សាសន៍អ៊ីស្រាអែល និងសាសន៍ភីលីស្ទីន បានមានសង្រ្គាមនឹងគ្នា ។ នៅពេលស្តេចសូលសម្រាក នៅក្រោមដើមទទឹម ជាមួយនឹងពួកទ័ពទ្រង់ យ៉ូណាថាន និងអ្នកកាន់គ្រឿងសាស្រ្តាវុធរបស់លោក ក៏បានចាកចេញពីបន្ទាយទ័ពស្ងាត់ៗ ទៅមើលបន្ទាយរបស់ខ្មាំង ដើម្បីឲ្យបានឃើញព្រះអម្ចាស់ ច្បាំងជំនួសពួកខ្លួន ដោយលោកជឿថា “គ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ”(១សាំយ៉ូអែល ១៤:៦)។
យ៉ូណាថាន និងអ្នកជំនួយរបស់លោក ហៀបនឹងឆ្លងកាត់ផ្លូវ ដែលនៅចន្លោះជ្រលងភ្នំខ្ពស់ៗពីរ ។ ពួកខ្មាំងសត្រូវដែលប្រដាប់ដោយអាវុធ កំពុងប្រចាំការនៅលើកំពូលនៃជ្រលងភ្នំទាំងសងខាង ។ ពួកគេមានគ្នាតែពីរនាក់ប៉ុណ្ណោះ ក្នុងការប្រឈមមុខនឹងពួកទ័ពសត្រូវជាច្រើនដ៏ ម្ល៉េះ ។ នៅពេលយ៉ូណាថានប្រាប់ថា លោកនឹងឡើងរកពួកសត្រូវ នៅលើជ្រលងភ្នំ អ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោក មិនភ្ញាក់ផ្អើលឡើយ ។ គាត់បានសួរលោកថា “តើនេះជាបំណងចិត្តរបស់លោកឬ? សូមសម្រេចតាមបំណងចិត្តលោកចុះ”(ខ.៧)។ ដូចនេះ អ្នកទាំងពីរក៏ឡើងជ្រលងភ្នំនោះ ហើយព្រះអម្ចាស់ទ្រង់ក៏បានជួយឲ្យពួកគេមានជ័យជម្នះលើពួកខ្មាំងសត្រូវ(ខ.៨-១៤)។ យើងត្រូវតែកោតសរសើរ អ្នកកាន់គ្រឿងសាស្ត្រាវុធវ័យក្មេងម្នាក់នេះ ។ គាត់បានកាន់គ្រឿងសាស្ត្រាវុធឡើងជ្រលងភ្នំ ហើយបាននៅជាប់ជាមួយយ៉ូណាថាន ដោយដើរតាមជាប់ពីក្រោយ ហើយសម្លាប់ពួកទ័ពដែលយ៉ូណាថាន បានវាយឲ្យរបួស ។
ពួកជំនុំត្រូវការអ្នកដឹកនាំដែលរឹងមាំ ដើម្បីឲ្យយើងអាចប្រឈមមុខនឹងខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង ប៉ុន្តែ យើងមិនត្រូវឲ្យអ្នកដឹកនាំទាំងនោះ ប្រឈមមុខនឹងពួកខ្មាំងសត្រូវតែឯកឯងឡើយ ។ ពួកគេត្រូវការជំនួយ និងការគាំទ្រពីមនុស្សគ្រប់គ្នា នៅក្នុងពួកជំនុំ ដែលជា “អ្នកកាន់គ្រឿងសាស្រ្តាវុធ” ដ៏ស្មោះត្រង់ ដូចអ្នកនិងខ្ញុំ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយពួកគេ នៅក្នុងការប្រយុទ្ធតតាំងនឹង “ខ្មាំងសត្រូវនៃវិញ្ញាណរបស់យើង”។ - David C. Egner