នៅក្នុងការសម្ភាសន៍ចូលធ្វើការងារ គេបានសួរមិត្ត ភ័ក្ររបស់ខ្ញុំថា “តើអ្នកមានជំនាញអ្វី?” គេបានសួរគាត់ដូចនេះ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ថាតើគាត់សក្តិសមនឹងមុខដំណែងនោះឬក៏អត់។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះក៏បានរំឭកឡើងវិញនៅក្នុងចិត្ត អំពីជំនាញ និងទេពកោសល្យរបស់ខ្លួន ដោយសង្ឃឹមថានឹងបាននិយាយសង្កត់ធ្ងន់អំពីបុគ្គលិកលក្ខណៈពិសេសៗ ដែលខ្លួនមាន ដែលនឹងអាចរួមចំណែក នៅក្នុងការធ្វើឲ្យក្រុមហ៊ុននោះមានជោគជ័យនៅពេលខាងមុខ។
ចុះបើសិនជាយើងមានជំនាញដ៏ល្អឥតខ្ចោះ ដែលចាំបាច់ សម្រាប់បំពេញកិច្ចការដែលព្រះត្រាសហៅឲ្យយើងធ្វើ? ជាការពិតណាស់ យើងសុទ្ធតែមានជំនាញរៀងៗខ្លួន! អំណោយទានខាងវិញ្ញាណដែលយើងមាន បូករួមជាមួយនឹងបទពិសោធន៍ ការបណ្តុះបណ្តាល និងអំណោយទានពីកំណើតរបស់យើង ព្រមទាំងចិត្តដែលចុះចូលព្រះផង អាចធ្វើឲ្យយើងក្លាយជាមនុស្សពិសេសម្នាក់ ដែលមានជំនាញដ៏ចាំបាច់ សម្រាប់ធ្វើ “ការល្អ” ដែលព្រះ “បានត្រៀមទុកជាស្រេច”(អេភេសូរ ២:១០)។ បើព្រះមានកិច្ចការអ្វីដែលទ្រង់សព្វព្រះទ័យឲ្យអ្នកបំពេញ ហើយអ្នកក៏បានដឹងថា ទ្រង់កំពុងត្រាសហៅអ្នកឲ្យធ្វើ ទ្រង់នឹងប្រទានអ្វីៗដែលអ្នកត្រូវការដើម្បីបំពេញកិច្ចការនោះ។ ម្យ៉ាងវិញទៀត យើងអាចសម្រាយបទគម្ពីរអេភេសូ ២:១០ យ៉ាងដូចនេះថា ព្រះទ្រង់សព្វព្រះទ័យឲ្យយើង “ចូររួមជាមួយទ្រង់ នៅក្នុងការងារដែលទ្រង់ធ្វើ គឺការល្អដែលទ្រង់បានត្រៀមជាស្រេច សម្រាប់ឲ្យយើងធ្វើ”។ ទ្រង់មានការតម្រូវមួយសម្រាប់យើង គឺឲ្យយើង “មានចិត្តស្មោះត្រង់”(១កូរិនថូស ៤:២)។
តើអ្នកបានរកឃើញផ្នែកណាមួយ នៅក្នុងការងារបម្រើព្រះ សម្រាប់ឲ្យទ្រង់ប្រើអ្នកហើយឬនៅ? សូមយើង “ធ្វើការល្អ” ហើយ “ធ្វើការល្អឲ្យច្រើនជាបរិបូរ”(១ធីម៉ូថេ ៦:១៨)។-Cindy Hess Kasper