គ្មានអាថ៌កំបាំងអ្វីទេ
មិត្តរួមការងាររបស់ខ្ញុំម្នាក់ បានសារភាពថា គាត់មិនបានរស់នៅ តាមបំណងព្រះទ័យព្រះយេស៊ូវទេ។ ខ្ញុំក៏បានស្តាប់គាត់រៀបរាប់ អំពីការរស់នៅរបស់គាត់ ដែលមានភាពស្រណុកស្រួល និងគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើន តែវានៅតែមិនបានធ្វើឲ្យគាត់ស្កប់ចិត្ត។ គាត់ថា គាត់បានព្យាយាមធ្វើខ្លួនឲ្យល្អ ហើយថែមទាំងខំយកចិត្តទុកដាក់ចំពោះអ្នកដទៃ តែនៅតែមិនអាចធ្វើបាន។ គាត់ថា អ្វីៗដែលគាត់ចង់ធ្វើ ហាក់ដូចជាធ្វើមិនកើត ហើយការអ្វីដែលគាត់ចង់ឈប់ធ្វើ បែរជានៅតែបន្តធ្វើទៀត។
ដោយសារគាត់ឃើញជីវិតខ្ញុំខុសប្លែកពីគាត់ គាត់ក៏បានសួរខ្ញុំ ដោយស្មោះត្រង់ថា “តើអ្នកមានអាថ៌កំបាំងអ្វី?” ខ្ញុំក៏បានឆ្លើយប្រាប់គាត់ថា “ខ្ញុំគ្មានអាថ៌កំបាំងអ្វីទេ។ ខ្ញុំក៏គ្មានលទ្ធភាពរស់នៅ ឲ្យត្រូវតាមបំណងព្រះទ័យព្រះ គឺមិនខុសពីអ្នកឡើយ ហេតុនេះហើយបានជាយើងត្រូវការព្រះយេស៊ូវ”។
ខ្ញុំក៏បានដកព្រះគម្ពីរចេញមក ហើយបើកឲ្យគាត់មើលពាក្យដែលគាត់បានដកស្រង់ ពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ រ៉ូម ៧:១៥។ បទគម្ពីរនេះមានអត្ថន័យជាពិសេស ដែលត្រូវនឹងជីវិតរបស់អ្នកដែលកំពុងស្វែងរកព្រះ ក៏ដូចជាគ្រីស្ទបរិស័ទ ដែលព្យាយាមធ្វើខ្លួនឲ្យល្អ ឲ្យព្រះទ្រង់សព្វព្រះទ័យ តែនៅតែបរាជ័យ។ បទគម្ពីរនេះប្រហែលជាត្រូវនឹងជីវិតរបស់អ្នកផងដែរ។ បើដូច្នោះមែន អ្នកត្រូវដឹងថា សាវ័កប៉ុលបានប្រកាសថា ព្រះយេស៊ូវជាអ្នកផ្ចុងផ្តើមនៃសេចក្តីសង្រ្គោះ និងការផ្លាស់ប្រែរបស់យើង ដែលកើតមានបន្ទាប់ពីយើងបានទទួលសេចក្តីសង្រ្គោះ(៧:២៥-៨:២)។ ព្រះយេស៊ូវបានសម្រេចព្រះរាជកិច្ចរបស់ទ្រង់ ដើម្បីរំដោះយើងឲ្យរួចពីអំពើបាបហើយ បានជាយើងមិនចាំបាច់ត្រូវខំប្រឹងធ្វើការល្អ ដើម្បីរំដោះខ្លួនឯងឲ្យរួចពីបាបឡើយ។
បាបគឺជារនាំងនៅចន្លោះយើងនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានដកចេញ ដោយមិនផ្អែកទៅលើការប្រព្រឹត្តរបស់យើង។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងរាល់គ្នា ទទួលសេចក្តីសង្រ្គោះ និងការផ្លាស់ប្រែ ដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលឲ្យកើតមានក្នុងការលូតលាស់របស់យើង។ ព្រះអង្គបានគោះទ្វារចិត្តយើងហើយ។ សូមបើកទ្វារចិត្ត…
ក្តីសង្ឃឹមដែលមានទំនុកចិត្ត
