ចូលក្នុងគ្រួសាររបស់ព្រះ
ពេលលោកមួរីស គ្រីហ្វហ្វ៊ីន(Maurice Griffin) មានអាយុ៣២ឆ្នាំ គេបានទទួលយកគាត់ជាកូនចិញ្ចឹមម្តងទៀត។ កាលពីមុន គាត់បានរស់នៅ ជាមួយអ្នកស្រីលីសា(Lisa) និងលោកឆាល ហ្គតបូល(Charles Godbold) ជាឪពុកម្តាយចិញ្ចឹម អស់រយៈពេល២០ឆ្នាំ។ ក្រោយមកលោកមួរីស ក៏បានរស់នៅ ដោយពឹងផ្អែកលើខ្លួនឯងមួយរយៈ ប៉ុន្តែ ទោះជាយ៉ាងក៏ដោយ គាត់និងអតីតឪពុកម្តាយចិញ្ចឹម នៅតែចង់ឲ្យគាត់រស់នៅជុំគ្នា ជាកូនចិញ្ចឹមជានិច្ច។ ពេលដែលពួកគេជួបជុំគ្នាឡើងវិញ គាត់ក៏បានក្លាយជាកូនចិញ្ចឹមជាផ្លូវការណ៍។ ពេលនោះ លោកមួរីសក៏បានមានប្រសាសន៍ថា “ពេលនេះ អាចជាពេលដែលសប្បាយបំផុត ក្នុងជីវិតរបស់ខ្ញុំ … ខ្ញុំសប្បាយចិត្តណាស់ ដែលបានត្រឡប់មកជួបជុំគ្រួសារវិញ”។
អ្នកដែលបានក្លាយជាសមាជិកថ្មី ក្នុងគ្រួសាររបស់ព្រះ ក៏អាចនិយាយផងដែរថា “ពេលនេះជាពេលដែលសប្បាយបំផុត ក្នុងជីវិតខ្ញុំ”។ ពេលយើងទទួលជឿព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ យើងក្លាយជាកូនរបស់ព្រះ ហើយព្រះអង្គក្លាយជាព្រះវរបិតានៃយើង។ ព្រះគម្ពីរបានធានាយើងថា “អ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៦)។ ក្នុងនាមជាកូនរបស់ព្រះ យើងមានបងប្អូនខាងវិញ្ញាណ ដែលជាបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ ហើយយើងទាំងអស់គ្នា មានចំណែក នៅក្នុងកេរមរតកដ៏អស់កល្បជានិច្ច(កូល៉ុស ១:១២)។ ម្យ៉ាងទៀត ព្រះវិញ្ញាណរបស់ព្រះយេស៊ូវ គង់នៅក្នុងចិត្តយើង ហើយជួយឲ្យយើងអធិស្ឋាន ទៅកាន់ព្រះវរបិតាថា អ័ប្បា ព្រះវរបិតាអើយ(កាឡាទី ៤:៦) …
ទទួលផ្លែប៉េងបោះដោយឥតគិតថ្លៃ
មានពេលមួយ ខ្ញុំបានទៅទិញគ្រឿងទេស សម្រាប់ធ្វើម្ហូប។ ពេលខ្ញុំកំពុងដាក់គ្រឿងទេសចូលក្នុងគូទឡាន ខ្ញុំបានចោលកន្ទុយភ្នែកមើលឡានមួយ ដែលនៅក្បែរនោះ។ ខ្ញុំបានមើលតាមកញ្ចក់ខាងក្រោយរបស់ឡាននោះ ឃើញផ្លែប៉េងបោះជាច្រើនកន្រ្តក ដែលមានពណ៌ក្រហមឆ្អៅ រលោងៗ និងមូលល្អណាស់ ហើយមើលទៅល្អជាងផ្លែប៉េងបោះ ដែលខ្ញុំបានឃើញក្នុងហាងទៀត។ មួយសន្ទុះក្រោយមក ម្ចាស់រថយន្តក៏បានចេញមក ហើយខ្ញុំក៏បានប្រាប់គាត់ថា “អ្នកមានផ្លែប៉េងបោះល្អៗណាស់!” នាងក៏បានតបថា “ឆ្នាំនេះ ដំណាំរបស់ខ្ញុំបានទទួលផលល្អណាស់។ អ្នកចង់បានផ្លែប៉េងបោះខ្លះទេ?” ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលនាងព្រមចែកផ្លែប៉េងប៉ោះខ្លះឲ្យខ្ញុំ ហើយខ្ញុំក៏បានទទួលយកដោយក្តីរីករាយ។ នាងបានឲ្យផ្លែប៉េងបោះបួនប្រាំផ្លែមកខ្ញុំ ដោយឥតគិតថ្លៃ សម្រាប់យកទៅផ្ទះ។ ប៉េងបោះនោះពិតជាមានរស់ជាតិល្អ ដូចរូបរាង្គខាងក្រៅរបស់វាអញ្ចឹង!
ការនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីវិញ្ញាណនៃភាពសប្បុរសរបស់ជនជាតិអ៊ីស្រាអែល ដែលមានទំហំធំធេង ពេលដែលពួកគេថ្វាយដង្វាយ សម្រាប់ការសាងសង់រោងឧបោសថថ្វាយព្រះ។ ពេលដែលលោកម៉ូសេប្រាប់ពួកគេ ឲ្យថ្វាយដង្វាយជាសម្ភារៈ សម្រាប់សាងសង់ទីបរិសុទ្ធនោះ “អស់អ្នកណាដែលមានសេចក្តីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ”(និក្ខមនំ ៣៥:២១)។ ពួកអ៊ីស្រាអែលមានចិត្តឆេះឆួល នៅក្នុងការថ្វាយដល់ព្រះ នូវគ្រឿងអល្ល័ង្កាដែលធ្វើពីមាស អំបោះពណ៌ អំបោះខ្លូតទេស ប្រាក់ លង្ហិន ត្បូង និងគ្រឿងទេស។ អ្នកខ្លះក៏បានថ្វាយពេលវេលា និងអំណោយទានរបស់ខ្លួន ក្នុងការសាងសង់នេះផងដែរ(ខ.២៥-២៦)។
បើសិនជាយើងយកគំរូតាមពួកអ៊ីស្រាអែល ហើយស្ម័គ្រចិត្តថ្វាយធនធានរបស់យើង នោះយើងបានបំពេញព្រះទ័យព្រះ ហើយថ្វាយព្រះកិត្តិនាមព្រះអង្គ ដោយអាកប្បកិរិយ៉ា និងដង្វាយរបស់យើង។…
ស្លៀកពាក់ដើម្បីបោកបញ្ឆោត
ថ្ងៃមួយ លោកខូធី ខ្រេតតុន(Coty Creighton) បានដើរលេងកម្សាន្តក្នុងតំបន់ព្រៃភ្នំ នៃរដ្ឋយូតាហ៍។ ពេលនោះ គាត់ក៏បានឃើញសត្វពពែមួយក្បាល ដែលមានរូបរាង្គខុសពីពពែដទៃទៀត នៅក្នុងហ្វូង។ ពេលគាត់ចូលទៅមើលជិត ក៏បានដឹងថា សត្វពពែចំឡែកនោះ គឺជាមនុស្សប្រុសម្នាក់ ដែលបានស្លៀកពាក់ដូចសត្វពពែ។ ពួកអាជ្ញាធរក្នុងតំបន់ ក៏បានទាក់ទងគាត់ ដើម្បីសួរនាំ ហើយគាត់ក៏បានរៀបរាប់ថា គាត់បានយកអាវជាប់ខោរបស់ជាងលាបថ្នាំមកបិតរោមចៀមពីលើ ដើម្បីសាកល្បងមើល ថាតើគាត់អាចបន្លំខ្លួន នៅក្នុងការបរបាញ់សត្វបានឬអត់។
ការបន្លំខ្លួនរបស់ព្រានព្រៃម្នាក់នេះ បានក្រើនរំឭកខ្ញុំ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវដែលបានប្រាប់យើងថា “ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ”(ម៉ាថាយ ៧:១៥)។ ពួកគ្រូបង្រៀនក្លែងក្លាយ មិនមានផលផ្លែខាងវិញ្ញាណរបស់ព្រះវិញ្ញាណបរិសុទ្ធទេ(កាឡាទី ៥:២២-២៣)។ ផ្ទុយទៅវិញ ពួកគេ “ដើរតាមសាច់ឈាម … ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ”(២ពេត្រុស ២:១០) គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ហើយក៏មានចិត្តលោភ(ខ.១០,១៤)។ ពួកគេធ្វើអ្វីតាមតែសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ហើយកេងប្រវ័ញ្ចអ្នកដទៃ ដោយប្រើ “ពាក្យបញ្ឆោតបំពោត”(ខ.៣)។ ព្រះគម្ពីរបានចែងថា ពួកគ្រូក្លែងក្លាយនោះ កំពុងតែដាំក្បាលចុះទៅរកសេចក្តីហិនវិនាស ហើយនឹងនាំមនុស្សជាច្រើនដែលមិនបានដឹងខ្លួន ទៅជាមួយផង(ខ.១-២)។
