ពេលខ្ញុំកំពុងជជែកគ្នា ជាមួយសុភាពបុរសម្នាក់ ដែលភិរិយារបស់គាត់បានស្លាប់ គាត់បានចែកចាយប្រាប់ខ្ញុំថា មិត្តភ័ក្ររបស់គាត់ម្នាក់បាននិយាយមកកាន់គាត់ថា “ខ្ញុំសូមជួយរំលែកទុក្ខ ចំពោះការបាត់បង់ភរិយារបស់អ្នក”។ គាត់ឆ្លើយថា “អូ ខ្ញុំមិនបានបាត់បង់គាត់ទេ ។ ខ្ញុំដឹងច្បាស់ ថាគាត់នៅទីណា”។
អ្នកខ្លះប្រហែលជាយល់ថា ការឆ្លើយតបដូចនេះ ហាក់ដូចជាក្លាហាន ឬថែមទាំងខ្វះការគួរសម ។ ដោយសារមានទ្រឹស្តីជាច្រើន បានចែងអំពីការអ្វីដែលកើតឡើង បន្ទាប់ពីការស្លាប់របស់មនុស្ស នោះគេអាចឆ្ងល់ ថាតើធ្វើដូចម្តេចឲ្យយើង អាចដឹងច្បាស់ ថាអ្នកជាទីស្រឡាញ់របស់យើងទៅទីណា បន្ទាប់ពីពួកគេស្លាប់ ឬតើយើងនឹងទៅទីណា បន្ទាប់ពីយើងស្លាប់ ។
ប៉ុន្តែ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ត្រូវមានទំនុកចិត្ត ។ ព្រះបន្ទូលព្រះបានផ្តល់ការធានាដល់យើងថា នៅពេលយើងស្លាប់ យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់នៃយើងភ្លាម(២កូរិនថូស ៥:៨)។ សូមអរព្រះគុណទ្រង់ ព្រោះនេះមិនគ្រាន់តែជាក្តីប្រាថ្នារបស់យើងប៉ុណ្ណោះឡើយ ។ ការធានានេះ គឺមានប្រភពនៅក្នុងប្រវត្តិដ៏ពិតនៃព្រះយេស៊ូវ ដែលបានយាងមក ហើយបានសុគត ដើម្បីលប់ចោលទោសនៃអំពើបាបរបស់យើង ដើម្បីឲ្យយើងទទួលជីវិតអស់កល្បជានិច្ច(រ៉ូម ៦:២៣)។ បន្ទាប់មក ទ្រង់បានបង្ហាញឲ្យយើងដឹងថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងរស់ឡើងវិញ ព្រោះទ្រង់បានយាងចេញពីផ្នូររបស់ទ្រង់ ហើយបានយាងឡើងទៅនគរស្ថានសួគ៌វិញ គឺយាងទៅកន្លែងដែលយើងនឹងបានទៅ តាមការសន្យារបស់ទ្រង់ ។ ទ្រង់កំពុងរៀបចំកន្លែងសម្រាប់យើង(យ៉ូហាន ១៤:២)។
ដូចនេះ ចូរយើងអរសប្បាយឡើង! ដោយសារការពិតនេះ គឺបានផ្តល់ជាប្រយោជន៍ដល់លោកិយ នោះយើងអាចនិយាយយ៉ាងក្លាហាន ជាមួយសាវ័កប៉ុលថា “យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង”(២កូរិនថូស ៥:៨)។
– Joe Stowell