មុខជំនួញជាច្រើន មាន “កម្មវិធីសន្សំពន្ទុ” ដែលផ្តល់រង្វាន់ដល់អតិថិជនដែលស្មោះត្រង់។ អ្នកអាចសន្សំរង្វាន់ទាំងនេះ ដោយប្រើសេវ៉ាកម្មរបស់ក្រុមហ៊ុនពួកគេ ដូចជាការញាំអាហារនៅក្នុងភោជនីយដ្ឋានក្នុងតំបន់ ការស្នាក់នៅក្នុងសណ្ឋាគារ ឬធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ណាមួយ។ ការសម្រេចចិត្តចំណាយប្រាក់របស់អ្នក តាមរបៀបនេះ គឺពិតជាសមហេតុផលណាស់។
ព្រះទ្រង់ក៏មានកម្មវិធីប្រទានរង្វាន់ផងដែរ។ ជាញឹកញាប់ ព្រះយេស៊ូវទ្រង់បានមានបន្ទូល អំពីការសព្វព្រះទ័យនឹងប្រទានរង្វាន់ដល់យើង សម្រាប់ការបម្រើទ្រង់ ដោយភាពស្មោះត្រង់។ ឧទាហរណ៍ : ពេលយើងត្រូវគេធ្វើទុក្ខបៀតបៀន ដោយសារជំនឿលើទ្រង់ នោះទ្រង់បានមានបន្ទូលហើយថា “ចូរមានចិត្តអំណរ … ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១២)។ ពួកផារិស៊ីមានទម្លាប់ ដាក់ដង្វាយ អធិស្ឋាន និងតមអត ឲ្យសាធារណៈជនបានឃើញខ្លួន តែព្រះយេស៊ូវបានបង្រៀនយើង ឲ្យធ្វើការទាំងនោះ ដោយមិនបើកចំហរឲ្យអ្នកដទៃដឹងឡើយ ដ្បិត “ព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់”(៦:៤,៦,១៨)។
ពេលយើងរស់នៅថ្វាយព្រះយេស៊ូវ ភាពស្មោះត្រង់មិនដែលនាំឲ្យជីវិតរបស់អ្នក មានការខាតបង់ឡើយ ទោះបីជាអ្នកមានការលះបង់ច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្តែ យើងមិនមែនបម្រើព្រះយេស៊ូវ ដើម្បីឲ្យបានរង្វាន់ពីទ្រង់នោះឡើយ។ ពេលដែលទ្រង់បានសុគតជួសយើង នៅលើឈើឆ្កាង ទ្រង់បានធ្វើសម្រាប់យើង លើសពីអ្វីដែលយើងសមនឹងទទួលទៅទៀត។ ភាពស្មោះត្រង់ដែលយើងមានចំពោះទ្រង់ គឺជាការថ្វាយបង្គំ ដែលបង្ហាញចេញនូវការដឹងគុណដោយសេចក្តីស្រឡាញ់ ចំពោះសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង។ ទ្រង់សព្វព្រះទ័យនឹងលើកទឹកចិត្តយើង ដោយការធានាថា រង្វាន់ដែលទ្រង់នឹងប្រទានដល់យើងនៅគ្រាចុងក្រោយ នឹងមានច្រើនលើសអ្វីដែលយើងបានលះបង់ថ្វាយទ្រង់ទៅទៀត។ ចូររស់នៅថ្វាយព្រះយេស៊ូវ ទោះបីជាត្រូវលះបង់យ៉ាងណាក៏ដោយ។-Joe Stowell