អ្នកនិពន្ធដែលមិនមានឈ្មោះល្បី អាចមានការបាក់ទឹកចិត្ត នៅពេលដែលគេបដិសេធ មិនព្រមទទួលស្នាដៃនិពន្ធរបស់ខ្លួន ម្តងហើយម្តងទៀតនោះ ។ នៅពេលពួកគេផ្ញើអត្ថបទរបស់ខ្លួន ទៅអ្នកបោះពុម្ភផ្សាយ ជាញឹកញាប់ពួកគេបានឮពាក្យឆ្លើយតប តាមសំបុត្រមកវិញថា “សូមអរគុណ ប៉ុន្តែ យើងខ្ញុំមិន ត្រូវការអត្ថបទរបស់អ្នក នៅពេលនេះទេ”។ ជួនកាល ការឆ្លើយតបនេះពិតជាមានន័យថា “មិនត្រូវការនៅពេលនេះទេ ឬ មិនដែលត្រូវការឡើយ ”។ ដូចនេះ ពួកគេក៏ព្យាយាមផ្ញើទៅអ្នកបោះពុម្ភផ្សាយ ម្នាក់ហើយម្នាក់ទៀត ។
ខ្ញុំបានរកឃើញថា ចំពោះឃ្លាដែលថា ពេលនេះយើងខ្ញុំមិនត្រូវការអត្ថបទរបស់អ្នកនៅពេលនេះទេ ឬមិនដែលត្រូវការឡើយ អាចជាពាក្យសម្តីដ៏មានប្រយោជន៍ នៅក្នុងដំណើរជីវិតរបស់ខ្ញុំ ជាគ្រីស្ទបរិស័ទ ព្រោះវាអាចជួយឲ្យខ្ញុំប្រែចិត្តជាថ្មី ហើយផ្តោតគំនិតរបស់ខ្ញុំ ទៅរកព្រះអម្ចាស់ ។
ឧទាហរណ៍ នៅពេលយើងចាប់ផ្តើមមានការព្រួយបារម្ភ យើងអាចរំឭកខ្លួនឯងថា “ខ្ញុំមិនត្រូវការ ព្រួយបារម្ភ នៅពេលនេះទេ ឬមិនដែលត្រូវការឡើយ ។ អ្វីដែលចិត្តខ្ញុំត្រូវការ គឺការទុកចិត្តព្រះ ។ ខ្ញុំនឹង “មិនខ្វល់ខ្វាយអ្វីឡើយ”(ភីលីព ៤:៦)។
នៅពេលយើងច្រណែននឹងអ្វីដែលអ្នកដទៃមាន ឬបានធ្វើ នោះយើងអាចរំឭកខ្លួនឯងអំពីសេចក្តីពិត ដោយប្រាប់ខ្លួនឯងថា “ខ្ញុំមិនត្រូវការច្រណែន នៅពេលនេះទេ ឬមិនដែលត្រូវការទេ ។ តែខ្ញុំត្រូវការអរព្រះគុណព្រះ ។ ព្រះបន្ទូលទ្រង់ចែងថា “ចិត្តច្រណែនគឺជាសេចក្តីពុករលួយដល់ឆ្អឹងវិញ”(សុភាសិត ១៤:៣០) ហើយត្រូវអរព្រះគុណព្រះក្នុងគ្រប់ការទាំងអស់”(១ថែស្សាឡូនិច ៥:១៨)។
យើងមិនអាចប្រែចិត្តជាថ្មី ដោយខ្លួនឯងបានឡើយ(រ៉ូម ១២:២) គឺមានតែព្រះវិញ្ញាណដែលគង់នៅក្នុងយើងទេ ដែលអាចធ្វើការនេះបាន ។ ទន្ទឹមនឹងនោះ ការនិយាយប្រាប់ខ្លួនឯងនៅក្នុងចិត្ត អំពីសេចក្តីពិត អាចជួយឲ្យយើងចុះចូលនឹងព្រះវិញ្ញាណ ដែលធ្វើការនៅក្នុងចិត្តយើង ។ – Anne Cetas