មនុស្ស​បាន​ពឹង​ផ្អែក​លើ​ពន្លឺ​ថ្ងៃ និង​ពន្លឺ​ព្រះ​ច័ន្ទ ដើម្បី​បំភ្លឺ​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ អស់​ជា​ច្រើន​ជំនាន់​រាប់​មិន​អស់។ ពន្លឺ​ព្រះ​ច័ន្ទ​ជួយ​បំភ្លឺ​ផ្លូវ​នៅ​ពេល​យប់ រី​ឯ​ពន្លឺ​ថ្ងៃ​ផ្តល់​កំារស្មី ដែល​ផ្តល់​ជីវិត​ដល់​រុក្ខ​ជាតិ​ហូបផ្លែ​ និង​ផ្តល់​ជីវជាតិ​ដែល​រូប​កាយយើង​ត្រូវ​ការ ហើយ​បំភ្លឺ​លោកា នៅ​ពេល​ថ្ងៃ និយាយ​រួម​ព្រះ​បាន​ប្រទាន​ពន្លឺ​ដ៏​អស្ចារ្យ​តាម​រយៈ​តួ​ពន្លឺ​ទាំង​ពីរ​នេះ។ យ៉ាងណា​មិញ ព្រះ​គម្ពីរ​លោកុប្បត្តិ​បាន​ចែង​ថា ព្រះ​ទ្រង់ “ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់”(លោកុប្បត្តិ ១:១៦)។

ប៉ុន្តែ ថ្ងៃ​ណា​មួយ ព្រះ​អង្គ​នឹង​ប្រទាន​នូវ​ពន្លឺ​មួយ​ប្រភេទ​ទៀត ដល់​មនុស្ស​ជាតិ។ សាវ័ក​យ៉ូហាន​បាន​កត់​ទុក​ក្នុង​កណ្ឌ​គម្ពីរវិវរណៈ​ថា ទីក្រុង​យេរូសឡិមថ្មី “មិន​ត្រូវ​ការ​នឹង​ព្រះ​អាទិត្យ ឬ​ព្រះ​ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរីល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ”(២១:២៣)។ ពាក្យ “ពន្លឺ” ដែល​បាន​ប្រើ​ក្នុង​បទ​គម្ពីរ​នេះ គឺ​ប្រៀប​បាន​នឹង​ចង្កៀងដ៏​ធំ​មួយ។ ព្រះ​គ្រីស្ទ​ដែល​មាន​ពេញ​ដោយ​សិរីល្អ នឹង​ជា​ចង្កៀង​ខាង​វិញ្ញាណ ដែល​បំ​ភ្លឺ​ផែន​ដី​ថ្មី​​មាន​ពេញដោយ​អំណរ។ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា “កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក”(យ៉ូហាន ១:២៩)។ ព្រះ​អង្គជា​ប្រភព​នៃ​ពន្លឺ​ខាង​វិញ្ញាណ ដែល​ធ្វើ​ឲ្យ​អ្នក​ដើរ​តាម​ព្រះ​អង្គ ក្លាយ​ជា “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះ​អង្គនឹង​ក្លាយ​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​យើង អស់​កល្ប​ជា​និច្ច(វិវរណៈ ២១:២៣)។ តើ​យើង​នឹង​មាន​ចិត្ត​រំភើប​យ៉ាង​ណា ពេលដែល​បានរស់​នៅ​ក្នុង​ពន្លឺ​​កូន​ចៀម​នៃ​ព្រះ!-Dennis Fisher