ព្រះយេស៊ូវជាអ្នកគង្វាលដ៏ល្អ។ ព្រះអង្គមិនបានដឹកនាំយើង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់ព្រះជន្មដើម្បីចៀមរបស់ព្រះអង្គ។ ព្រះមិនសព្វព្រះទ័យឲ្យនរណាម្នាក់ត្រូវពួកគ្រូក្លែងក្លាយនាំឲ្យវង្វេងឡើយ។…
សេចក្តីស្រឡាញ់ដ៏ពិត
ក្នុងអំឡុងពេលដែលប្អូនប្រុសរបស់ខ្ញុំហាត់សម សម្រាប់ពិធីមង្គលការរបស់គាត់ ស្វាមីរបស់ខ្ញុំ បានថតរូបកូនក្រមុំ និងកូនកំលោះដែលកំពុងឈរទល់មុខគ្នា នៅចំពោះមុខលោកគ្រូគង្វាល។ ពេលយើងមើលរូបថតនោះ នៅពេលក្រោយមកទៀត យើងក៏បានកត់សំគាល់ឃើញថា ពន្លឺភ្លើងផ្លាស់ ក្នុងរូបថតនោះ បានធ្វើឲ្យឈើឆ្កាងដែក នៅពីក្រោយពួកគេមានពន្លឺចាំង មើលទៅដូចមានពន្លឺអ្វីមួយចែងចាំងពីលើពួកគេអញ្ចឹង។
ទោះជាយ៉ាងណាក៏ដោយ រូបថតមួយនេះបានរំឭកខ្ញុំថា ទំនាក់ទំនងប្តីប្រពន្ធជារូបភាពដែលឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់ដែលព្រះគ្រីស្ទមាន ចំពោះពួកជំនុំ គឺដូចដែលព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់នោះ នៅលើឈើឆ្កាង។ ពេលដែលព្រះគម្ពីរបង្គាប់ប្តីឲ្យស្រឡាញ់ប្រពន្ធរបស់ខ្លួន(អេភេសូរ ៥:២៥) ព្រះបានប្រៀបធៀបសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួននោះ ទៅនឹងសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានចំពោះពួកជំនុំព្រះអង្គ។ ដោយសារព្រះគ្រីស្ទបានលះបង់ព្រះជន្មព្រះអង្គ ដោយសារសេចក្តីស្រឡាញ់ នោះយើងរាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក(១យ៉ូហាន ៤:១០-១១)។ ព្រះអង្គបានសុគតជួសយើង ដើម្បីកុំឲ្យយើងដាច់ចេញពីព្រះអង្គ អស់កល្បជានិច្ច ដោយសារអំពើបាបរបស់យើង។ មានពេលមួយ ព្រះអង្គបានមានបន្ទូលមកកាន់ពួកសាវ័កថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ក្រោយមក ព្រះអង្គក៏បានធ្វើតាមព្រះបន្ទូលព្រះអង្គ ដោយរងទុក្ខ និងសុគតជួសយើងរាល់គ្នា។
មានមនុស្សជាច្រើនបានរងទុក្ខ ដោយសារត្រូវគេបោះបង់ចោល បដិសេធ ឬក្បត់។ ទោះជាយ៉ាងណាក៏ដោយ យើងអាចយល់អំពីសេចក្តីស្រឡាញ់ដ៏ពិត ដែលមានការលះបង់ ការអាណិតអាសូរ និងការអត់ធ្មត់ តាមរយៈព្រះគ្រីស្ទ។ នៅថ្ងៃនេះ សូមយើងចាំថា ព្រះស្រឡាញ់យើង។ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គស្រឡាញ់យើង…
