្រីក្រីបានធ្វើឲ្យយើងខ្លាចការខ្វះខាត ភាពរងារ ភាពក្តៅហួតហែង និងការស្រេកឃ្លាន”។ ភាពជាទាសករ បានធ្វើឲ្យយើងខ្លាចការនឿយហត់ ភាពអន់ថោក ភាពអយុត្តិធម៌ និងការគៀបសង្កត់។ ការនិរទេសបានកាត់ផ្តាច់អ្នក ចេញពីមនុស្សជាទីស្រឡាញ់”។
សាវ័កប៉ុលបានពិពណ៌នាអំពីជីវិតរបស់ទាហាន ដែលត្រូវឆ្លងកាត់ទុក្ខលំបាកជាច្រើន ជាការប្រៀបប្រដូចទៅនឹងគ្រីស្ទបរិស័ទ ដែលអាចជួបទុក្ខលំបាក ក្នុងការបម្រើព្រះគ្រីស្ទ។ សាវ័កប៉ុលបានអត់ទ្រាំនឹងទុក្ខលំបាកដោយចិត្តស្មោះត្រង់ ដើម្បីដំណឹងល្អ រហូតដល់ចុងបញ្ចប់នៃជីវិតគាត់។ គាត់បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យមានការអត់ទ្រាំនឹងទុក្ខលំបាកផងដែរ គឺដូចដែលគាត់បានផ្តាំលោកធីម៉ូថេថា “ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ”(២ធីម៉ូថេ ២:៣)។
ការបម្រើព្រះគ្រីស្ទ តម្រូវឲ្យយើងមានចិត្តអំណត់។ យើងអាចជួបឧបស័គ្គដូចជា បញ្ហាសុខភាព ឬទំនាក់ទំនង ឬមួយជួបស្ថានភាពដែលពិបាកៗជាដើម។ តែក្នុងនាមជាទាហានដ៏ល្អ យើងត្រូវមមុលទៅមុខ ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះ ព្រោះយើងបម្រើស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ដែលបានលះបង់ព្រះជន្មដើម្បីយើងរាល់គ្នា!-Dennis Fisher
រៀនមិនចេះឈប់
សឺរល(Sheryl) ចូលចិត្តអានសៀវភៅខ្លាំងណាស់។ ពេលដែលអ្នកដទៃកំពុងរវល់មើលទូរទស្សន៍ ឬលេងហ្គេមវីដេអូ ភ្នែករបស់នាងបានផ្តោតទៅលើទំព័រសៀវភៅយ៉ាងជក់ចិត្ត។ នាងមានភាពឧស្សាហ៍ដូចនេះតាំងពីក្មេង។ ជាញឹកញាប់ ឪពុកម្តាយរបស់នាង បាននាំនាងទៅលេងម្តាយមីងរបស់ពួកគាត់ដែលជាម្ចាស់បណ្ណាគារមួយ។ នៅទីនោះ សឺរលតែងអង្គុយលើភ្លៅលោកតាអេឌ(Ed) ហើយគាត់ក៏បានអានសៀវភៅឲ្យស្តាប់ ដោយណែនាំនាងឲ្យស្គាល់ភាពអស្ចារ្យ និងភាពសប្បាយរីករាយ ដែលមានក្នុងសៀវភៅទាំងឡាយ។
កាលពីប៉ុន្មានសតវត្សរ៍មុន មានយុវជនម្នាក់ឈ្មោះ ធីម៉ូថេ បានទទួលការដឹកនាំ ឲ្យដើរតាមផ្លូវនៃការរៀនសូត្រ។ ក្នុងសំបុត្រចុងក្រោយរបស់សាវ័កប៉ុល គាត់បានទទួលស្គាល់ថា លោកធីម៉ូថេបានទទួលការណែនាំពីជីដូន និងម្តាយរបស់គាត់ ឲ្យសិក្សាព្រះគម្ពីរ(២ធីម៉ូថេ ១:៥)។ បន្ទាប់មក សាវ័កប៉ុលក៏បានលើកទឹកចិត្តធីម៉ូថេ ឲ្យបន្តរៀន និងនៅជាប់ក្នុងព្រះបន្ទូលព្រះ ព្រោះគាត់បានស្គាល់បទគម្ពីរទាំងប៉ុន្មាន តាំងពីក្មេង(២ធីម៉ូថេ ៣:១៤-១៥)។
សម្រាប់អ្នកជឿព្រះ យើងមិនគួរឈប់រៀនសូត្រខាងវិញ្ញាណឡើយ ព្រោះវាជួយឲ្យយើងមានអំណរ និងលូតលាស់ក្នុងជីវិតខាងវិញ្ញាណ។ ការអាន និងការរៀនព្រះគម្ពីរអាចជាផ្នែកដ៏ធំមួយ នៅក្នុងការរៀនសូត្រខាងវិញ្ញាណ តែយើងក៏ត្រូវការអ្នកដទៃលើកទឹកចិត្ត និងបង្រៀនយើងផងដែរ។
តើនរណាជួយឲ្យអ្នកលូតលាស់ខាងវិញ្ញាណ? ហើយតើមាននរណាខ្លះ ដែលអ្នកអាចជួយឲ្យលូតលាស់ខាងវិញ្ញាណ? កាលណាយើងជួយអ្នកដទៃឲ្យលូតលាស់ គឺមានន័យថា យើងកំពុងមានការដឹងគុណ និងសរសើរដំកើងព្រះ ហើយពង្រឹងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ឲ្យកាន់តែរឹងមាំឡើង។-Dennis Fisher