ជារៀងរាល់ថ្ងៃ ខ្ញុំបានធ្វើដំណើរទៅកន្លែងធ្វើការ ហើយត្រឡប់មកវិញ តាមផ្លូវធំមួយ  ហើយជារៀងរាល់ថ្ងៃ ខ្ញុំក៏បានឃើញអ្នកបើកបរជាច្រើនកំពុងតែបើកបររថយន្ត ដោយមិនបានផ្តោតអារម្មណ៍ទៅលើការបើកបរ។ តាមធម្មតា ពួកគេបើកឡានបណ្តើរ និយាយទូរស័ព្ទ ឬផ្ញើសារតាមទូរស័ព្ទបណ្តើរ ប៉ុន្តែ ខ្ញុំក៏បានឃើញគេអានការសែត ផាត់មុខ ឬញាំអាហារ ពេលកំពុងបើកបរក្នុងល្បឿនប្រហែល ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង! ក្នុងស្ថានភាពខ្លះ  ការបែកអារម្មណ៍ នៅក្នុងការធ្វើអ្វីមួយ គឺមានរយៈពេលខ្លី មិននាំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួនឯង និងអ្នកដទៃទេ។ ប៉ុន្តែ ការមិនបានផ្តោតអារម្មណ៍ ក្នុងពេលបើកបរ អាចនាំឲ្យគ្រោះថ្នាកដល់ជីវិតខ្លួនឯង ឬទាំងអ្នកដទៃផង។

ជួនកាល ការមិនបានផ្តោតអារម្មណ៍អាចជាបញ្ហា ដែលកើតមានក្នុងទំនាក់ទំនង រវាងយើងនិងព្រះ។ តាមពិត នាងម៉ាថា ដែលជាមិត្តសំឡាញ់របស់ព្រះយេស៊ូវ ក៏ធ្លាប់មានបញ្ហានេះផងដែរ។ មានពេលមួយ ព្រះយេស៊ូវបានយាងមកផ្ទះរបស់នាង ហើយនាងក៏មិនបានផ្តោតអារម្មណ៍ទៅលើការបង្រៀនរបស់ទ្រង់ទេ ព្រោះនាង “មានការរវល់ជាច្រើន” នៅក្នុងការរៀបចំម្ហូបអាហារថ្វាយទ្រង់(លូកា ១០:៤០)។ ពេលដែលនាងមានការរអ៊ូរទាំថា នាងម៉ារាដែលជាប្អូនស្រី មិនបានជួយនាង(មកពីនាងម៉ារាកំពុងផ្តោតចិត្ត ទៅលើព្រះគ្រីស្ទ និងទៅលើការបង្រៀនរបស់ទ្រង់) ព្រះយេស៊ូវក៏បានប្រាប់នាងម៉ាថាថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ។ មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ”(ខ.៤១-៤២)។

នាងម៉ាថាមិនបានផ្តោតចិត្តទៅលើព្រះបន្ទូលព្រះយេស៊ូវ ដោយសារនាងចង់រៀបចំម្ហូបអាហារទទួលទ្រង់ ដូចនេះ នាងមានបំណងល្អទេ។ ប៉ុន្តែ នាងបានបាត់បង់ឱកាសស្តាប់ព្រះយេស៊ូវបង្រៀន និងអរសប្បាយនឹងព្រះវត្តមានទ្រង់។ ដូចនេះ ទ្រង់សក្តិសមនឹងឲ្យយើងផ្តោតចិត្ត ផ្តោតគំនិត ឲ្យបានខ្លាំងបំផុត ហើយមានតែទ្រង់ប៉ុណ្ណោះ តែអាចជួយឲ្យយើងជម្នះការរំខានគ្រប់យ៉ាងក្នុងជីវិត ដែលធ្វើឲ្យយើងមិនបានផ្តោតចិត្តទៅលើទ្រង់។-Bill Crowder