តើអ្នកធ្លាប់ជាប់គាំងដំណើរ ក្នុងអាកាសយាន្តដ្ឋាន អស់រយៈពេល២៤ម៉ោងឬទេ? គឺនៅក្នុងទីក្រុងមួយ ដែលអ្នកមិនចេះនិយាយភាសារបស់គេ ហើយពេលនោះអ្នកស្ថិតនៅចម្ងាយប្រហែលប្រាំមួយពាន់គីឡូមែត្រ ពីផ្ទះរបស់អ្នក?
លោកចន គឺជាមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានជួបប្រទះរឿងនេះ កាលពីពេលថ្មីៗនេះ ហើយយើងអាចរៀនសូត្រ ពីការឆ្លើយតបរបស់គាត់បាន ។ មនុស្សយើងភាគច្រើន ប្រហែលជាមិនអាចទ្រាំទ្រស្ថានភាពជាប់គាំងដូចនេះបានទេ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានមើលឃើញព្រះហស្ថព្រះ នៅក្នុងការពន្យាពេលធ្វើដំណើរនោះ ។ ពេលដែលគាត់កំពុងរង់ចាំបន្តដំណើរទៅមុខទៀត គាត់បានឆក់យកឱកាសបង្កើតទំនាក់ទំនង ជាមួយអ្នករួមដំណើរទាំងឡាយ ។ គាត់ក៏បានជួបនឹងគ្រីស្ទបរិស័ទមួយចំនួន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ហើយក្នុងការសន្ទនានោះ ពួកគេក៏បានចែកចាយដល់គាត់ អំពីការងារបម្រើព្រះមួយ ដែល ពួកគេកំពុងធ្វើ ។ ដោយសារលោកចនមានចំណាប់អារម្មណ៍ ចំពោះការងាររបស់ពួកគេ នោះពួកគេក៏បានអញ្ជើញគាត់ ឲ្យទៅប្រទេសឥណ្ឌា ដើម្បីចូលរួម ក្នុងកម្មវិធីមួយ ដែលមានរយៈពេលខ្លី ។
តើមានពេលប៉ុន្មានដងហើយ ដែលយើងបានជួបប្រទះនឹងការពន្យាពេល ការផ្លាស់ប្តូរផែនការណ៍ និងការផ្លាស់ប្តូរទិសដៅ ហើយបានចាត់ទុក្ខការលំបាកទាំងនេះ ជាការរំខាននៃជីវិត? ការនេះអាចកើតឡើង ដោយសារព្រះសព្វព្រះទ័យនឹងឲ្យយើងធ្វើដំណើរតាមផ្លូវវាង ដើម្បីឲ្យយើងអាចធ្វើការអ្វីដែលប្លែកពីមុន ឬធ្វើការថ្មីថ្វាយទ្រង់ ។ សូមពិចារណាអំពីការធ្វើដំណើររបស់សាវ័កប៉ុលទៅក្រុងភីលីព ក្នុងព្រះគម្ពីរកិច្ចការជំពូក ១៦ចុះ ។ គាត់បានធ្វើដំណើរទៅខេត្តម៉ាសេដូន តាមការបើកសម្តែងរបស់ព្រះ(ខ.៩-១០)។ តើធ្វើដូចម្តេចឲ្យគាត់អាចដឹងជាមុន ថាគាត់នឹងត្រូវគេឃុំខ្លួន នៅទីនោះ? តែសូម្បីតែការធ្វើដំណើរ ទៅចូលមន្ទីឃុំឃាំង ក៏អាចជាការដឹកនាំរបស់ព្រះផងដែរ ព្រោះទ្រង់សព្វព្រះទ័យនឹងឲ្យសាវ័កប៉ុល នាំសេចក្តីសង្រ្គោះ ទៅដល់មេគុក ព្រមទាំងគ្រួសាររបស់គាត់ផង(ខ.២៥-៣៤)។
ព្រះទ្រង់អាចប្រើការលំបាកក្នុងជីវិតរបស់យើង ជាប្រយោជន៍ បើសិនជាយើងជឿថា ការលំបាកទាំងនោះ ជាការរៀបចំរបស់ព្រះ ។ – Dave Branon