លោកបណ្ឌិត វីល្លាម វ៉លេស(William Wallace) បានបម្រើការជាបេសកជន ផ្នែកវះកាត់ ក្នុងខេត្តវូហ្សួ ប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ពេលដែលប្រទេសជប៉ុនបានឈ្លានពានប្រទេសចិន។ លោកវ៉លេសបានគ្រប់គ្រងមន្ទីរពេទ្យស្តោត មេម៉ូរាល នៅសម័យនោះ។ គាត់បានឲ្យមន្ទីរពេទ្យនោះ ដឹកជញ្ជូនឧបករណ៍របស់គាត់ នៅលើកនាវាផ្ទុកទំនិញ ហើយក៏បានបន្តបំពេញតួនាទីជាមន្តីរពេទ្យបណ្តែតទឹក ចុះតាមខ្សែទឹកទន្លេ ដើម្បីជៀសវាងការវាយប្រហារដោយទ័ពជើងគោក របស់ជប៉ុន។
ក្នុងអំឡុងពេលដ៏គ្រោះថ្នាក់នោះ បទគម្ពីរភីលីព ១:២១ ស្ថិតក្នុងចំណោមខគម្ពីរដែលគាត់ចូលចិត្តជាងគេ ដែលបានរំឭកគាត់ថា បើគាត់នៅមានជីវិតរស់ គាត់មានការងារដែលត្រូវធ្វើថ្វាយព្រះអង្គសង្រ្គោះ តែបើគាត់ស្លាប់ គាត់នឹងបានទៅនៅជាមួយព្រះគ្រីស្ទអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យារបស់ទ្រង់។ ខគម្ពីរនេះ ក៏មានអត្ថន័យដ៏ពិសេសសម្រាប់គាត់ ពេលដែលគាត់បានស្លាប់ នៅក្នុងគុក ដោយសារការចោទប្រកាន់ខុស ក្នុងឆ្នាំ១៩៥១។
បទគម្ពីរដែលសាវ័កប៉ុលបាននិពន្ធ បានឆ្លុះបញ្ចាំងអំពីការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ ដែលយើងអាចមាន ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ដោយជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាក និងគ្រោះថ្នាក់ ដើម្បីព្រះអង្គ។ ការប្តូរផ្តាច់នេះ គឺកើតមាន ដោយសារព្រះវិញ្ញាណបរិសុទ្ធ និងការអធិស្ឋានរបស់អ្នកដែលនៅជិតយើងបំផុត(ខ.១៩)។ បទគម្ពីរនេះ ក៏ជាព្រះបន្ទូលសន្យាផងដែរ។ ពេលដែលយើងបានថ្វាយខ្លួនយើង ដើម្បីបន្តការងារបម្រើ ក្នុងកាលៈទេសៈដ៏ពិបាក ចូរយើងនឹកចាំថា ពេលដែលជីវិត និងការងាររបស់យើងត្រូវបញ្ចប់នៅលើផែនដីនេះ យើងនឹងមានក្តីអំណរ ក្នុងជីវិតអស់កល្បជានិច្ច ជាមួយព្រះយេស៊ូវ។
ក្នុងពេលដែលយើងជួបការលំបាកបំផុត ចូរយើងមានចិត្តដែលប្តូរផ្តាច់នៅក្នុងការដើរតាមព្រះយេស៊ូវ…
រកឃើញផ្លូវត្រឡប់មកផ្ទះវិញ
ជួនកាល ដំណើរជីវិតរស់នៅប្រចាំថ្ងៃ អាចមានការលំបាកខ្លាំង ដែលធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច ហើយភាពងងឹត ហាក់ដូចជាគ្មានទីបញ្ចប់សោះ។ ក្នុងអំឡុងពេលដែលជីវិតគ្រួសាររបស់ខ្ញុំ កំពុងស្ថិតក្នុងស្ថានភាពបែបនេះ នៅពេលព្រឹកថ្ងៃមួយ ភរិយារបស់ខ្ញុំបានចេញពីការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះជាម្ចាស់ ដោយនាំមកនូវមេរៀនថ្មីមួយដែលគាត់រៀនបាន។ គាត់គិតថា ពេលយើងបានចេញពីភាពងងឹត ចូលក្នុងពន្លឺហើយ ព្រះជាម្ចាស់មិនចង់ឲ្យយើងភ្លេចអ្វី ដែលយើងបានរៀនក្នុងពេលដ៏ងងឹតនោះឡើយ”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស(២កូរិនថូស ១) បន្ទាប់ពីបានរៀបរាប់ អំពីការលំបាកទាំងប៉ុន្មាន ដែលគាត់ និងក្រុមការងាររបស់គាត់ បានស៊ូទ្រាំនៅតំបន់អាស៊ី។ លោកប៉ុលចង់ឲ្យពួកជំនុំនៅក្រុងកូរិនថូស យល់ពីរបៀបដែលព្រះអាចប្រោសលោះយើង ទោះយើងស្ថិតក្នុងពេលដ៏ងងឹតបំផុតក៏ដោយ។ គាត់មានប្រសាសន៍ថា យើងបានទទួលការកម្សាន្តចិត្ត ដូច្នេះ យើងអាចរៀនកម្សាន្តចិត្តអ្នកដទៃ(ខ.៤)។ កាលនោះ ព្រះទ្រង់កំពុងបង្រៀនលោកប៉ុល និងក្រុមរបស់គាត់ ក្នុងអំឡុងពេលដែលពួកគេកំពុងមានទុក្ខលំបាក ប្រយោជន៍ឲ្យពួកគាត់អាចប្រើបទពិសោធន៍ទាំងនេះ ដើម្បីជួយកម្សាន្តចិត្ត និងទូន្មានដល់ពួកជំនុំក្រុងកូរិនថូស ពេលពួកគេជួបប្រទះការពិបាក។ ព្រះជាម្ចាស់ក៏ធ្វើយ៉ាងដូច្នេះ សម្រាប់យើងផងដែរ ប្រសិនបើយើងបើកចិត្តស្តាប់ទ្រង់។ ទ្រង់នឹងជួយរំដោះយើង ឲ្យរួចពីទុក្ខលំបាក ដោយបង្រៀនយើង ឲ្យចេះប្រើអ្វីដែលយើងបានរៀន ពីការរងទុក្ខនោះ ដើម្បីបម្រើអ្នកដទៃ។
តើពេលនេះ អ្នកកំពុងស្ថិតនៅក្នុងភាពងងឹតមែនទេ? សូមទទួលបានការលើកទឹកចិត្ត តាមរយៈការបង្រៀន និងបទពិសោធន៍របស់សាវ័កប៉ុលចុះ។ ចូរទុកចិត្តថា ឥឡូវនេះ ព្រះទ្រង់កំពុងតែដឹកនាំជំហានរបស់អ្នក ហើយទ្រង់ក៏កំពុងបោះត្រាសេចក្តីពិតរបស់ទ្រង់ ឲ្យជាប់ក្នុងចិត្តអ្នក…
ការបម្រើដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន
មានមនុស្សមួយក្រុមតូច កំពុងតែឈរផ្តុំគ្នា តែមើលទៅ នៅឃើញតូច បើធៀបនឹងដើមឈើដ៏ធំមួយដើម កំពុងតែដេកដួលនៅក្នុងទីធ្លាផ្ទះ។ ដូនចាស់ម្នាក់កំពុងឈរទប់ខ្លួន នឹងឈើច្រត់ ក៏បានរៀបរាប់អំពីហេតុការណ៍ ដែលគាត់បានមើលឃើញខ្យល់ព្យុះកាលពីពេលយប់ម្សិលមិញ បក់បោកមកលើ ដើមអ៊ែមដ៏ធំសម្បើមរបស់គាត់ ធ្វើឲ្យវាដួលរលំ។ គាត់ក៏បាននិយាយបន្តទៀត ដោយសម្លេងអួលដើមករថា អ្វីដែលអាក្រក់បំផុតនោះ គឺវាបានបំផ្លាញរបងថ្មដ៏គួរឲ្យស្រឡាញរបស់គាត់ផងដែរ។ ស្វាមីរបស់គាត់បានសាងសង់របងថ្មនោះ ពេលដែលពួកគាត់ទើបតែរៀបការថ្មីៗ។ ស្វាមីគាត់ស្រឡាញ់របងថ្មនោះណាស់។ គាត់ក៏ស្រឡាញ់របងថ្មនោះដែរ។ តែវាបានខូចហើយ គឺមិនខុសពីស្វាមីគាត់ទេ។
នៅពេលព្រឹកបន្ទាប់ ខណៈពេលដែលគាត់កំពុងតែលបមើលកម្មកររបស់ក្រុមហ៊ុនដាំដើមឈើ កំពុងតែយកដើមឈើដែលបានរំលំនោះចេញពីទីធ្លាផ្ទះគាត់ ស្នាមញញឹមដ៏ធំមួយ ក៏បានលេចឡើងនៅលើផ្ទៃមុខគាត់។ នៅចន្លោះមែកឈើទាំងនោះ គាត់សង្កេតឃើញមនុស្សពេញវ័យពីរនាក់ និងក្មេងប្រុសម្នាក់ បានកាត់ស្មៅឲ្យគាត់ ដោយធ្វើការវាស់វែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីសាងសង់របងថ្មដែលគួរឲ្យស្រឡាញ់របស់គាត់ឡើងវិញ។