ព្រះអង្គស្តាប់ឮ
បន្ទាប់ពីខ្ញុំបានអានសៀវភៅរឿងកុមារមួយចំនួន ជាមួយកូនស្រីរបស់ខ្ញុំមក ខ្ញុំក៏បានប្រាប់នាងថា ខ្ញុំនឹងអានសៀវភៅមនុស្សធំតែម្នាក់ឯង មួយរយៈសិន រួចហើយយើងនឹងអានសៀវភៅរឿងកុមារជាមួយគ្នាទៀត។ ខ្ញុំក៏បានបើកសៀវភៅ ហើយក៏ចាប់ផ្តើមអានយ៉ាងស្ងាត់ស្ងៀម។ ពីរបីនាទីក្រោយមក នាងក៏បានក្រឡេចមើលមកខ្ញុំទាំងមន្ទិល ហើយនិយាយថា “ម៉ាក់! ម៉ាក់អត់អានសៀវភៅផងហ្នឹង”។ ត្រង់ចំណុចនេះ នាងបានសន្និដ្ឋានថា ខ្ញុំមិនមែនកំពុងអានសៀវភៅទេ ព្រោះខ្ញុំមិនបានបញ្ចេញសម្លេងអាន។ ជាការពិតណាស់ យើងអាចអានសៀវភៅយ៉ាងស្ងាត់ស្ងៀម ដោយមិនបញ្ចេញសម្លេងក៏បាន។
យ៉ាងណាមិញ យើងក៏អាចអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ដោយមិនបញ្ចេញសម្លេងផងដែរ។ ពេលដែលនាងហាណាចង់បានកូនមួយ នាងបានទៅព្រះវិហារ ហើយអធិស្ឋាន “នឹកតែក្នុងពោះ”។ បបូរមាត់របស់នាងកម្រើក តែឥតឮសំឡេងនាងឡើយ(១សាំយ៉ូអែល ១:១៣)។ ពេលលោកអេលី ដែលជាសង្ឃរបស់ព្រះ បានឃើញនាងអធិស្ឋានដូចនេះ គាត់មានការយល់ច្រឡំស្មានថា នាងស្រវឹងស្រា។ បានជានាងជម្រាបគាត់ថា “ខ្ញុំ…បានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ”(ខ.១៥)។ ព្រះក៏បានស្តាប់ឮសេចក្តីសំណូមរបស់នាងហាណា ក្នុងការអធិស្ឋានដ៏ស្ងាត់ស្ងៀមនោះ ហើយព្រះអង្គក៏បានប្រទានកូនប្រុសមួយដល់នាង(ខ.២០)។
ដោយសារព្រះអម្ចាស់ទ្រង់ស្ទង់មើលចិត្ត និងគំនិតរបស់យើង(យេរេមា ១៧:១០) នោះព្រះអង្គក៏ជ្រាប និងស្តាប់ឮយើងអធិស្ឋានជានិច្ច ទោះយើងមិនបានបញ្ចេញសម្លេងតាមបបូរមាត់យើងក៏ដោយ។ ដោយសារព្រះអង្គជាព្រះសព្វញូញាញ ដែលជ្រាបអំពីអ្វីៗទាំងអស់ នោះយើងអាចអធិស្ឋាន ដោយទុកចិត្តទាំងស្រុងថា ព្រះអង្គនឹងស្តាប់ឮ និងឆ្លើយតបការអធិស្ឋានរបស់យើង(ម៉ាថាយ ៦:៨,៣២)។ ហេតុនេះហើយ យើងអាចបន្តសរសើរដំកើងព្រះអង្គ សូមឲ្យព្រះអង្គជួយ និងអរព្រះគុណព្រះអង្គជានិច្ច សម្រាប់ព្រះពរដែលព្រះអង្គប្រទាន ទោះបីជាអ្នកដទៃមិនអាចស្តាប់ឮក៏ដោយ។-Jennifer Benson…
ធ្វើឥដ្ឋដោយគ្មានចំបើង
