កាលពី៨៥ឆ្នាំមុន មានអ្នកនិពន្ធម្នាក់ ឈ្មោះហ្វ្រ៊ីកយែស ខារីនធី(Frigyes Karinthy) បាននិពន្ធរឿងខ្លីមួយ ដែលគាត់បានដាក់ចំណងជើងថា “ចំណងនៃច្រវ៉ាក់” ដែលនៅក្នុងនោះ គាត់បានបញ្ចេញទស្សនៈថា ការតភ្ជាប់គ្នារវាងបុគ្គលពីរៗនាក់ នៅក្នុងលោកិយនេះ បានកើតមានឡើង យ៉ាងហោចណាស់ តាមរយៈទំនាក់ទំនងប្រាំយ៉ាង។ ទស្សនៈនេះត្រូវបានគេយកមកវិភាគឡើងវិញ ក្នុងពេលបច្ចុប្បន ហើយតាមធម្មតា ត្រូវបានគេបកស្រាយថា “កំរិតទាំង៦ នៃការញែកពីគ្នា”។ ជាការពិតណាស់ គេមិនទាន់បានបង្ហាញថា ទ្រឹស្តីរបស់គាត់មានភាពត្រឹមត្រូវឡើយ។ ប៉ុន្តែ មានកត្តាដ៏សកម្មមួយ ដែលបានតភ្ជាប់យើង ជាមួយអ្នកដទៃ នៅទូទាំងពិភពលោក: គឺប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះ ដែលបើកសម្តែងឡើងតាមរយៈព្រះបន្ទូលទ្រង់ ដើម្បីបំពេញបំណងព្រះទ័យទ្រង់។
បីបួនឆ្នាំមុន ខ្ញុំបានទទួលសំបុត្រមួយ ពីបុរសម្នាក់ ដែលខ្ញុំមិនដែលធ្លាប់ជួប។ គាត់បានសរសេរប្រាប់ខ្ញុំថា កាលពីមុន ខ្ញុំបានផ្ញើសំបុត្រខ្លីមួយ ទៅមិត្តភ័ក្ររបស់ខ្ញុំ ដែលជាអ្នកជិតខាងរបស់គាត់ ហើយក្រោមមក គាត់ក៏បានអានសំបុត្រនោះផងដែរ។ សំបុត្រនោះបានលើកទឹកចិត្តគាត់ នៅពេលគាត់កំពុងបាក់ទឹកចិត្ត និងអស់សង្ឃឹម ក្នុងភាពងងឹត។ មិត្តភ័ក្រ ដែលខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីឲ្យនោះ បានផ្ញើសំបុត្រនោះបន្តទៅមិត្តភ័ក្រម្នាក់ ហើយអ្នកនោះក៏បានផ្ញើទៅមិត្តភ័ក្រម្នាក់ទៀត ហើយគេក៏ចេះតែផ្ញើតៗគ្នា រហូតដល់ពេលដែលវាធ្លាក់មកដល់បុរស ដែលបានសរសេរសំបុត្រមកកាន់ខ្ញុំនេះ។
ការនេះអាចមានន័យថា ជីវិតមនុស្សម្នាក់បានទទួលការប៉ះពាល់ដ៏អស់កល្បជានិច្ច ដោយពាក្យពេចន៍ដ៏សាមញ្ច ដែលត្រូវបានបង្ហាញចេញមក ដោយសេចក្តីស្រឡាញ់ ដោយការដឹកនាំនៃប្រាជ្ញារបស់ព្រះ និងហោះហើរឡើង នៅលើស្លាបនៃព្រះវិញ្ញាណ។
ដូចនេះ តើយើងមិនគួរធ្វើឲ្យខ្លួនយើងពេញដោយព្រះបន្ទូលព្រះ ហើយចែកចាយព្រះបន្ទូលទ្រង់ ដល់អ្នកដទៃ ដោយអធិស្ឋានសូមឲ្យព្រះប្រើព្រះបន្ទូលទ្រង់ ដើម្បីបំពេញបំណងព្រះទ័យទ្រង់ទេឬ?(អេសាយ ៥៥:១១)។-David Roper