ហោរាអេសាយបានពិពណ៌នា អំពីប្រភេទនៃការបម្រើ ដែលព្រះទ្រង់សព្វព្រះទ័យ គឺការប្រព្រឹត្តដែលកម្សាន្តចិត្តអ្នកដែលនៅក្បែរយើង ដែលមានដូចជាការជួយជួសជុលរបងថ្ម ឲ្យដូនចាស់នោះជាដើម។ បទគម្ពីរនេះបានបង្រៀនយើងថា សម្រាប់ព្រះជាម្ចាស់ ការបម្រើអ្នកដទៃ ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន គឺមានតម្លៃជាងការធ្វើពីធីបុណ្យខាងវិញ្ញាណ។ តាមពិត ព្រះទ្រង់មានព្រះពរពីរយ៉ាង សម្រាប់ការបម្រើរបស់កូនទ្រង់ ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ ទីមួយ ទ្រង់ប្រើការបម្រើដោយស្ម័គ្រពីចិត្តរបស់យើង ដើម្បីជួយដល់អ្នកដែលគេគាបសង្កត់ និងខ្វះខាត(អេសាយ ៥៨:៧-១០)។ ទីពីរ ព្រះទ្រង់ប្រទានពរដល់អ្នកដែលបានបម្រើគេ ដោយឲ្យពួកគេមានកេរ្តិ័ឈ្មោះល្អ ធ្វើជាកម្លាំងវិជ្ជមានដ៏មានអំណាច ក្នុងនគរទ្រង់(ខ.១១-១២)។ តើអ្នកនឹងផ្តល់ឲ្យអ្នកដទៃ…
ពេលនីមួយៗ សុទ្ធតែសំខាន់
មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកស្រីអាដា(Ada) បានស្លាប់មុនគាត់ អស់ហើយ ហើយគាត់ក៏បានរស់ក្នុងផ្ទះថែរទាំជនចាស់ជរា ជាកន្លែងដែលខ្ញុំបានជួបគាត់។ គាត់ប្រាប់ខ្ញុំថា “ការមានជីវិតជាមនុស្សចាស់ គឺពិបាកបំផុត នៅពេលដែលខ្ញុំត្រូវមើលឃើញគេរាល់គ្នាលាចាកលោក ទៅចោលខ្ញុំអស់ ម្តងមួយៗ”។ ថ្ងៃមួយ ខ្ញុំក៏បានសួរគាត់ថា តើមានអ្វីខ្លះ ដែលគាត់ចាប់អារម្មណ៍ ហើយតើគាត់ចូលចិត្តចំណាយពេលធ្វើអ្វី? គាត់ក៏បានឆ្លើយប្រាប់ខ្ញុំ ដោយប្រើបទគម្ពីរ ដែលសាវ័កប៉ុលបាននិពន្ធ (ភីលីព ១:២១) ដែលបានចែងថា “ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ”។ បន្ទាប់មក គាត់ក៏មានប្រសាសន៍ថា “ពេលខ្ញុំនៅមានជីវិតនៅឡើយ ខ្ញុំមានកិច្ចការដែលត្រូវធ្វើ។ នៅថ្ងៃដែលល្អ ខ្ញុំជជែកជាមួយអ្នករស់នៅទីនេះ អំពីព្រះយេស៊ូវ ហើយនៅថ្ងៃដែលពិបាក ខ្ញុំនៅតែអាចអធិស្ឋាន”។
គួរឲ្យកត់សំគាល់ថា សាវ័កប៉ុលបាននិពន្ធកណ្ឌគម្ពីរភីលីព នៅក្នុងគុក។ ហើយគាត់ក៏បានទទួលស្គាល់ការពិតមួយ ដែលគ្រីស្ទបរិស័ទជាច្រើនយល់ ខណៈពេលដែលពួកគេប្រឈមមុខនឹងជីវិតដែលមានកំណត់។ គឺការពិត ដែលថា ទោះបីជាយើងកាន់តែជិតដល់ពេលទៅនៅនគរស្ថានសួគ៌ក៏ដោយ ក៏ពេលវេលា ដែលយើងនៅសល់នៅលើផែនដី គឺនៅតែសំខាន់ចំពោះព្រះអម្ចាស់។ អ្នកស្រីអាដាបានទទួលស្គាល់ថា គ្រប់ដង្ហើមដែលគាត់ដក គឺជាឱកាស សម្រាប់បម្រើ និងថ្វាយសិរីល្អដល់ព្រះ គឺមិនខុសពីសាវ័កប៉ុលឡើយ។ ហេតុនេះហើយ បានជាអ្នកស្រីអាដាបានចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីស្រឡាញ់អ្នកដទៃ ហើយនាំគេឲ្យស្គាល់ព្រះសង្រ្គោះ។
