នៅ​ខែ​មករា ឆ្នាំ​១៩១៥ កប៉ាល​មួយ​គ្រឿង​ឈ្មោះ អិនដ្យួរិនស៍ (Endurance ប្រែ​មក​ថា ​អត់​ធន់) បាន​ជាប់​គាំង​ ហើយ​ក៏​បាន​ខូច​នៅ​ក្នុង​ផ្ទាំង​ទឹកកក​ នៅ​ក្បែរ​ឆ្នេរ​នៃ​ទ្វីប​អង់​តាកទិក​។ ក្រុម​អ្នក​រុក​រក​តំបន់​ប៉ូល​មួយ​ក្រុម​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អើននេស ស៊ែកឃលថុន(Ernest Shackleton) បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​អ៊ីលីហ្វិន ​ដោយ​ជិះ​ទូក​សង្រ្គោះ​តូច​ៗ​ចំនួន​បី ចេញ​ពី​នាវា​នេះ។ ពួក​គេ​បាន​ជាប់​គាំង​ នៅ​លើ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ នៅ​ឆ្ងាយ​ពី​ផ្លូវ​នាវាចរ ហើយ​ពួក​គេ​មាន​ក្ដី​សង្ឃឹម​តែ​មួយ​គត់។ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩១៦ គ្នា​របស់​ពួក​គេ​២២​នាក់​បាន​មើល​លោក​ស៊ែកឃលថុន និង​មិត្ត​ភក្តិ​របស់​ពួក​គេ​៥​នាក់​ទៀត ​កំពុង​ជិះ​នៅ​ក្នុង​ទូក​សង្រ្គោះ​តូច​មួយ ​ឆ្ពោះ​ទៅ​កាន់​កោះ​ចចជៀ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​១២៨៧​គីឡូ​ម៉ែត្រ។ ការ​ប្រថុយ​បែប​នេះ គឺ​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ទេ ហើយ​បើ​សិន​ជា​​មាន​ការ​ថ្លោះ​ធ្លោយ​ នោះ​ពួក​គេ​ច្បាស់​ជាត្រូវ​ស្លាប់​ទាំង​អស់​គ្នា​មិន​ខាន។ ក្រោយ​មក រឿង​ដ៏​គួរ​ឲ្យ​រីក​រាយ​បាន​​កើត​ឡើង ​ជាង​បួន​ខែ​ក្រោយ​មក មាន​ទូក​មួយ​បង្ហាញ​ខ្លួន​ពី​ចម្ងាយ ​ដោយ​មាន​លោក​ស៊ែក​ឃល​ថុន​នៅ​លើ​ក្បាល​ទូក ស្រែក​ហៅ​ពួក​គេថា “តើ​អ្នក​ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ?” រួច​ក៏​មាន​សម្លេង​ឆ្លើយ​តប​មក​វិញ​ថា “ទាំង​អស់​គ្នា​មាន​សុវត្ថិ​ភាព! ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ!”

តើ​មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​រួប​រួម​គ្នា ហើយ​ជួយ​ឲ្យ​ពួក​គេ​នៅ​មាន​ជីវិត​រស់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​នោះ? គឺ​ដោយ​សារ​ពួក​គេ​មាន​ជំនឿ និង​ក្តី​សង្ឃឹម​ចំពោះ​មនុស្ស​ម្នាក់​។ ពួក​គេ​បាន​ជឿ​ថា​ លោក​ស៊ែក​ឃល​ថុន​នឹង​រក​ឃើញ​ផ្លូវ​ជួយ​សង្រ្គោះ​ពួក​គេ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ជំនឿ​របស់​វីរបុរស​ទាំង​ឡាយ ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក ១១។ សេចក្ដី​ជំនឿ​របស់​ពួក​គេ ដែល​ជា “ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ” បាន​ធ្វើ​ឲ្យ​ពួក​គេ​អាច​ឆ្លង​កាត់​ការ​លំបាក និង​ការ​ល្បង​លរ​ធំ​ៗ​(ហេព្រើរ ១១:១)។

ខណៈ​ពេល​ដែល​យើង​សម្លឹង​មើល​ទៅ​បញ្ហា​ដ៏​ធំ​របស់​យើង នោះ​យើង​មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ​។ ចូរ​យើង​មាន​សង្ឃឹម​ឡើង ដោយ​ផ្អែក​លើ​សេចក្តី​ជំនឿ​លើ​អង្គ​បុគ្គល​១​អង្គ គឺ​ព្រះ​យេស៊ូវគ្រីស្ទ ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​រាល់​គ្នា។-RANDY KILGORE