ពីរបីឆ្នាំមុន ភរិយារបស់ខ្ញុំ គឺម៉ាលេន(Marlene) បានមានបញ្ហាត្រចៀកផ្នែកខាងក្នុង ដែលបានបណ្តាលឲ្យនាងបាត់បង់លំនឹងខ្លួន។ ពេលដែលមានបញ្ហាអ្វីមួយក្នុងត្រចៀករបស់នាងបានរើឡើង ដោយមិនបានឲ្យដំណឹង ជាមុន នាងក៏មានការវិលមុខ។ នាងមិនអាចអង្គុយ ឬក្រោកឈរដោយខ្លួនឯងបានឡើយ ដោយសារអាការៈវិលមុននោះ ហើយនាងត្រូវផ្តេកខ្លួនជាប្រចាំ។ ទោះជាមានការប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ ក៏នាងនៅតែមិនអាចគេចផុតពីអំណាចនៃការរំខាន របស់បញ្ហាត្រចៀកខាងក្នុងដដែល។ ក្នុងនាមជាមនុស្សដែលសកម្ម ម៉ាលេនមានភាពនឿយណាយយ៉ាងខ្លាំង ចំពោះស្ថានភាពដ៏អាក្រក់នេះ។
ជួនកាលជីវិតមនុស្សគឺមានលក្ខណៈដូចនេះឯង។ ការអ្វីដែលយើងមិនចង់ឲ្យកើតឡើង បែរជាមករំខានសកម្ម ភាពប្រចាំថ្ងៃរបស់យើង ហើយយើងក៏បានបាត់បង់លំនឹង។ ការរំខាននោះ ប្រហែលជាដំណឹងអាក្រក់ អំពីការបាត់បង់ការងារធ្វើ ឬជាលទ្ធផលពិនិត្យសុខភាពដែលទទួលបានពីវេជ្ជបណ្ឌិត។ វាក៏អាចជាការវាយប្រហារនៃខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង។ ពេលមានការរំខានទាំងនោះ លំនឹងខាងផ្លូវអារម្មណ៍របស់យើងទទួលរងការវាយប្រហារ ហើយយើងមានអារម្មណ៍ថា យើងមិនអាចឈរបានទៀតទេ។
យើងគួរឆក់យកឱកាសពេលនោះ ដើម្បីងាកបែរទៅរកព្រះ។ ពេលយើងមានអារម្មណ៍ថា ខ្លួនកំពុងបាត់បង់លំនឹង នោះទ្រង់អាចជួយយើងបាន។ ទ្រង់ប្រទាននូវធនធានខាងវិញ្ញាណ ដើម្បីជួយឲ្យយើងអាចឈរមាំមួន។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល”(អេភេសូ ៦:១៣)។
ពេលបញ្ហានៃជីវិត បានធ្វើឲ្យយើងដួលចុះ យើងមិនចាំបាច់ត្រូវមានភាពនឿយណាយឡើយ។ យើងនៅតែអាចឈរយ៉ាងមាំមួន ដោយសារទ្រង់លើកយើងឡើង ដោយព្រះចេស្តាទ្រង់ និងការពារយើង ដោយគ្រឿងសឹករបស់ទ្រង់។-Bill Crowder