សូម្បីតែនៅក្នុងពេលដែលខ្មៅងងឹតបំផុត…
ការប្រើព្រះនាមព្រះជាអសាឥតការ
នៅពេលរសៀលថ្ងៃមួយ ខ្ញុំបានពិភាក្សាជាមួយមិត្តភក្តិម្នាក់ អំពីការប្រើប្រាស់ព្រះនាមព្រះ ក្នុងផ្លូវខុស។ ខ្ញុំបានចាត់ទុកគាត់ជាគ្រូខាងវិញ្ញាណរបស់ខ្ញុំ។ បទគម្ពីរនិក្ខមនំ ២០:៧ បានចែងថា “កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ”(និក្ខមនំ ២០:៧)។ យើងប្រហែលជាគិតថា បទគម្ពីរនេះគ្រាន់តែសំដៅទៅលើការប្រើព្រះនាមព្រះ នៅក្នុងការស្បថ ឬប្រើព្រះនាមទ្រង់ផ្តេសផ្តាស ឬខ្វះការគោរព។ ប៉ុន្តែ គ្រូរបស់ខ្ញុំកម្រនឹងភ្លេចឆក់ឱកាសបង្រៀនខ្ញុំ អំពីសេចក្តីជំនឿដ៏ពិតណាស់។ គាត់បានលើកទឹកចិត្តខ្ញុំ ឲ្យគិតអំពីទង្វើរផ្សេងទៀតរបស់យើង ដែលមិនបានគោរពព្រះនាមព្រះ។
ឧទាហរណ៍ ពេលខ្ញុំបដិសេធន៍មិនព្រមទទួលយោបល់ពីអ្នកដទៃ ហើយនិយាយថា “ព្រះបានប្រាប់ខ្ញុំឲ្យ ទៅតាមផ្លូវនេះទេ”។ ក្នុងករណីនេះ បើសិនជាខ្ញុំនិយាយ ដើម្បីតែបំពេញចិត្តខ្លួនឯងទេ នោះមានន័យថា ខ្ញុំកំពុងតែប្រើព្រះនាមទ្រង់ក្នុងផ្លូវខុសហើយ។ ពេលដែលខ្ញុំប្រើព្រះគម្ពីរខុសបរិបទ ដើម្បីព្យាយាមធ្វើឲ្យគេយល់ស្របនឹងមតិ ឬគំនិតរបស់ខ្ញុំ នោះក៏មានន័យថា ខ្ញុំកំពុងប្រើព្រះនាមព្រះ ជាអសាឥតការផងដែរ។
ម្យ៉ាងទៀត ពេលខ្ញុំបង្រៀន សរសេរ ឬនិយាយអំពីបទគម្ពីរ ដោយគ្មានការប្រុងប្រយ័ត្ន គឺខ្ញុំកំពុងប្រើព្រះនាមទ្រង់ ក្នុងផ្លូវខុស។ លោកចន ផាយភើរ(John Piper) ដែលជាអ្នកនិពន្ធគ្រីស្ទបរិស័ទបានបកស្រាយថា ការប្រើព្រះនាមព្រះ ជាអសាឥតការ គឺជាការធ្វើឲ្យព្រះនាមទ្រង់ប្រែជាទទេ ឥតមានទម្ងន់ និងសិរីល្អ គឺជាការដកភាពសំខាន់ ចេញពីព្រះនាមទ្រង់”។
ដូចនេះខ្ញុំបានទទួលការលើកទឹកចិត្ត…
សត្វក្ងាន និងមនុស្សដែលពិបាក
ពេលក្រុមគ្រួសារខ្ញុំទើបតែផ្លាស់មកនៅផ្ទះ ដែលយើងកំពុងរស់នៅសព្វថ្ងៃ ខ្ញុំចូលចិត្តគយគន់សម្រស់នៃសត្វក្ងានព្រៃ ដែលមានសំបុកនៅក្បែរផ្ទះនោះ។ ខ្ញុំស្ងើចសរសើររបៀបដែលពួកវាមើលថែរគ្នាទៅវិញទៅមក និងរបៀបដែលពួកវាផ្លាស់ទីក្នុងទឹកជាជួរ ហើយពួកវាហើរលើអាកាសជាជួរ ដែលមានរាងដូចអក្សរ V គួរឲ្យចង់មើលណាស់។ ខ្ញុំក៏មានអំណរនៅក្នុងការមើលពួកវាចិញ្ចឹមកូនផងដែរ។
