សព្វថ្ងៃនេះ កូនស្រីរបស់ខ្ញុំកំពុងរៀននិយាយ នាងបានទម្លាប់ប្រើពាក្យមួយ ដែលនាងចូលចិត្ត គឺពាក្យ : ថែមទៀត ។ នាងនិយាយថា “ថែមទៀត” ហើយចង្អុលទៅបន្ទះនុំប៉័ងដែលបានលាបដំណាប់ពីលើ។ នាងក៏បានលើកដៃឡើង ហើយនិយាយថា “ថែមទៀត!” ពេលដែលស្វាមីរបស់ខ្ញុំ ឲ្យកាក់មួយចំនួន សម្រាប់ឲ្យនាងសន្សំក្នុងកូនជ្រូករបស់នាង។ នាងថែមទាំងនិយាយបញ្ជាក់ថា “ថែមទៀត ប៉ា!” ក្នុងពេលព្រឹកថ្ងៃមួយ បន្ទាប់ពីឪពុកនាងចេញទៅធ្វើការ។
ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើនបានក្រឡេចមើលជុំវិញខ្លួន ហើយសុំ “ថែមទៀត”។ គួរឲ្យ ស្តាយណាស់ ចិត្តរបស់មនុស្សមិនមានភាពស្កប់ស្គល់ចិត្តឡើយ។ យើងត្រូវការអំណាចចេស្តានៃព្រះគ្រីស្ទ ដើម្បីវាយបំបែកភាពមិនចេះស្កប់ស្កល់នេះ ដើម្បីឲ្យយើងអាចនិយាយជាមួយនឹងសាវ័កប៉ុលថា “ខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោស(ឬស្កប់ស្កល់ចិត្ត) ក្នុងសណ្ឋានគ្រប់យ៉ាង”(ភីលីព ៤:១១)។
ដោយសារសាវ័កប៉ុលបានប្រើពាក្យ“ខ្ញុំបានរៀន” នោះខ្ញុំអាចដឹងថា គាត់មិនបានប្រឈមមុខដាក់ស្ថានភាពនីមួយៗ ដោយទឹកមុខញញឹមជានិច្ចឡើយ។ ដើម្បីរៀនឲ្យមានចិត្តស្កប់ស្កល់ គេត្រូវមានការអនុវត្ត។ នៅក្នុងទីបន្ទាល់នៃជីវិតគាត់ យើងដឹងថា ជីវិតរបស់គាត់មានការឡើងចុះៗ ដែលរាប់ចាប់ពីការត្រូវពស់ចឹក រហូតដល់ការជួយសង្គ្រោះវិញ្ញាញ ហើយរាប់ចាប់ពីការត្រូវគេមួលបង្កាច់ រហូតដល់ការបង្កើតពួកជំនុំ។ ប៉ុន្តែ គាត់បានអះអាងថា ព្រះយេស៊ូវគឺជាចម្លើយ ដើម្បីចម្អែតវិញ្ញាណរបស់យើងឲ្យស្កប់ស្កល់។ គាត់បានមានប្រសាសន៍ថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ”(ខ.១៣)។ ព្រះយេស៊ូវបានប្រទានសាច់ដុំខាងវិញ្ញាណដល់គាត់ ដើម្បីឲ្យគាត់អាចអត់ធន់នៅពេលខ្វះខាត ហើយជៀសវាងការរអិលដួល នៅពេលមានជាបរិបូរ។
បើអ្នកដឹងថា ខ្លួនកំពុងតែប្រាថ្នាចង់បាន “ថែមទៀត ថែមទៀត ហើយថែមទៀត” ឥតឈប់ឈរ នោះសូមចាំថា ការស្កប់ស្កល់ចិត្តកើតមាន ពេលដែលអ្នកមានព្រះគ្រីស្ទកាន់តែច្រើនថែម“ទៀត” ក្នុងជីវិតអ្នក។-Jennifer Benson Schuldt