ខ្ញុំមានអារម្មណ៍នឿយណាយ នៅពេលដែលខ្ញុំមិនឃើញគេ មកជួសជុលបង្គោលភ្លើង តាមផ្លូវមុខផ្ទះខ្ញុំ ទោះបីជាខ្ញុំបានព្យាយាមទូរស័ព្ទម្តងហើយម្តងទៀតក៏ដោយ ។ បង្គោលភ្លើងទាំងនោះ មានភាពចាំបាច់ណាស់សម្រាប់ការបំភ្លឺផ្លូវ ពេលងងឹត ដូចនេះ បង្គោលភ្លើងនីមួយៗចាំបាច់ត្រូវមានដំណើរការ ។ ខ្ញុំបារម្ភថា បើនៅតែងងឹតដូចនេះទៀត ខ្ញុំប្រហែលជាអាចបើកបរប៉ះក្មេងៗ ដែលដើរទៅសាលារៀន ពេលខ្ញុំបើកឡានចេញពីផ្ទះ នៅពេលព្រលឹមស្រាងៗជាមិនខានទេ ។
ព្រះគម្ពីរបានចែងជាច្រើនដង អំពីពន្លឺ ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ទ្រង់ជាពន្លឺនៃលោកិយ(យ៉ូហាន៩:៥)។ មានសេចក្តីបង្រៀនឲ្យយើង “ពាក់គ្រឿងសឹកនៃពន្លឺ” ដោយប្រដាប់ខ្លួន ដោយព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។ បទគម្ពីរម៉ាថាយ ៥:១៦ បានបង្រៀនថា យើងត្រូវ “ឲ្យពន្លឺរបស់យើង បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលយើងប្រព្រឹត្ត រួចសរសើរតម្កើង ដល់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌”។
ពន្លឺដែលមិនចែងចាំង គឺលែងមានប្រយោជន៍ទៀតហើយ ។ ព្រះយេស៊ូវបានមានបន្ទូលថា គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា(ម៉ាថាយ ៥:១៥)។ ការប្រព្រឹត្តរបស់យើង(គឺពន្លឺរបស់យើង) គួរតែនាំមនុស្ស ឲ្យស្គាល់ព្រះមួយអង្គ ដែលទ្រង់ជាពន្លឺ ។ កាលពីដើម យើងមិនមានពន្លឺនៅក្នុងខ្លួនយើងទេ តែឥឡូវនេះយើងត្រូវបញ្ចេញពន្លឺ នៃព្រះគ្រីស្ទ ដើម្បីឲ្យគេស្គាល់ទ្រង់(អេភេសូរ ៥:៨)។
ព្រះទ្រង់បានដាក់យើងនៅក្នុងបរិស្ឋានដ៏ជាក់លាក់ណាមួយ ដែលអាចឲ្យយើងចែងចាំងឡើង ដោយពន្លឺនៃទ្រង់ ។ ចូរយើងកុំធ្វើឲ្យខ្លួនឯង ក្លាយជាបង្គោលភ្លើង ដែលមិនមានពន្លឺនោះឡើយ ។ ចូរឲ្យពន្លឺអ្នកបានចែងចាំងឡើង ! – Cindy Hess Kasper