តាមអ្នកសិក្សាអំពីត្រីឆ្លាមបានឲ្យដឹងថា ត្រីឆ្លាមច្រើនតែវាយប្រហារ នៅពេលពួកវាធំក្លិនឈាមនៅក្នុងទឹក។ ឈាមនោះជាកត្តាបញ្ឆេះពួកវា ឲ្យទៅស្វែងរកចំណី ហើយពួកវាក៏ធ្វើការវាយប្រហារ ហើយជាញឹកញាប់ គឺវាយប្រហារជាក្រុម ដែលបណ្តាលឲ្យមានការដណ្តើមចំណីរដ៏វឹកវរ ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ឈាមក្នុងទឹក គឺជាសញ្ញាបញ្ជាក់អំពីភាពងាយរងគ្រោះ របស់គោលដៅនៃត្រីឆ្លាម។
គួរឲ្យស្តាយណាស់ ជួនកាល នេះក៏ជារបៀបដែលសាម៉ាជិកពួកជំនុំខ្លះបានឆ្លើយតប ចំពោះអ្នកដែលបានធ្វើខុសមកលើខ្លួនផងដែរ។ ពួកគេមិនបានចាត់ទុកពួកជំនុំ ជាសហគមន៍ ដែលមនុស្សទទួលសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ និងការថែរក្សាឡើយ ផ្ទុយទៅវិញ ពួកគេបានធ្វើឲ្យពួកជំនុំមានបរិយ៉ាកាសដ៏គ្រោះថ្នាក់ ដែលមានពួកអ្នកចូលចិត្តវាយប្រហារកំពុងស្វែងរក “ឈាម នៅក្នុងទឹក” នៃភាពបរាជ័យ និងកំហុសរបស់នរណាម្នាក់។ ហើយក្រោយមក ការដណ្តើមចំណីយ៉ាងវឹកវរក៏កើតមានឡើង។
ពេលមាននរណាម្នាក់ដួលចុះ យើងមិនត្រូវជាន់ថែមពីលើទេ ផ្ទុយទៅវិញ យើងគួរផ្តល់នូវការលើកទឹកចិត្តនៃព្រះគ្រីស្ទ ដោយជួយស្អាងអ្នកដែលបានដួលចុះនោះ។ ជាការពិតណាស់ យើងមិនត្រូវថ្កោលទោសកិរិយ៉ាដែលមានបាបនោះឡើយ តែព្រះអម្ចាស់នៃយើង បានត្រាសហៅយើង ឲ្យបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ។ ទ្រង់មានបន្ទូលថា “មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ”(ម៉ាថាយ ៥:៧)។ គេបានឲ្យនិយមន័យនៃពាក្យ “សេចក្តីមេត្តាកុរណា”ថា ជាការមិនបានទទួលអ្វី ដែលយើងសមនឹងទទួល ហើយយើងម្នាក់ៗសុទ្ធតែសមនឹងទទួលការជំនុំ ជម្រះ។ ព្រះដែលបានបង្ហាញសេចក្តីមេត្តាករុណាដល់យើង នៅក្នុងព្រះគ្រីស្ទ ក៏បានត្រាសហៅយើង ឲ្យបង្ហាញសេចក្តីមេត្តាករុណាដល់គ្នាទៅវិញទៅមកផងដែរ។
ដូចនេះ ពេលយើងឃើញមាន “ឈាមនៅក្នុងទឹក” សូមយើងខិតខំបង្ហាញសេចក្តីមេត្តាកុរណា។ គង់មានថ្ងៃ ដែលយើងចង់ឲ្យអ្នកដទៃបង្ហាញសេចក្តីមេត្តាករុណាដល់យើង! -Bill Crowder