បើសិនជានាងណាអូមីបាននឹកស្រម៉ៃចង់ត្រឡប់ទៅស្រុកកំណើត ដែលមានភាពសម្បូរសប្បាយ និងជោគជ័យវិញ នោះដំណើរចូលក្នុងក្រុងបេថ្លេហិមនឹងក្លាយជាសុបិន្តអាក្រក់សម្រាប់នាងជាមិនខាន។ ពេលនាងកំពុងរស់នៅក្នុងប្រទេសដទៃ នាងបានបាត់បង់ប្តី និងកូនប្រុស ទាំងពីរ ហើយបានវិលត្រឡប់ទៅវិញ ជាមួយនាងរស់ដែល ជាកូនប្រសារស្រី ដោយចិត្តដែលពេញដោយទុក្ខព្រួយ។ នាងបានឆ្លើយតបចំពោះអតីតអ្នកជិតខាងរបស់នាងថា “កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់” (នាងរស់ ១:២០)។
ប៉ុន្តែ រឿងនេះមិនទាន់បានចប់នៅឡើយទេ។ ពេលនាងណាអូមីដែលកំពុងមានការបាក់ទឹកចិត្ត បានឃើញព្រហស្ថរបស់ព្រះកំពុងធ្វើការ នៅក្នុងជីវិតរបស់នាងរស់ នាងក៏បាននិយាយថា “ព្រះយេហូវ៉ា…មិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង!”(២:២០)។ ការអ្វីដែលហាក់ដូចជាភាពទាល់ច្រក ក៏បានប្រែក្លាយជាច្រកផ្លូវសម្រាប់ស្រ្តីទាំងពីរ ដែលបានទទួលរងការបាត់បង់ដ៏ធ្ងន់ធ្ងរនោះ។
រឿងនាងរស់ ដែលបានកត់ទុកក្នុងព្រះគម្ពីរសញ្ញាចាស់ គឺពិតជារឿងដ៏អស្ចារ្យមែន។ សាច់រឿងដ៏ខ្លីមួយនេះ បានបង្កប់ទៅដោយភាពផ្អែមល្ហែម និងព្រះគុណដ៏អស្ចារ្យ ខណៈពេលដែលបទគម្ពីរនេះបាននិយាយអំពី “ព្រះអម្ចាស់”ម្តងហើយម្តងទៀត។
តាមរយៈនាងណាអូមី និងនាងរស់ យើងបានទទួលការរំឭកថា ព្រះទ្រង់ធ្វើការ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល ដើម្បីឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ និងដើម្បីបំពេញបំណងព្រះទ័យទ្រង់ ទោះជានៅពេលជួបការលំបាកក៏ដោយ។
ព្រះទ្រង់នៅតែបន្តធ្វើការ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល ដើម្បីឲ្យយើងមានសង្ឃឹម។ ទ្រង់មិនបានឈប់បង្ហាញសេចក្តីមេត្តា ចំពោះយើងរាល់គ្នាឡើយ។-David McCasland