ក្នុងអំឡុងពេលស្ងប់ស្ងាត់ មុនពេលកម្មវិធីថ្វាយបង្គំពេលព្រឹកថ្ងៃអាទិត្យចាប់ផ្តើម អ្នកលេងអកហ្គ៍បានលេងបទទំនុកតម្កើងមួយបទ ដែលខ្ញុំមិនធ្លាប់ស្តាប់ពីមុនមក។ ខ្ញុំក៏បានបើកសៀវភៅចម្រៀងសរសើរតម្កើង ដើម្បីអានពាក្យពេចន៍នៃបទនោះ ដែលបានសរសេរថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូលបង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នកនិពន្ធនៃបទចម្រៀងនេះ បានសរសេរសម្រាយយ៉ាងពិរោះ តាមបទគម្ពីរទំនុកតម្កើង ជំពូក២៣ យ៉ាងដូចនេះថា :
ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលទូលបង្គំ ទ្រង់ការពារទូលបង្គំឲ្យបានសុខសាន្ត ។ ទ្រង់ចម្អែតខ្ញុំ តាមសេចក្តីត្រូវការ ទ្រង់ឲ្យខ្ញុំសម្រាកនៅវាលស្មៅខៀវខ្ចី នៅក្បែរទឹកហូរគ្រឿនៗ វិញ្ញាណនៃទូលបង្គំដែលមានទុក្ខព្រួយ ក៏មានកម្លាំងឡើង ជាបរិបូរ ពេលដែលទូលបង្គំដើរតាមផ្លូវដ៏ពិតរបស់ព្រះ ។
ទោះបីជាយើងបានអាន ឬស្តាប់ឮបទគម្ពីរទំនុកតម្កើងជំពូក ២៣ ដ៏ពេញនិយមនេះ បានប៉ុន្មានដងក៏ដោយ ក៏បទគម្ពីរនេះ នៅតែជាព្រះរាជសារថ្មីជានិច្ច ដែលព្រះសព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញពីព្រះទ័យទុកដាក់ចំពោះយើង ។
ទោះខ្ញុំត្រូវដើរតាមផ្លូវងងឹតបំផុត កាត់តាមជ្រលងមរណៈក៏ដោយ ក៏ខ្ញុំនឹងមិនភ័យខ្លាចឡើយ ។ ព្រះវត្តមានទ្រង់ធ្វើឲ្យទូលបង្គំក្លាហាន ព្រនង់ និងដំបងរបស់ទ្រង់ ធានាដល់ទូលបង្គំថា ទ្រង់នឹងជួយសង្រ្គោះទូលបង្គំ ។
ចំពោះអ្នកដែលធ្លាប់ឮព្រះបន្ទូលព្រះយេស៊ូវថា “ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម”(យ៉ូហាន ១០:១១) នោះពួកគេងាយនឹងយល់អំពីទិដ្ឋភាព ដែលបានឆ្លុះបញ្ចាំងនៅក្នុងបទទំនុកតម្កើងនេះ ។ ពួកឈ្នួលរត់ចោលហ្វូងចៀម ពេលជួបគ្រោះភ័យ តែអ្នកគង្វាលដ៏ពិតនៅការពារហ្វូងចៀម ។ គឺដូចដែលមានចែងថា “តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត … លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម … ឯខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ”(ខ.១២-១៤)។
នៅថ្ងៃនេះ ទោះបីជាអ្នកត្រូវជួបប្រទះនឹងបញ្ហាអ្វីក៏ដោយ ព្រះយេស៊ូវទ្រង់ស្គាល់ឈ្មោះអ្នក ទ្រង់ជ្រាបអំពីគ្រោះថ្នាក់ ហើយទ្រង់នឹងមិនចាកចេញពីអ្នកឡើយ ។ អ្នកអាចនិយាយដោយទំនុកចិត្តថា ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលខ្ញុំ ទ្រង់ការពារទូលបង្គំឲ្យបានសុខសាន្ត ! – David McCasland