កាលនៅពីក្មេង ខ្ញុំមានវីរៈបុរសម្នាក់ គឺលោកភីធ ម៉ារ៉ាវីជ(Pete Maravich) ដែលជាកីឡាករបាល់បោះ ដែលមានពន្ទុះខ្ពស់ ដែលលេងបាល់បោះ ដូចអ្នកលេងសៀកអញ្ចឹង។
បញ្ហាចោទនៅពេលនោះ គឺការដែលខ្ញុំមានបំណងប្រាថ្នាចង់មានលក្ខណៈ ដូចលោកភីស្តូល ភីធ(Pistol Pete) បានធ្វើឲ្យខ្ញុំមិនពេញចិត្ត ចំពោះព្រះដែលបានបង្កើតឲ្យខ្ញុំមានលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ។ នៅពេលខ្ញុំដឹងថា ខ្លួនមិនអាចលេងបាល់បោះ ឲ្យបានល្អដូចលោកភីតទេ ខ្ញុំក៏មានការបាក់ទឹកចិត្តកាន់តែខ្លាំងឡើងៗ ។ ខ្ញុំថែមទាំងលែងចូលរួមជាមួយក្រុមកីឡាមហាវិទ្យាល័យ អស់មួយរយៈពេលខ្លី ព្រោះខ្ញុំមិនអាចឈានទៅដល់ខ្នាតគំរូនៃលោកម៉ារ៉ាវីជ ។
ក្មេងៗនៅសម័យនេះ ក៏នៅតែមានទម្លាប់យ៉ាងដូចនេះផងដែរ ។ ពួកគេចម្រើនវ័យធំឡើង ដោយចិត្តមិនអរសប្បាយចំពោះព្រះ ដែលបានបង្កើតពួកគេមក ឲ្យមានលក្ខណៈសម្បត្តិផ្ទាល់ៗខ្លួន ព្រោះពួកគេចង់ឲ្យខ្លួនឯង មានលក្ខណៈដូច “វីរៈបុរសដែលពួកគេយល់ថាល្អឥតខ្ចោះ”នោះ ។
នាងចូននី ឌីអាស៍(Jonny Diaz) ដែលជាអ្នកចម្រៀងគ្រីស្ទបរិស័ទ បានទទួលស្គាល់បញ្ហានេះផងដែរ ហើយគាត់បាននិពន្ធបទចម្រៀងមួយបទ មានចំណងជើងថា “ខ្លួនអ្នកដែលស្រស់ស្អាតលើសពីនេះ”។ បទនេះផ្តើមដោយឃ្លា “ក្មេងស្រីម្នាក់មានអាយុ១៤ឆ្នាំ បានមើលទស្សនាវត្តី ហើយនិយាយថា នាងចង់មានសម្រស់ដូចរូបនោះដែរ”។ ក្មេងស្រីខ្លះប្រាថ្នាចង់មានលក្ខណៈដូចនាងសេលីណា ហ្កូមេស(Selena Gomes) ដែលជាតារាឌីសនី(Disney) ឬដូចពួកតារាផ្សេងទៀត គឺមិនខុសពីកាលដែលខ្ញុំចង់មានលក្ខណៈ ដូចលោកម៉ារ៉ាវីជឡើយ ។ នាងឌីអាស៍បានច្រៀងថា “អ្នកមិនអាចក្លាយជាមនុស្សម្នាក់ទៀត ដែលស្អាតលើសពីនេះឡើយ ចូរកុំជឿការកុហក់នោះអី … អ្នកត្រូវបានបង្កើតមក ដើម្បីបំពេញនូវគោលបំណងមួយ ដែលមានតែអ្នកប៉ុណ្ណោះ ដែលអាចធ្វើបាន”។ ត្រង់ចំណុចនេះ នាងឌីអាស៍ កំពុងលើកឡើងអំពីអ្វីដែលអ្នកនិពន្ធបទចម្រៀងម្នាក់ទៀតបានចែង តាមការបណ្តាលមកពីព្រះ កាលពីរាប់ពាន់ឆ្នាំមុនថា “ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកតម្កើង ១៣៩:១៤)។
ព្រះទ្រង់បានបង្កើតយើងមកឲ្យមានលក្ខណៈសម្បត្តិ តាមបំណងព្រះទ័យទ្រង់ ។ ចូរជឿយ៉ាងដូចនេះចុះ ។ អ្នកមិនអាចក្លាយជាមនុស្សម្នាក់ទៀតដែលស្អាតលើសពីនេះឡើយ។ – Dave Branon