បន្ទាប់មក ពេលរដូវក្តៅមកដល់ ខ្ញុំក៏បានដឹងអំពីលក្ខណៈដែលមិនសូវគួរឲ្យស្រឡាញ់ របស់សត្វស្លាបទាំងនោះ។ សត្វក្ងានទាំងនោះចូលចិត្តស៊ីស្មៅណាស់ ហើយពួកគេវាមិនខ្វល់ថា ការស៊ីស្មៅនៅក្នុងទីធ្លាមុខផ្ទះខ្ញុំ បានធ្វើឲ្យខូចសោភណ្ឌភាពផ្ទះខ្ញុំទេ។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺពួកវាបានបន្សល់ទុកនូវកាកសំណល់ដ៏រញេរញ៉ៃ នៅលើផ្លូវដើរ នៅក្នុងទីធ្លាផ្ទះយើង។
ខ្ញុំច្រើនតែគិតអំពីសត្វក្ងានព្រៃទាំងនេះ ពេលខ្ញុំត្រូវដោះស្រាយបញ្ហាជាមួយមនុស្សដែលពិបាក។ ជួនកាល ខ្ញុំគិតថា បើសិនជាពួកគេចាកចេញពីជីវិតខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ។ តែបន្ទាប់មក ព្រះទ្រង់បានរំឭកខ្ញុំថា សូម្បីតែមនុស្សដែលពិបាកបំផុត ក៏មានសម្រស់ដ៏ល្អផងដែរ បើសិនជាយើងចូលឲ្យបានជិតល្មម នឹងអាចរកឃើញសម្រស់នោះ ហើយការឈឺចាប់ដែលពួកគេបានផ្តល់ឲ្យអ្នកដទៃ អាចជាការឆ្លុះបញ្ចាំងអំពីការឈឺចាប់ដែលពួកគេកំពុងជួបប្រទះ។ សាវ័កប៉ុលបានមានប្រសាសន៍ក្នុងព្រះគម្ពីររ៉ូមថា “ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(១២:១៨)។ ដូចនេះ ខ្ញុំក៏បានទូលសូមឲ្យព្រះទ្រង់ជួយខ្ញុំ ឲ្យមានចិត្តអត់ធ្មត់ ចំពោះ “ចំណុចពិបាកៗ” របស់អ្នកដទៃ។ ការនេះមិនតែងតែនាំឲ្យយើងទទួលលទ្ធផលដែលសប្បាយរីករាយឡើយ តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺព្រះទ្រង់បានជួយដល់ទំនាក់ទំនងដែលខ្ញុំមានជាមួយពួកគេ។
ពេលយើងជួបប្រទះមនុស្សដែលពិបាក យើងអាចមើលឃើញ និងស្រឡាញ់ពួកគេ ដោយពឹងអាងព្រះគុណទ្រង់ ដូចដែលទ្រង់បានទតមើលទៅពួកគេ ដោយសេចក្តីស្រឡាញ់ផងដែរ។-Randy Kilgore
អ្នកបានអស់ឱកាសហើយ
ថ្ងៃមួយ ខ្ញុំបានស្តាប់ឮការជជែកគ្នា ដ៏គួរឲ្យសោកស្តាយ។ មានមនុស្សពីរនាក់ដែលជឿព្រះយេស៊ូវគ្រីស្ទ កំពុងជជែកតទល់គ្នាអំពីរឿងមួយ ដែលពួកគេមានការខ្វែងគំនិតគ្នា។ ម្នាក់ដែលមានវ័យចាស់ជាង ហាក់ដូចជាអួតក្អេងក្អាង ខណៈដែលគាត់ប្រើបទគម្ពីរជាអាវុធ ដើម្បីកាប់កញ្ច្រាំអ្វីដែលគាត់យល់ថា ជាចំណុចខុស នៅក្នុងជីវិតរបស់បុរសម្នាក់ទៀត ដែលមានវ័យក្មេងជាង។ បុរសដែលក្មេងជាងហាក់ដូចជានឿយណាយ ចំពោះការបង្រៀនបែបនេះ ហើយក៏នឿយណាយចំពោះបុរសវ័យចាស់ជាង ព្រមទាំងមានការធ្លាក់ទឹកចិត្តផងដែរ។
នៅពេលដែលការជជែកគ្នាឈានដល់ទីបញ្ចប់ បុរសមានវ័យចាស់ជាងបានបញ្ចេញមតិ អំពីឫកពារបស់បុរសវ័យក្មេងជាង ដែលហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការណែនាំរបស់គាត់។ គាត់ចាប់ផ្ដើមនិយាយថា “ពីដើម ឯងធ្លាប់តែចូលចិត្តទទួលការណែនាំណាស់។ តែពេលនេះ ខ្ញុំមិនដឹងថាឯងចង់យ៉ាងម៉េចទៅវិញទេ។”
