សៀវ​ភៅ​មាន​ចំណង​ជើង​ថា “នៅ​លើ​ស្លាប”  ជា​ស្នា​ដៃ​និពន្ធ​របស់​លោក​លោកអាឡាន ធេននិន(Alan Tennant) ដែល​ពិពណ៌នា​អំពី​កិច្ច​ប្រឹង​ប្រែង​របស់​គាត់ នៅ​ក្នុង​ការ​តាម​ដាន​ការ​បន្លាស់​ទី របស់​សត្វ​ស្ទាំង​ពេរេគ្រីន។ ដោយ​សារ​ពួក​វា​ជា​ពូជ​សត្វ​ស្ទាំង​ដ៏​មាន​តម្លៃ ដែល​មាន​រូប​រាង្គ​ស្អាត​ល្អ មាន​ភាព​រហ័ស​រហួន និង​កម្លាំង នោះ​សត្វ​បក្សី​ប្រម៉ាញ់​ដ៏​អស្ចារ្យ​នេះ​បាន​ក្លាយ​ជា ដៃ​គូរ​ប្រម៉ាញ់​ដែល​ពួក​អធិរាជ្យ និង​ពួក​អភិជន​ចូល​ចិត្ត​យក​ទៅ​ជា​មួយ ពេល​ចេញ​ទៅ​បរ​បាញ់​សត្វ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត DDT យ៉ាង​ទូលំ​ទូលាយ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៥០ បាន​រំខាន​ដល់​វដ្ត​នៃ​ការ​បង្ករ​កំណើត​របស់​ពួក​វា ហើយ​គេ​ក៏​បាន​ដាក់​ពួក​វា​ក្នុង​ចំណោម​សត្វ​ដែល​ជិត​ផុត​ពូជ។

ដោយ​សារ​លោក​ធេននិន​មាន​ការ​ចាប់​អារម្មណ៍ នៅ​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​ពូជ​សត្វ​ស្ទាំង​មួយ​ប្រភេទ​នេះ គាត់​ក៏​បាន​ដាក់​ឧបករណ៍​តាម​ដាន​ជាប់​នឹង​ជើង​សត្វ​ស្ទាំង​មួយ​ចំនួន ដែល​គាត់​បាន​ជ្រើស​រើស ដើម្បី​តាម​ដាន​របៀប​នៃ​ការ​បន្លាស់​ទី​របស់​ពួក​វា។ ប៉ុន្តែ ពេល​គាត់ និង​អ្នក​បើក​បរ​យន្ត​ហោះ​របស់​គាត់ កំពុង​បើក​បរយន្ត​ហោះ​តាម​ពីក្រោយ​សត្វ​បក្សី​ទាំង​នោះ ពួក​គេ​ក៏​ស្រាប់​តែ​បាត់សញ្ញា​ទាក់​ទង​ម្តង​ហើយ​ម្តង​ទៀត ពី​ឧបករណ៍​តាម​ដាន​ដែល​បាន​ភ្ជាប់​នឹង​ជើង​សត្វ​ស្ទាំង​ទាំង​នោះ។ ទោះ​ពួក​គេ​មាន​បច្ចេក​វិទ្យា​ទំនើបក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​តាម​ដាន​សត្វ​បក្សី​ដែល​ពួក​គេ​ចង់​ជួយ​ស្រោច​ស្រង់​នោះឡើយ។

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​ដែល​ថែរក្សា​យើង​រាល់​គ្នា ទ្រង់​យាង​ទៅ​ជាមួយ​យើង​ជា​និច្ច ហើយ​ទោះ​យើង​ទៅ​ទី​ណា ក៏​មិន​ដែល​បាត់​ពី​ព្រះ​ភក្រ្ត​ទ្រង់​ឡើយ។ តាម​ពិត ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ … យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន”(ម៉ាថាយ ១០:២៩-៣១)។

ពេល​យើង​ជួប​ស្ថាន​ភាព​ដែល​ពិបាក ការ​ភ័យ​ខ្លាច​អាច​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​ស្ថាន​ភាព​របស់​យើង​ឬ​ទេ។ តែ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​បាន​ធានា​ដល់​យើង​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង ហើយ​ក៏​កំពុង​គ្រប់​គ្រង​ស្ថាន​ភាព​របស់​យើង​ផង។ ទ្រង់​កំពុង​តាម​ដាន​ជីវិត​យើង មិន​ដែល​ខាន​ម្តង​ណា​ឡើយ។-Dennis Fisher