សព្វថ្ងៃនេះ ការទិញ និងការលក់អចលនទ្រព្យ គឺជាមុខជំនួញដ៏ពិបាក ដែលទៀមទាឲ្យមានការយល់ដឹង និងប្រុងប្រយ័ត្ន ។ តម្លៃផ្ទះបានធ្លាក់ចុះ ក្នុងល្បឿនដ៏គួរឲ្យចាប់អារម្មណ៍ ហើយបើសិនជាអ្នកចង់លក់អចលនទ្រព្យ នោះអ្នកនឹងជួបការលំបាកកាន់តែខ្លាំង ។ ដូចនេះ នៅក្នុងទីផ្សាអចលនទ្រព្យ យើងនៅតែចាំបាច់ត្រូវរំឭកខ្លួនឯង អំពីពាក្យចាស់មួយដែលពោលថា “នៅក្នុងការលក់ដូរអចលនទ្រព្យ យើងចាំបាច់ត្រូវដឹងអំពីចំណុចសំខាន់បំផុតបីយ៉ាងគឺ ទីតាំង ទីតាំង និងទីតាំង”។
ក្នុងការរស់នៅថ្វាយព្រះយេស៊ូវ យើងក៏ចាំបាច់ត្រូវដឹងអំពីទីតាំងផងដែរ ។ ការដឹងអំពីទីតាំងខាងវិញ្ញាណរបស់យើង គឺពិតជាសំខាន់ណាស់ បើសិនជាយើងត្រូវមានជ័យជម្នះ នៅក្នុងការធ្វើដំណើរ កាត់តាមទឹកដីដែលមានតម្លៃថោកក្រៃលែង នៅក្នុងលោកិយនេះ ។ សាវ័កប៉ុលបានរំឭកយើងថា យើងមានទីតាំងថ្មីមួយ នៅក្នុងព្រះគ្រីស្ទ បន្ទាប់ពីយើងត្រូវបានប្រោសឲ្យរួចពី “អំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់”(កូល៉ុស ១:១៣)។ ការដឹងថា យើងបានផ្លាស់ប្តូរទីតាំងខាងវិញ្ញាណ ចូលក្នុងនគរនៃព្រះយេស៊ូវ ដោយព្រះគុណទ្រង់ គឺពិតជាមានអត្ថប្រយោជន៍ណាស់ ។ សព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់គ្រងរាជ្យជាស្តេច នៅក្នុងចិត្ត និងគំនិតយើង ហើយយើងគឺជារាស្រ្តរបស់ទ្រង់ ដែលបានដឹងគុណទ្រង់ ។ យើងត្រូវធ្វើតាមបំណងព្រះទ័យទ្រង់ និងប្រព្រឹត្តតាមផ្លូវរបស់ទ្រង់ ។ ហើយយើងត្រូវធ្វើការសម្រេចចិត្តថា យើងនឹងស្មោះត្រង់ចំពោះទ្រង់ ។
ទ្រង់បានប្រោសឲ្យយើងរួចពីសេចក្តីងងឹតហើយ ដូចនេះ ពេលដែលសេចក្តីល្បួង និងការលួងលោម នៃសេចក្តីងងឹត កំពុងនាំឲ្យអ្នកប្រឆាំងនឹងការគ្រងរាជ្យរបស់ទ្រង់ ក្នុងចិត្តអ្នក នោះសូមចងចាំអំពីទីតាំងថ្មីរបស់អ្នក ដែលមាននៅក្នុង ព្រះគម្ពីរកូល៉ុស ១:១៣ ចុះ ។ – Joe Stowell