លោកដេវ រ៉នដ៍លេត(Dave Randlett) គឺជាមនុស្សម្នាក់ ដែលខ្ញុំសូមសម្តែងការអរគុណ ។ “តាមរយៈគាត់ ជីវិតរបស់ខ្ញុំបានមានការផ្លាស់ប្រែ”។ លោកដេវបានលាចាកលោកទៅនៅនគរស្ថានសួគ៌នៅខែតុលា ឆ្នាំ២០១០ ។ គាត់បានក្លាយជាអ្នកថែរបំប៉នខ្ញុំ ពេលដែលខ្ញុំទើបតែទទួលជឿព្រះគ្រីស្ទ ក្នុងពេលកំពុងសិក្សានៅសកលវិទ្យាល័យ ។ គាត់មិនគ្រាន់តែបានលះបង់ពេលវេលា សម្រាប់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដោយឲ្យខ្ញុំមានឱកាសរៀនសូត្រ និងរីកលូតលាស់ នៅក្នុងការងារបម្រើព្រះ ។ លោកដេវជាឧបករណ៍របស់ព្រះ ដែលបានផ្តល់ឱកាសឲ្យខ្ញុំ បានក្លាយជាអ្នកផ្សាយដំណឹងល្អដល់ពួកនិស្សិត និងធ្វើដំណើរជាមួយក្រុមតន្រ្តីសកលវិទ្យាល័យ ។ និយាយរួម គាត់បានជួយឲ្យខ្ញុំមានការផ្លាស់ប្រែ និងត្រៀមខ្លួន ដើម្បីរស់នៅក្នុងជីវិត ដែលបង្រៀនព្រះបន្ទូលព្រះ ។ ខ្ញុំមានអំណរ ដោយបានសម្តែងនូវការអរគុណ ចំពោះគាត់ជាច្រើនលើក ។
ខ្ញុំបានអរគុណលោកដេវ ដែលមានឥទ្ធិពល នៅក្នុងជីវិតខ្ញុំ គឺដូចដែលសាវ័កប៉ុល មានការដឹងគុណ ចំពោះលោកអ័គីឡា និងនាងព្រីស៊ីល ដែលបានបម្រើព្រះអម្ចាស់ ជាមួយគាត់ ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “គេបានប្រថុយជីវិត ដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត”(រ៉ូម ១៦:៤)។
អ្នកក៏ប្រហែលជាមានមនុស្ស នៅក្នុងជីវិតរបស់អ្នក ដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដោយផ្តល់ឲ្យអ្នក នូវឱកាសបម្រើ ឬមានឥទ្ធិពលខាងព្រលឹងវិញ្ញាណយ៉ាងខ្លាំង មកលើជីវិតអ្នក ។ អ្នកទាំងនោះ អាចជាគ្រូគង្វាល អ្នកដឹកនាំការងារបម្រើព្រះ មិត្តភ័ក្រ ឬសមាជិកគ្រួសារ ដែលបានធ្វើការលះបង់ ដើម្បីជួយឲ្យអ្នកធ្វើដំណើរឆ្ពោះទៅមុខ ថ្វាយព្រះគ្រីស្ទ ។ ខ្ញុំសូមសួរអ្នកថា តើអ្នកបានសម្តែងនូវការអរគុណ ដល់ពួកគេហើយឬនៅ? – Bill Crowder