បុរសក្មេងជាងបានតបវិញថា “អ្នកមិនបានស្វែងរកឱកាសបង្ហាញសេចក្តីស្រឡាញ់ ចំពោះខ្ញុំទេ។ ចាប់តាំងពីពេលដែលអ្នកបានស្គាល់ខ្ញុំមក អ្នកគិតតែពីប្រាប់ខ្ញុំពីកំហុសរបស់ខ្ញុំ។ អ្នកសួរថា តើខ្ញុំចង់យ៉ាងម៉េច? គឺខ្ញុំចង់ឃើញព្រះយេស៊ូវនៅក្នុងអ្នក និងតាមរយៈអ្នក។”
ខ្ញុំក៏បានគិតថា បើពាក្យនេះត្រូវបានគេនិយាយមកកាន់ខ្ញុំវិញ នោះខ្ញុំច្បាស់ជាបាក់មុខ រកនិយាយអ្វីមិនចេញទេ។ ខណៈពេលនោះ ខ្ញុំក៏បានដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងប្រាប់ខ្ញុំថា មានមនុស្សជាច្រើន ដែលខ្ញុំមិនបានប្រើឱកាស ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះពួកគេទេ។ ហើយខ្ញុំបានដឹងថា កាលពីមុន មានមនុស្សជាច្រើនដែលមិនបានមើលឃើញព្រះយេស៊ូវគង់នៅក្នុងខ្ញុំ។
សាវ័កប៉ុលបានបង្រៀនយើងថា យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដោយសារសេចក្តីស្រឡាញ់ជំរុញចិត្តយើង(១កូរិនថូស ១៣:១-៤)។ នៅពេលក្រោយ សូមយើងកុំភ្លេចឆក់ឱកាស បង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃឡើយ។-RANDY KILGORE
ទាំងអស់គ្នាមានសុវត្ថិភាព! ទាំងអស់គ្នាសុខសប្បាយទេ!
នៅខែមករា ឆ្នាំ១៩១៥ កប៉ាលមួយគ្រឿងឈ្មោះ អិនដ្យួរិនស៍ (Endurance ប្រែមកថា អត់ធន់) បានជាប់គាំង ហើយក៏បានខូចនៅក្នុងផ្ទាំងទឹកកក នៅក្បែរឆ្នេរនៃទ្វីបអង់តាកទិក។ ក្រុមអ្នករុករកតំបន់ប៉ូលមួយក្រុម ក្រោមការដឹកនាំរបស់លោកអើននេស ស៊ែកឃលថុន(Ernest Shackleton) បានរួចផុតពីសេចក្តីស្លាប់ ហើយក៏បានធ្វើដំណើរទៅដល់កោះអ៊ីលីហ្វិន ដោយជិះទូកសង្រ្គោះតូចៗចំនួនបី ចេញពីនាវានេះ។ ពួកគេបានជាប់គាំង នៅលើកោះដែលគ្មានមនុស្សរស់នៅ នៅឆ្ងាយពីផ្លូវនាវាចរ ហើយពួកគេមានក្ដីសង្ឃឹមតែមួយគត់។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៦ គ្នារបស់ពួកគេ២២នាក់បានមើលលោកស៊ែកឃលថុន និងមិត្តភក្តិរបស់ពួកគេ៥នាក់ទៀត កំពុងជិះនៅក្នុងទូកសង្រ្គោះតូចមួយ ឆ្ពោះទៅកាន់កោះចចជៀខាងត្បូង ដែលស្ថិតនៅចម្ងាយ១២៨៧គីឡូម៉ែត្រ។ ការប្រថុយបែបនេះ គឺហាក់ដូចជាគ្មានសង្ឃឹមទេ ហើយបើសិនជាមានការថ្លោះធ្លោយ នោះពួកគេច្បាស់ជាត្រូវស្លាប់ទាំងអស់គ្នាមិនខាន។ ក្រោយមក រឿងដ៏គួរឲ្យរីករាយបានកើតឡើង ជាងបួនខែក្រោយមក មានទូកមួយបង្ហាញខ្លួនពីចម្ងាយ ដោយមានលោកស៊ែកឃលថុននៅលើក្បាលទូក ស្រែកហៅពួកគេថា “តើអ្នកទាំងអស់គ្នាសុខសប្បាយទេ?” រួចក៏មានសម្លេងឆ្លើយតបមកវិញថា “ទាំងអស់គ្នាមានសុវត្ថិភាព! ទាំងអស់គ្នាសុខសប្បាយទេ!”
