ថ្ងៃមួយខ្ញុំបានឃើញកូនប្រុសរបស់ខ្ញុំ កំពុងព្យាយាមលើកដុំដែកទម្ងន់២គីឡូក្រាម ឲ្យខ្ពស់ផុតក្បាលរបស់វា ។ នេះជាសេចក្តីប្រាថ្នាដ៏ធំ សម្រាប់ក្មេងដែលមានអាយុពីរបីឆ្នាំ ។ វាអាចលើកដុំដែកនោះផុតពីដី បានកម្ពស់តែពីរបីសង់ទីម៉ែត្រទេ ប៉ុន្តែ កែវភ្នែករបស់វាបញ្ជាក់អំពីការតាំងចិត្ត ហើយមុខរបស់វាក៏ឡើងក្រហម ដោយសារការប្រឹងលើកនោះ ។ ខ្ញុំក៏ជួយលើកវា ហើយយើងក៏រួមគ្នាលើកដុំដែកនោះឡើងលើ ឆ្ពោះទៅរកពិដានផ្ទះ ។ ការលើកដុំដែក មានការពិបាកសម្រាប់វា តែសម្រាប់ខ្ញុំ គឺងាយស្រួលទេ ។
នៅពេលយើងមានកិច្ចការដែលពិបាកៗធ្វើ នោះចូរយើងគិតដល់ព្រះយេស៊ូវចុះ ។ នៅពេលជីវិតរបស់យើងហាក់ដូចជាមាន ទៅដោយទុកលំបាក់ជាច្រើន ដែលកំពុងវិលវល់ នោះព្រះយេស៊ូវទ្រង់អាចជួយយើងយ៉ាងងាយ ទោះនោះជាការឈឺធ្មេញ ឬជាការឈ្មោះប្រកែកគ្នាដ៏ធ្ងន់ធ្ងរ ឬក៏សូម្បីតែការលំបាកទាំងអស់នោះកើតឡើង ក្នុងពេលតែមួយក៏ដោយ ។ ទ្រង់អាចដោះស្រាយអ្វីៗគ្រប់យ៉ាង ហេតុនេះហើយបានជាទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។
តើអ្នកនឿយហត់ ដោយសារបញ្ហាដែលកើតមានមិនចេះចប់មិនចេះហើយឬ? តើអ្នកមានទុក្ខលំបាក ដោយភាពតប់ប្រមល់ និងការព្រួយបារម្ភឬ? មានតែព្រះយេស៊ូវទេ ដែលជាដំណោះស្រាយដ៏ពិត ។ ការចូលទៅជិតព្រះអម្ចាស់ ដោយការអធិស្ឋាន នាំឲ្យយើងអាចផ្ទេរបន្ទុកយើង ដល់ទ្រង់ ដើម្បីឲ្យទ្រង់ជួយទ្រទ្រង់យើង(ទំនុកតម្កើង ៥៥:២២)។ នៅថ្ងៃនេះ ចូរទូលសូមឲ្យទ្រង់ជួយអ្នក ក្នុងគ្រប់ការទាំងអស់ចុះ ។ នៅពេលទ្រង់ដកបន្ទុកចេញពីយើង នោះទ្រង់នឹងប្រទានឲ្យវិញ្ញាណយើង មានការសម្រាក ដ្បិតនឹមរបស់ទ្រង់ងាយទេ ហើយបន្ទុករបស់ទ្រង់ក៏ស្រាលដែរ(ម៉ាថាយ ១១:២៩-៣០)។
– Jennifer Benson Schuldt