មនុស្សជាច្រើនបានជួបបញ្ហា នៅក្នុងការងារ ដោយសារធនធានមានកំណត់។ យើងនៅតែមិនអាចសម្រាលបន្ទុករបស់យើង ដោយសារយើងមានថវិការ និងពេលវេលាតិចជាងមុនកម្លាំងយើងក៏ចុះខ្សោយ ហើយអ្នកជួយយើងក៏មានគ្នាកាន់តែតិច។ ជួនកាល បន្ទុកនោះក៏កាន់តែធ្ងន់ថែមទៀត។ ទាក់ទង់នឹងបញ្ហានេះ មានពាក្យស្លោកមួយបានពោលថា “គេឲ្យធ្វើឥដ្ឋកាន់តែច្រើន ដោយប្រើចំបើងកាន់តែតិច”។
ពាក្យមួយឃ្លានេះ សំដៅទៅលើទុក្ខវេទនារបស់សាសន៍អ៊ីស្រាអែល ពេលពួកគេកំពុងជាប់ជាទាសករ ក្នុងនគរអេស៊ីព្ទ។ កាលនោះ ស្តេចផារ៉ោនបានសម្រេចចិត្តឈប់ផ្គត់ផ្គង់ចំបើង ដល់ពួកគេ តែទ្រង់បានតម្រូវឲ្យពួកគេផលិតឥដ្ឋឲ្យបានចំនួនដដែល ជារៀងរាល់ថ្ងៃ។ ពួកគេក៏បានដើររកចំបើង ដោយខ្លួនឯង ទន្ទឹមនឹងនោះ ពួកមេតម្រួតរបស់ស្តេចផារ៉ោនបានវាយដំពួកគេ ហើយបង្ខំពួកគេឲ្យធ្វើការកាន់តែច្រើនជាងមុន(និក្ខមនំ ៥:១៣)។
ពួកអ៊ីស្រាអែលមានការបាក់ទឹកចិត្តយ៉ាងខ្លាំង បានជាពួកគេមិនព្រមស្តាប់ព្រះរាជសាររបស់ព្រះសោះឡើយ ពេលដែលព្រះអង្គមានបន្ទូលតាមរយៈលោកម៉ូសេថា ព្រះអង្គនឹងនាំពួកគេរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបម្រើគេ ព្រះអង្គនឹងលើកព្រះហស្តឡើងលោះ ពួកគេ ដោយការវិនិច្ឆ័យយ៉ាងធំ”(៦:៦)។
ទោះបីជាពួកអ៊ីស្រាអែលបដិសេធមិនព្រមស្តាប់ព្រះរាជសាររបស់ព្រះក៏ដោយ ក៏ព្រះអង្គនៅតែបន្តដឹកនាំ និងបញ្ជាលោកម៉ូសេ ដោយរៀបចំខ្លួនគាត់ ឲ្យទៅចូលគាល់ស្តេចផារ៉ោន។ ព្រះអង្គនៅតែកាន់ខាងពួកអ៊ីស្រាអែល យ៉ាងខ្ជាប់ខ្ជួន ពោលគឺព្រះអង្គនៅតែសកម្មជានិច្ច នៅពីក្រោយស្ថានភាពទាំងនោះ។ យើងក៏អាចមានការធ្លាក់ទឹកចិត្ត ហើយមិនព្រមស្តាប់ការលើកទឹកចិត្ត ដូចពួកអ៊ីស្រាអែលផងដែរ។ ប៉ុន្តែ ក្នុងពេលដ៏ខ្មៅងងឹត យើងអាចមានការកម្សាន្តចិត្ត ដោយចងចាំថា ព្រះអង្គជាអ្នកប្រោសយើងឲ្យរួច(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គតែងតែជួយដោះស្រាយបញ្ហាជួសយើង សូម្បីតែនៅពេលដែលយើងមិនអាចមើលឃើញព្រះអង្គធ្វើការអ្វីខ្លះក៏ដោយ។-Jennifer Benson Schuldt
ជំនួយពីព្រះវិញ្ញាណបរិសុទ្ធ
មានមនុស្សជាច្រើនបានសន្យាខ្លួនឯងថា នឹងធ្វើនូវកិច្ចការដ៏គួរឲ្យកត់សំគាល់ជាច្រើន នៅក្នុងការចាប់ផ្តើមនៃឆ្នាំថ្មី។ គេសន្យាថា ខ្ញុំនឹងសន្សំលុយឲ្យកាន់តែច្រើន ហាត់ប្រាណបន្ថែមទៀត ឬចំណាយពេលទៅលើអ៊ីនធឺណិត ឲ្យបានតិចជាងមុនជាដើម។ យើងចាប់ផ្តើមឆ្នាំថ្មី ដោយមានបំណងល្អ ប៉ុន្តែ មិនយូរប៉ុន្មាន ទម្លាប់អាក្រក់ដែលយើងមានតាំងពីយូរមកហើយ ក៏បានល្បួងយើង ឲ្យដើរតាមផ្លូវចាស់ទៀត។ បានជាយើងរអិលដួលម្តងម្កាល តែក្រោយមក ការរអិលដួលនោះ ក៏កើតមានជាញឹកញាប់ទៅៗ ហើយក៏រអិលដួលគ្រប់ពេលតែម្តង។ ទីបំផុត ការប្តេជ្ញាចិត្តដែលយើងមាននៅដើមឆ្នាំ ហាក់ដូចជាមិនដែលមានទៅវិញ។
