លោកចន វូឌិន(John Wooden) គឺជាគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ដែលបានដាក់វិន័យដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ ឲ្យក្រុមកីឡារបស់គាត់អនុវត្តតាម ។ ពេលណាមានកីឡាករណាម្នាក់ទទួលបានពន្ទុ នោះគាត់ត្រូវទទួលស្គាល់ សមាជិកក្រុមណាមួយ ដែលបានជួយឲ្យអ្នកនោះបានពន្ទុ ។ មានពេលមួយ ពេលដែលគាត់កំពុងបង្វឹកក្រុមកីឡាវិទ្យាល័យ មានសមា-ជិកក្រុមកីឡាម្នាក់ បានសួរគាត់ថា “លោកគ្រូ តើការធ្វើដូចនេះ មិននាំចំណាយពេលច្រើនពេកទេឬ?” លោកវូឌិនក៏បានតបថា “ខ្ញុំមិនបានប្រាប់ឲ្យឯង រត់ទៅឱបគាត់ នៅកន្លែងហ្នឹងឯណា គឺគ្រាន់តែងង់ក្បាលដាក់គាត់ទៅបានហើយ”។
ដើម្បីទទួលបានជ័យជម្នះ លោកវូឌិនបានមើលឃើញភាពចាំបាច់នៃការបង្រៀនក្រុមកីឡារបស់គាត់ថា ពួកគេជាកីឡាករមួយក្រុម គឺមិនមែន “គ្រាន់តែជាក្រុម ដែលមានទៅដោយមនុស្សដែលមានម្ចាស់ការរៀងៗខ្លួននោះឡើយ”។ មនុស្សម្នាក់ៗ សុទ្ធតែរួមចំណែក នៅក្នុងការជួយឲ្យអ្នកដទៃទៀតនៅក្នុងក្រុមទទួលបានជោគជ័យ ។
ការនេះបានក្រើនរំឭកខ្ញុំ អំពីរបៀបនៃការធ្វើការ ក្នុងរូបកាយនៃព្រះគ្រីស្ទ ។ តាមបទគម្ពីរ ១កូរិនថូស ១២:១៩-២០ យើងម្នាក់ៗគឺសុទ្ធតែជាផ្នែកផ្សេងៗគ្នា នៃរូបកាយតែមួយ ។ គឺដូចដែលមានសេចក្តីចែងថា “ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ”។ តើជោគជ័យរបស់គ្រួគង្វាល ការសិក្សាព្រះគម្ពីរ ឬកម្មវិធីនៃពួកជំនុំ អាស្រ័យទៅលើការងាររបស់មនុស្សតែម្នាក់ឬ? តើត្រូវមានមនុស្សប៉ុន្មាននាក់រួមចំណែក ដើម្បីឲ្យពួកជំនុំ ឬអង្គការគ្រីស្ទបរិស័ទ ឬក៏គ្រួសារមួយ មានដំណើរការយ៉ាងរលូនទៅបាន?
វិន័យរបស់លោកវូឌិន និងបទគម្ពីរ១កូរិនថូស ជំពូក១២ គឺមានប្រភពនៅក្នុងគោលការណ៍ នៃការបំពេញសេចក្តីត្រូវការឲ្យគ្នាទៅវិញទៅមក ។ ចូរយើងប្រើអំណោយទានរបស់យើង នៅក្នុងរូបកាយព្រះគ្រីស្ទ ដើម្បីស្អាង ពង្រឹង និងជួយអនុវត្តតាមបំណងព្រះហឫទ័យព្រះ(ខ.១-១១)។ – Candy Hes Kasper