ស្តេចដាវីឌទ្រង់បានដកដង្ហើមធំ ដោយបន្ទូលថា “ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្តីសុខ”(ទំនុកតម្កើង ៥៥:៦)។ តែចំណែកខ្ញុំវិញ ខ្ញុំនឹងទៅសង់ផ្ទះឈើតូចមួយ នៅក្នុងតំបន់ប្រជុំភ្នំ ឬទៅប្រចាំការជារៀងរហូត នៅក្នុងប៉ម សម្រាប់រកមើលភ្លើងឆេះព្រៃ។ តែពេលដែលការរស់នៅរបស់ខ្ញុំទទួលរងបន្ទុកខ្លាំង ខ្ញុំក៏នឹងប្រាថ្នាចង់ហើរចេញទៅឲ្យឆ្ងាយ ដើម្បីរកកន្លែងសម្រាកឲ្យបានសុខផងដែរ។
ស្តេចដាវីឌសរសេរ ដោយបើកចំហរអំពីស្ថានភាពរបស់ទ្រង់ ដែលមានដូចជា អំពើហឹង្សា ការគៀបសង្កត់ និងទុក្ខលំបាកបានហុំព័ទ្ធទ្រង់ជុំជិត ដែលត្រូវបានបង្ករឡើង ដោយភាពមិនស្មោះត្រង់ នៃមិត្តសំឡាញ់ចាស់របស់គាត់(៥៥:៨-១៤)។ ការភ័យខ្លាច និងភាពតក់ស្លត់ ការឈឺចាប់ និងការភ័យញ័រ ការថប់បារម្ភ និងភាពរសាប់រសល់បានគ្របសង្កត់ពីលើទ្រង់(ខ.៤-៥)។ តើអ្នកឆ្ងល់ទេ ពេលដែលទ្រង់ចង់ហើរទៅឲ្យឆ្ងាយ? ប៉ុន្តែ ទ្រង់មិនអាចគេចវេសបានទេ។ ទ្រង់មិនអាចគេចចេញពីទុក្ខលំបាកបានឡើយ។ ទ្រង់គ្រាន់តែអាចថ្វាយកាលៈទេសៈដ៏លំបាកទៅដល់ព្រះ គឺដូចដែលមានសេចក្តីចែងថា “ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក និងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន”(ខ.១៦-១៧)។
ទោះជាយើងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ គឺទោះជាមានបន្ទុកធ្ងន់ក្នុងការងារបម្រើព្រះ មានការលំបាកនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ កំពុងអត់ការងារធ្វើ ឬកំពុងមានភាពឯកកោខ្លាំងយ៉ាងណាក៏ដោយ តើទ្រង់នឹងសម្រាលបន្ទុកនៃសេចក្តីទុក្ខព្រួយរបស់យើងឬទេ? យើងបានថ្វាយវិញ្ញាណដល់ទ្រង់ រហូតអស់កល្បជានិច្ច ដោយទុកចិត្តទ្រង់ហើយ ដូចនេះ តើយើងមិនអាចថ្វាយកាលៈទេសៈដ៏លំបាក ក្នុងពេលបច្ចុប្បន្ន ដល់ទ្រង់ផងដែរទេឬ? “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ”(៥៥:២២)។-David Roper