ខ្ញុំល្អ
ក្នុងភាសាអង់គ្លេស ពេលមាននរណាម្នាក់សួរថា “តើអ្នកសុខសប្បាយទេ?” នោះជាធម្មតា គេឆ្លើយថា “ខ្ញុំល្អទេ”។ ពេលយើងឆ្លើយដូចនេះ គឺយើងកំពុងមានន័យថា “ខ្ញុំមិនអីទេ” ឬ “ខ្ញុំសុខសប្បាយទេ” ពោលគឺយើងនិយាយអំពីសុខុមាលភាពជាទូទៅរបស់យើង គឺមិនមែននិយាយអំពីបុគ្គលិកលក្ខណៈរបស់យើងទេ។ ខ្ញុំបានឆ្លើយតបយ៉ាង ដូចនេះ ជាច្រើនដងរាប់មិនអស់ តែថ្មីៗនេះ ខ្ញុំក៏បានចាប់ ផ្តើមមានអារម្មណ៍រំខានចំពោះការឆ្លើយតបដូចនេះ។ ព្រោះយើងប្រហែលជាមិនដឹងទេថា ពេលយើងប្រើពាក្យ ល្អ គឺយើងកំពុងនិយាយអំពីអ្វីមួយយ៉ាងជាក់លាក់។
មានពេលមួយ ព្រះយេស៊ូវបានជួបបុរសអ្នកមានម្នាក់ ដែលបានហៅទ្រង់ថា “លោកគ្រូល្អ”(ម៉ាថាយ ១៩:១៦)។ បុរសវ័យក្មេងម្នាក់នេះបាននិយាយត្រូវ ព្រោះព្រះយេស៊ូវទ្រង់ល្អ(ឥតខ្ចោះទាំងស្រុង) ហើយទ្រង់ក៏ជាគ្រូមែន។ មានតែទ្រង់ទេដែលសមនឹងឲ្យគេហៅដូចនេះ។ ទោះជាយ៉ាងណាក៏ដោយព្រះអម្ចាស់បានឲ្យគាត់ពិចារណា អំពីអត្ថន័យនៃការប្រើពាក្យ ល្អ ។ ហេតុនេះហើយបានជា“ទ្រង់មានបន្ទូលទៅគាត់ថា ‘ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ’”(ខ.១៧)។ ព្រះយេស៊ូវចង់ឲ្យបុរសនោះដឹងថា គាត់ចាំបាច់ត្រូវមានភាពប្រាកដប្រជា នៅក្នុងការហៅទ្រង់យ៉ាងដូចនេះ។ គេអាចហៅព្រះយេស៊ូវថា “ល្អ” ព្រោះទ្រង់ជាព្រះ។
លើកក្រោយ ពេលនរណាម្នាក់សួរអ្នកថា “សុខសប្បាយទេ?” នោះជាការប្រសើរណាស់ ដែលអ្នកអាចឆ្លើយថា “ខ្ញុំសុខសប្បាយជាទេ”។ តែសូមចាំថា មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលល្អ។-Bill Crowder
តើខ្ញុំអាចទុកចិត្តអ្នកបានទេ?
យោងតាមអ្នកជំនាញខាងការសំគាល់មើលការ កុហក់ បានឲ្យដឹងថា “តាមធម្មតា មនុស្សយើងមានទំនោទៅរកការទុកចិត្តអ្នកដទៃ”។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗមិនសុទ្ធតែអាចឲ្យយើងទុកចិត្តបានជានិច្ចឡើយ។ សញ្ញាដែលបង្ហាញថា នរណាម្នាក់អាចកំពុងតែនិយាយកុហក់ មានដូចជា ការរសាប់រសល់ ការមិនហ៊ានមើលចំភ្នែកយើង និងការនិយាយឈប់ៗ ដែលគួរឲ្យកត់សំគាល់។ ទោះបីជាមានតម្រុយទាំងនេះក៏ដោយ ក៏អ្នកជំនាញនៅតែដាស់តឿនយើងថា ការមើលឲ្យដឹងច្បាស់ថា មនុស្សម្នាក់ជាមនុស្សបោកប្រាស់ ឬជាមនុស្សស្មោះត្រង់ គឺមិនមែនជាការងាយស្រួលប៉ុន្មានទេ។
លោកយ៉ូស្វេត្រូវការដឹងថា តើគាត់អាចទុកចិត្តពួកសាសន៍គីបៀនបានឬទេ។ ពេលដែលសាសន៍នេះបានដឹងថា ព្រះសព្វព្រះទ័យឲ្យលោកយ៉ូស្វេបំផ្លាញនគរ ដែលនៅ ជិតខាង(យ៉ូស្វេ ៩:២៤) ពួកគេក៏បានក្លែងខ្លួនជាសាសន៍ដែលមកពីស្រុកឆ្ងាយ។ ពួកគេបានធ្វើដំណើរមក ដោយសំលៀកបំពាក់កណ្តាច និងស្បែកជើងកញ្ចាស់ៗ ដោយអះអាងថា “សំលៀកបំពាក់ និងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ”(ខ.១៣)។ ពួកសាសន៍អ៊ីស្រាអែលក៏មានការសង្ស័យ(ខ.៧) តែពួកគេ“មិនបានទួលសួរព្រះអម្ចាស់ឡើយ”(ខ.១៣) ហើយលោកយ៉ូស្វេក៏បានចងស្ពានមេត្រី ជាមួយពួកមនុស្សបោកប្រាស់ទាំងនោះ ដោយខ្វះការពិចារណា។
មានមនុស្សជាច្រើនចង់បានទំនុកចិត្តពីយើង ដែលអ្នកទាំងនោះមានដូចជា : អ្នកលក់ដូរ ទីប្រឹក្សាហិរញ្ញវត្ថុ ឬសមាជិកគ្រួសារដែលមិនសូវស្និទ្ធស្នាលនឹងយើង។ បើយើងឆ្ងល់ថា “តើខ្ញុំអាចទុកចិត្តអ្នកនោះទេ?” នោះយើងមិនគួរឆាប់ធ្វើការសម្រេចចិត្ត ដោយផ្អែកទៅលើអ្វីដែលហាក់ដូចជាមានភាពត្រឹមត្រូវ ចំពោះយើងឡើយ។ យកល្អ យើងត្រូវស្វែងរកការប្រឹក្សាពី ព្រះបន្ទូលព្រះ(ទំនុកតម្កើង ១១៩:១០៥) ពីមនុស្សដែលគោរពប្រតិបត្តិព្រះ(សុភាសិត ១១:១៤) និងពីទ្រង់ដោយផ្ទាល់(យ៉ាកុប ១:៥)។…