ការហាត់ប្រាណលាតសន្ធឹងដៃ និងពត់ខ្លួនដែលខ្ញុំចូលចិត្តជាងគេ គឺនៅ៥នាទីចុងក្រោយ។ គឺពេលយើងពត់ខ្លួនទៅក្រោយ អោយទាបនៅលើកម្រាលដើម្បីអោយយើងបានសម្រាក។ ក្នុងពេលវេលាបែបនោះ គ្រូបង្វឹកនិយាយដោយស្រទន់ថា៖ «ស្វែងរកកន្លែងសម្រាករៀងខ្លួនចុះ»។ ខ្ញុំស្រាប់គិតដល់កន្លែងសម្រាកល្អបំផុត គឺជាកំនាព្យមួយបទតែងដោយក្លេឡែន ប៊ី ម៉ាកហ្វ៊ី មានចំណងជើងថា៖ «នៅក្បែរព្រះទ័យទ្រង់»។
មានកន្លែងសម្រាកមួយយ៉ាងស្ងប់ស្ងាត់
នៅក្បែរព្រះទ័យព្រះអម្ចាស់
នៅកន្លែងនោះគ្មានអំពើបាបទាល់តែសោះ
គឺនៅក្បែរព្រះទ័យព្រះអម្ចាស់។
ព្រះយេស៊ូជាព្រះអង្គសង្រ្គោះដ៏មានពរ
ដែលព្រះបិតាបានចាត់បញ្ជូនមក
មករកអស់អ្នកដែលរង់ចាំព្រះអង្គ
នៅក្បែរព្រះទ័យព្រះអម្ចាស់។
កំនាព្យនេះត្រូវបានតែងឡើងក្នុងឆ្នាំ១៩០១ ក្រោយមរណភាពរបស់ក្មួយស្រីលោកម៉ាកហ្វ៊ីពីរនាក់ដោយសារជំងឺខាន់ស្លាក់។ ក្រុមថ្វាយបង្គំច្រៀងចម្រៀងនេះនៅខាងក្រៅផ្ទះរបស់បងប្រុសគាត់ ដោយផ្តល់ក្តីសង្ឃឹមពីការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់។ លោកប៉ូលប្រាប់យើងថា ព្រះជាម្ចាស់មានព្រះទ័យស្រឡាញ់ដល់យើង (រ៉ូម ៨:៣១-៣៩)។ គ្មានអ្វីមួយទោះជាទុក្ខលំបាក សេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវអី ទោះជាស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅខាងមុខ ឬឥទ្ធិប្ញទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី ពុំអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ។ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន» (ខ៣១)។
មិនថាអ្នកមានការធុញថប់ ឬបារម្ភប៉ុណ្ណាទេ ព្រះទ័យរបស់ព្រះជាម្ចាស់ជាកន្លែងយើងសម្រាកបាន។ ចូរពឹងផ្អែកលើព្រះអង្គចុះ «ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា (១ពេត្រុស ៥:៧)។ Anne Cetas ។