យើងមិនគួរជ្រើសរើសគោលដៅ ដោយចិត្តឯង ដើម្បីធ្វើឲ្យខ្លួនឯងចម្រើនឡើងឡើយ ផ្ទុយទៅវិញ យកល្អ យើងគួរតែសួរខ្លួនឯងថា “តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី សម្រាប់ឆ្នាំថ្មីនេះ?” ព្រះអម្ចាស់បានបើកសម្តែង តាមរយៈលោកហោរាមីកាថា ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាប(មីកា ៦:៨)។ ការធ្វើដូចនេះ គឺជួយឲ្យវិញ្ញាណរបស់យើងចម្រើនឡើង។
សូមអរព្រះគុណព្រះអម្ចាស់ ដែលយើងមិនចាំបាច់ត្រូវពឹងផ្អែកទៅលើកម្លាំងរបស់យើង។ ព្រះវិញ្ញាណបរិសុទ្ធមានអំណាច ជួយឲ្យយើងមានការរីកលូតលាស់ខាងវិញ្ញាណ ក្នុងនាមជាគ្រីស្ទបរិស័ទ។ ព្រះបន្ទូលព្រះបានចែងថា ព្រះអង្គអាចប្រោសប្រទាន “ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចម្រើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង”(អេភេសូរ ៣:១៦)។
ដូចនេះ ខណៈពេលដែលយើងចាប់ផ្តើមឆ្នាំថ្មីនេះ ចូរយើងប្តេជ្ញាចិត្ត រស់នៅឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយយើង ពេលដែលយើងខិតខំដើរជាមួយព្រះអង្គ ដោយការបន្ទាបខ្លួន។-Jennifer…
ដំណើរជីវិតដែលថយក្រោយ
ទន្លេឈិកាហ្គោ មានភាពមិនប្រក្រតី ដោយសារវាហូរបញ្ច្រាសទិស។ ក្រុមវិស្វករបានបង្វែរទិសដៅរបស់វា ឲ្យហូរបញ្រ្ចាសយ៉ាងដូចនេះ អស់ជាងមួយសតវត្សរ៍ហើយ ដោយសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងឈីកាហ្គោបានបំពល់ទឹកទន្លេនេះ។ គេបានបង្ហូរទឹកលាងចាន ទឹកលូ និងកាកសំណង់រោងចក្រ ចូលទៅក្នុងទន្លេនេះ ហើយទន្លេនេះហូរចូលបឹងមីឈីហ្គិន។ ដោយសារបឹងនេះជាប្រភពទឹកប្រើប្រាស់សម្រាប់ទីក្រុង មានប្រជាពលរដ្ឋរាប់ពាន់នាក់មានជម្ងឺ និងបាត់បង់ជីវិត ដោយសារទឹកកក្វក់នោះ ហេតុនេះហើយ អាជ្ញាធរក្រុងក៏បានសម្រេចចិត្ត ផ្លាស់ប្តូរទិសដៅទឹកទន្លេ ឲ្យហូរបញ្រ្ចាស ចេញពីបឹងនោះវិញ។
