លោកហេលមូទ ថេលីក(Helmut Thielicke ១៩០៨-១៩៨៦) គឺជាគ្រូអធិប្បាយ និងទេវិទូដ៏ល្បីល្បាញមួយរូប ដែលបានទទួលរងការប្រឆាំងដ៏ខ្លាំងក្លា ពីសំណាក់របបណាហ្ស៊ី ក្នុងប្រទេសអាឡឺម៉ង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ដល់១៩៤០។ តែគាត់នៅតែមានការប្តូរប្តេជ្ញ នៅក្នុងការប្រកាសអំពីព្រះវត្តមាន និងអំណាចរបស់ព្រះ នៅក្នុងព្រះយេស៊ូវ ក្នុងអំឡុងពេលដ៏លំបាក និងជ្រួលច្របល់នោះ។
បណ្ឌិតរ៉ូប៊ឺត ស្មីត(Robert Smith) បានមានប្រសាសន៍ថា ពេលលោកថេលីកលើកឡើង អំពីរឿងរ៉ាវ ឬបញ្ហាក្នុងសម័យទំនើប នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ “គាត់បានព្យាយាមឆ្លើយសំណួរ ដែលបានចោទឡើងថា ‘តើព្រះ អម្ចាស់មានបន្ទូលដូចម្តេចខ្លះ ចំពោះបញ្ហានេះ?’”
តើនោះមិនមែនជាអ្វីដែលយើងម្នាក់ៗកំពុងតែស្វែងរកទេឬ? តើព្រះបានមានបន្ទូលអ្វីខ្លះ ដើម្បីធ្វើឲ្យយើងមានភាពរឹងមាំ និងដឹកនាំយើង ពេលយើងជួបប្រទះការលំបាក និងមានឱកាស? ព្រះគម្ពីរ១សាំយ៉ូអែល ជំពូក៣ បានពិពណ៌នាអំពីសម័យមួយ ដែល “ព្រះកម្រមានបន្ទូល”(ខ.១)។ ពេលព្រះមានបន្ទូលមក លោកសាំយ៉ូអែល កាលគាត់នៅក្មេង គាត់ក៏បានច្រឡំថា លោកអេលីដែលសង្ឃ កំពុងហៅគាត់។ លោកអេលីក៏បានប្រាប់ក្មេងប្រុសម្នាក់នេះ ឲ្យឆ្លើយតបនឹងព្រះសូរសៀងព្រះ ដោយពាក្យថា “បពិត្រ ព្រះ យេហូវ៉ាអើយ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ”(ខ.៩)។ កុមារសាំយ៉ូអែលក៏បានស្តាប់ ហើយក្រោយមក គេបានហៅគាត់ថា បុរសដែលរស់នៅដោយភាពស្មោះត្រង់ និងសេចក្តីក្លាហាន “ដ្បិត ព្រះអម្ចាស់ទ្រង់តែងលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតបានសំដែងមកឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលនៃទ្រង់”(ខ.២១)។
ពេលណាយើងបើកមើលព្រះគម្ពីរ ស្តាប់សេចក្តីអធិប្បាយ ឬបង្អង់ដើម្បីអធិស្ឋាន នោះពិតជាអស្ចារ្យណាស់ ដែលយើងទូលថា “ព្រះអម្ចាស់យេស៊ូវ សូមមានបន្ទូលមកកាន់ទូលបង្គំ។ ទូលបង្គំបានត្រៀមខ្លួនស្តាប់ទ្រង់មានបន្ទូល និងមានចិត្តស្រេកឃ្លានចង់ស្តាប់បង្គាប់ទ្រង់ហើយ”។-David McCasland