បន្ទាប់ពីមានការរញ្ជួយដី នៅប្រទេសហៃទី ឆ្នាំ ២០១០មក យើងមានការតក់ស្លត់ នៅពេលបានឃើញរូបភាពនៃភាពហិនហោច និងទុក្ខវេទនា ដែលប្រជាជនបានទទួលរង នៅក្នុងប្រទេសដ៏តូចមួយនេះ ។ ក្នុងចំណោមរូបភាពដ៏គួរឈឺចាប់ជាច្រើន មានរូបភាពមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ ។ គឺរូបភាពដែលបង្ហាញអំពីស្រ្តីម្នាក់ ដែលកំពុងសម្លឹងមើលទៅភាពវិនាសហិនហោចដ៏ធំក្រៃលែង ដោយការយំសោក ។ គាត់មិនអាចពិចារណា អំពីការឈឺចាប់នៃប្រជាជនរបស់ខ្លួនបានឡើយ ហើយនៅពេលដែលចិត្តរបស់គាត់ត្រូវខ្ទេចខ្ទាំ គាត់បានសម្រក់ទឹកភ្នែក ។ គេអាចយល់អំពីការឆ្លើយតបរបស់គាត់នៅពេលនោះ ។ ជួនកាល មានតែការយំសោកទេ ដែលជាការឆ្លើយតបដ៏សមរម្យ ចំពោះការឈឺចាប់ដែលយើងជួបប្រទះ ។
នៅពេលខ្ញុំពិនិត្យមើលរូបភាពនោះ ខ្ញុំបានគិតអំពីការក្តួលអាណិតនៃព្រះអម្ចាស់នៃយើង ។ ព្រះយេស៊ូវបានជ្រាបអំពីភាពចាំបាច់នៃការសម្រក់ទឹកភ្នែក ហើយទ្រង់ក៏ព្រះកន្សែងផងដែរ ។ ប៉ុន្តែ ទ្រង់ព្រះកន្សែង ចំពោះសេចក្តីហិនវិនាសមួយប្រភេទទៀត ដែលកើតឡើងពីអំពើបាប ។ នៅពេលទ្រង់យាងជិតដល់ទីក្រុងយេរូសាឡិម ដែលមានទៅដោយ អំពើពុករលួយ និងភាពអយុត្តិធម៌ ហើយនិងការឈឺចាប់ដែលអ្នកក្រុងនោះបានបង្ករ ទ្រង់បានឆ្លើយតប ដោយសម្រក់ទឹកភ្នែក ។ ដូចដែលមានចែង ថា “កាលទ្រង់យាងទៅបង្កើយ និងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះ”(លូកា ១៩:៤១)។ ព្រះយេស៊ូវទ្រង់ព្រះកន្សែង ដោយការក្តួលអាណិត និងសេចក្តីសោកសៅ ។
នៅពេលយើងជួបប្រទះ ភាពអមនុស្សធម៌ ទុក្ខវេទនា និងអំពើបាប ដែលត្រូវបានបណ្តាលឡើង ក្នុងលោកិយនេះ តើយើងឆ្លើយតបដោយរបៀបណា? បើសិនជាព្រះយេស៊ូវឈឺចាប់ព្រះទ័យ ចំពោះស្ថានភាពនៃលោកិយទៅហើយ តើយើងគួរតែឈឺចិត្តដែរឬទេ? ដូចនេះ តើយើងមិនគួរធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីជួយឲ្យមានការផ្លាស់ប្រែដល់អ្នក ដែលកំពុងមានសេចក្តីត្រូវការ ទាំងខាងវិញ្ញាណ និងខាងរូបកាយទេឬអី? – Bill Crowder