យ៉ាងណាមិញ ពេលយើងក្រឡេចមកមើលដំណើរជីវិតរបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ យើងប្រហែលជាគិតថា ព្រះអង្គហាក់ដូចជាមានដំណើរជីវិតដែលបញ្រ្ចាសថយក្រោយ ខុសពីការរំពឹងគិតរបស់យើង។ ព្រះអង្គជាព្រះដ៏មានសិរីល្អ តែព្រះអង្គបានយាងចុះមកផែនដី ដើម្បីប្រសូត្រជាទារក ដែលងាយនឹងរងគ្រោះ។ ព្រះអង្គជាព្រះដែលយាងមកយកកំណើតជាមនុស្ស ដូចនេះ ពេលដែលព្រះអង្គប្រកាស់ថា ព្រះអង្គជាព្រះ គេបានចោទព្រះអង្គ ថាបានពោលពាក្យប្រមាថព្រះ។ ព្រះអង្គប្រសូត្រមកជាមនុស្សដែលគ្មានបាប ឬគ្មានកំហុសអ្វីទាល់តែសោះ តែគេបានឆ្កាងព្រះអង្គ ដូចឧក្រឹដ្ឋជន។ ប៉ុន្តែ ព្រះអង្គបានរស់នៅក្នុងលោកិយ តាមបំណងព្រះទ័យព្រះ(យ៉ូហាន ៦:៣៨)។ ពេលដែលយើង យកតម្រាប់តាមព្រះយេស៊ូវ ក្នុងនាមជាអ្នកដើរតាមព្រះអង្គ លោកិយគេអាចគិតថា យើង“កំពុងមានដំណើរថយក្រោយ”។ ការឲ្យពរដល់ខ្មាំងសត្រូវរបស់យើង(រ៉ូម ១២:១៤) ឲ្យតម្លៃការគោរពប្រតិបត្តិព្រះ ឲ្យបានខ្លាំងជាងទ្រព្យសម្បត្តិ(១ធីមូថេ ៦:៦-៩) និងការមានអំណរ ក្នុងពេលរងទុក្ខលំបាក(យ៉ាកុប ១:២) ហាក់ដូចជាផ្ទុយពីទស្សនៈរបស់លោកិយ។…
ស្វាគមន៍ការវិល ត្រឡប់មកវិញ
លោកជីម(Jim) បានសម្រេចចិត្តដើរតាមព្រះយេស៊ូវ ពេលគាត់មានអាយុ១០ឆ្នាំ។ ១៥ឆ្នាំក្រោយមក ការប្តេជ្ញាចិត្តរបស់គាត់មានការខ្សោយទៅៗ។ គាត់បានអនុវត្តតាមទស្សនវិជ្ជា ដែលបង្រៀនឲ្យរស់នៅ សម្រាប់តែពេលបច្ចុប្បន្ន ហើយក៏ប្រែជាមានទម្លាប់អាក្រក់មួយចំនួន។ បន្ទាប់មក ជីវិតរបស់គាត់ហាក់ដូចជាជួបក្តីអន្តរាយ។ គាត់មានបញ្ហានៅកន្លែងធ្វើការ។ សមាជិកគ្រួសាររបស់គាត់៣នាក់ បានស្លាប់ស្ទើរតែក្នុងពេលតែមួយ។ លោកជីមក៏ចាប់ផ្តើមមានការភ័យខ្លាច និងការសង្ស័យ ក្នុងជីវិត ដោយគ្មានអ្វីជាទីពឹងទៀតឡើយ។ តែថ្ងៃមួយ គាត់បានអានបទគម្ពីរ ទំនុកដំកើង ១២១:២ ដែលចែងថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”។ ព្រះបន្ទូលបានចាក់ទំលុះការភ័យខ្លាច និងការភ័នច្រឡំ ដែលមានក្នុងចិត្តគាត់។ គាត់ក៏បានងាកមករកព្រះ ដើម្បីទទួលជំនួយពីព្រះអង្គ ហើយព្រះអង្គក៏បានទទួលស្វាគមន៍គាត់។
ដំណើរជីវិតខាងវិញ្ញាណរបស់លោកជីម បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលមានទំនាក់ទំនងដ៏ពិសេសជាមួយព្រះ ព្រោះពួកគេជារាស្រ្តជ្រើសតាំងរបស់ព្រះអង្គ(នេហេមា ៩:១-១៥)។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានបះបោរ និងមិនអើពើរចំពោះសេចក្តីល្អរបស់ព្រះ ដោយងាកចេញពីព្រះអង្គ ហើយដើរទៅតាមផ្លូវរបស់ខ្លួនវិញ(ខ.១៦-២១)។ តែពេលដែលពួកគេងាកមករកព្រះអង្គវិញ ហើយប្រែចិត្ត ព្រះអង្គ “បានត្រៀមខ្លួនជាស្រេច ដើម្បីអត់ទោសឲ្យពួកគេ ព្រះអង្គក៏សន្តោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ”(ខ.១៧)។
