ទស្សនៈរបស់យើង អាចមានការផ្លាស់ប្តូរ ដោយសារទុក្ខលំបាកដែលយើងបានជួបប្រទះ ។ ថ្មីៗនេះ ខ្ញុំបាននឹកចាំអំពីការនេះ នៅពេលខ្ញុំបានសំណេះសំណាល ជាមួយស្រ្តីម្នាក់ ដែលខ្ញុំបានជួយរំលែកទុក្ខ ។ គាត់ក៏ជាឪពុកម្តាយដូចខ្ញុំ និងស៊ូ(Sue)ផងដែរ ។ កូនស្រីវ័យជំទង់របស់គាត់ បានបាត់បង់ជីវិតភ្លាមៗ ដោយមិនបានដឹងជាមុន។
គាត់បានប្រាប់ខ្ញុំថា គាត់នឹកកូនស្រីរបស់គាត់ជាពន់ពេក ហើយគាត់បានទូលព្រះថា គាត់មានអារម្មណ៍ថា ខ្លួនគាត់ហាក់ដូចជាកំពុងខំតោងនឹងក្រចកដៃ ដើម្បីកុំឲ្យធ្លាក់ ។ បន្ទាប់មក គាត់មានអារម្មណ៍ថា ព្រះហស្ថទ្រង់បានការពារគាត់ ដោយចាប់លើកគាត់ឡើង ហើយគាត់អាចលែងដៃ ដើម្បីឲ្យទ្រង់ទ្រគាត់ ។
គាត់ប្រែជាមានទស្សនៈដែលល្អប្រសើរជាងមុន ។ រឿងនេះបានរំឭកយើងថា កាលណាមានទុក្ខលំបាក ហើយយើងមានអារម្មណ៍ថា ហាក់ដូចជាស្ទើរតែលែងមានសេចក្តីជំនឿតទៅទៀត នោះយើងមិនត្រូវពឹងលើសមត្ថភាពខ្លួនឯងឡើយ តែត្រូវសូមឲ្យទ្រង់ទ្រយើងឡើង ដោយព្រះហស្ថដ៏មានចេស្តា ។
ព្រះគម្ពីរទំនុកតម្កើង ៣៧:២៣-២៤ បានចែងថា “គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ… ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត”។ បទគម្ពីរទំនុកតម្កើង ៦៣:៨ បានចែងថា “ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”។
ពេលយើងមានទុក្ខលំបាក យើងប្រហែលជាខំផ្តោតយ៉ាងខ្លាំង ទៅលើការតោងព្រះឲ្យជាប់ បានជាយើងភ្លេចថា ទ្រង់បានសន្យាថា ទ្រង់នឹងការពារយើង ។ ដូចនេះ យើងមិនត្រូវខំតោងនឹងក្រចកដៃរបស់ខ្លួនឡើយ តែយើងត្រូវអនុញ្ញាតឲ្យទ្រង់ទ្រយើង នឹងព្រះហស្ថនៃសេចក្តីស្រឡាញ់របស់ទ្រង់វិញ។ – Dave Branon