តើមានអ្វីដែលបានធ្វើឲ្យពួកគេមានការរួបរួមគ្នា ហើយជួយឲ្យពួកគេនៅមានជីវិតរស់ក្នុងអំឡុងពេលប៉ុន្មានខែនោះ? គឺដោយសារពួកគេមានជំនឿ និងក្តីសង្ឃឹមចំពោះមនុស្សម្នាក់។ ពួកគេបានជឿថា លោកស៊ែកឃលថុននឹងរកឃើញផ្លូវជួយសង្រ្គោះពួកគេ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីជំនឿរបស់វីរបុរសទាំងឡាយ ដែលមានចែងនៅក្នុងបទគម្ពីរ ហេព្រើរ ជំពូក ១១។ សេចក្ដីជំនឿរបស់ពួកគេ ដែលជា “ចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”…
បានកើតជាថ្មី
ក្នុងដំណាក់កាលដំបូង នៃអាជីពរបស់ខ្ញុំ ខ្ញុំមានមិត្តរួមការងារម្នាក់ ដែលហាក់ដូចជាចូលចិត្តយកព្រះនាមព្រះ មកប្រមាថ។ គាត់ចូលចិត្តចម្អកឡកឡឺយ ដោយគ្មានមេត្តា មកលើគ្រីស្ទបរិស័ទដែលក្មេងវ័យខាងជំនឿ ឬមកលើអ្នកដែលព្យាយាមជជែកជាមួយគាត់ អំពីព្រះយេស៊ូវ។ ខ្ញុំនៅចាំថា នៅថ្ងៃដែលខ្ញុំ ឈប់ធ្វើការជាមួយគាត់ ដើម្បីទៅធ្វើការនៅក្នុងសហគមន៍ និងកន្លែងធ្វើការថ្មី ខ្ញុំបានគិតថា បុរសម្នាក់នេះនឹងមិនអាចក្លាយជាអ្នកដើរតាមព្រះយេស៊ូវឡើយ។
ពីរឆ្នាំក្រោយមក ខ្ញុំក៏បានទៅលេងកន្លែងធ្វើការចាស់។ គាត់នៅធ្វើការ ក្នុងកន្លែងនោះដដែល តែខ្ញុំមិនដែលបានឃើញនរណាម្នាក់មានការផ្លាស់ប្រែ ដូចគាត់ឡើយ។ បុរសម្នាក់នេះកាលពីមុនមានការទាស់ប្រឆាំងនឹងជំនឿគ្រីស្ទបរិស័ទជាខ្លាំង តែពេលនេះ គាត់បានក្លាយជាគំរូ ទាំងក្នុងការដើរហើរ និងនិយាយស្តី ដែលបង្ហាញថា គាត់ “បានកើតជាថ្មី” ក្នុងព្រះគ្រីស្ទហើយ(២កូរិនថូស ៥:១៧)។ ជាង៣០ឆ្នាំក្រោយមក សព្វថ្ងៃនេះ គាត់នៅតែបន្តប្រាប់អ្នកដទៃ អំពីរបៀបដែលគាត់ “បានស្គាល់ទ្រង់ នៅពេលដែលគាត់កំពុងជាប់ក្នុងអំពើបាប និងការអាក្រក់គ្រប់យ៉ាង”។
រឿងនេះ បានធ្វើខ្ញុំនឹកចាំថា គ្រីស្ទបរិស័ទសម័យដើម ប្រាកដជាបានឃើញសាវ័កប៉ុល មានការផ្លាស់ប្រែស្រដៀងនឹងបុរសម្នាក់នោះផងដែរ។ កាលពីដើម សាវ័កប៉ុលជាអ្នកធ្វើទុក្ខបៀតបៀនគ្រីស្ទបរិស័ទដោយគ្មានក្តីមេត្តា តែក្រោយមក គាត់ក៏បានក្លាយជាគំរូដែលគួរឲ្យកត់សំគាល់យ៉ាងខ្លាំង ដែលបង្ហាញអំពីអត្ថន័យដ៏ពិតនៃការកើតជាថ្មី (កិច្ចការ ៩:១-២២)។
គំរូនៃជីវិតរបស់អ្នកទាំងពីរ បានផ្តល់ឲ្យនូវក្តីសង្ឃឹម ដល់អ្នកដែលបានគិតថា ខ្លួនមានបាបខ្លាំងពេក មិនអាចទទួលការប្រោសលោះបាន! ព្រះយេស៊ូវបានតាមរកសាវ័កប៉ុល និងអតីតមិត្តរួមការងាររបស់ខ្ញុំ ព្រមទាំងខ្ញុំដែរ។…