ពេលដែលយើងបានដឹងថា ព្រះអង្គមានព្រះទ័យល្អដូចនេះ យើងមានទឹកចិត្តនឹងចូលទៅក្បែរព្រះអង្គ ទោះបីជាយើងបានវង្វេងចេញពីព្រះអង្គឆ្ងាយយ៉ាងណាក៏ដោយ។ ពេលដែលយើងបន្ទាបខ្លួន ហើយលះចោលផ្លូវនៃការបះបោររបស់យើង ហើយធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹងដើរតាមផ្លូវរបស់ព្រះអង្គវិញ…
មានពេលសម្រាប់គ្រប់ការទាំងអស់
ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុមចម្រៀងរ៉ក់បែបប្រពៃណី ដែលមានឈ្មោះថា “ដឹ បាយអឺដស៍”(The Byrds) បានចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “ចូរងាកមក! ងាកមក! ងាកមក!”។ បទចម្រៀងនេះពិតជាល្បីល្បាញណាស់ បានជាគេឲ្យចំណាត់ថ្នាក់លេខមួយ ក្នុងបញ្ជីបទចម្រៀងទាំង១០០បទ ដែលល្បីជាងគេ នៅសម័យនោះ ក្នុងសារពត័មានតន្រ្តីប៊ីលប៊ត(Billboard) ហើយថែមទាំងទទួលបាននូវប្រជាប្រិយភាព ទូទាំងពិភពលោកផងដែរ។ បទចម្រៀងនេះ មានទំនុកដែលបានធ្វើឲ្យអ្នកស្តាប់ទាំងឡាយ មានការជក់ចិត្តឌិតអារម្មណ៍ណាស់។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទំនុកនៃបទចម្រៀងនេះ ត្រូវបានដកស្រង់ចេញពីកណ្ឌសាស្តា នៃព្រះគម្ពីរសញ្ញាចាស់ ដែលក្នុងនោះអ្នកនិពន្ធបានថ្លែងថា “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ”(៣:១)។ បន្ទាប់មក អ្នកនិពន្ធបានរៀបរាប់ អំពីរដូវកាលមួយចំនួន ដែលមនុស្សពើបប្រទះក្នុងជីវិត ដែលមានដូចជា ការកើត និងការស្លាប់ ការរកបាន និងការបាត់បង់ ទឹកភ្នែក និងសំណើច ការសោកសង្រេង និងការលោតរាំ។
រដូវកាលក្នុងជីវិតរបស់យើងក៏មានការប្រែប្រួលពីមួយពេលទៅមួយពេល ដូចរដូវកាល ក្នុងធម្មជាតិផងដែរ។ ស្ថានភាពរបស់យើង មិនស្ថិតនៅដដែលជារៀងរហូតទេ។ ជួនកាល យើងទទួលស្វាគមន៍ការប្រែប្រួលក្នុងជីវិតរបស់យើង។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែពិបាកស្វាគមន៍ការប្រែប្រួល ជាពិសេស នៅពេលដែលការប្រែប្រួលនោះ មានទុក្ខព្រួយ និងការបាត់បង់។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែអាចអរព្រះគុណព្រះ ដែលព្រះអង្គមិនចេះប្រែប្រួល។…