ក្នុង​​ទំនុក​តម្កើង ជំពូក​៩២ អ្នកនិ​ពន្ធ​បាន​ចាប់​ផ្តើម​បទ​កំណាព្យ​នេះ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​សរសើរ​តម្កើង​​ព្រះ​ថា “នេះ​​ជា​​កា​រ​ល្អ​​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា”។ តើ​ល្អស​ម្រាប់​នរណា? គឺ​ល្អ​សម្រាប់​អ្នក​និង​ខ្ញុំ។ ការ​សរសើរ​តម្កើង​ព្រះ មាន​ប្រយោជន៍​ក្រៃ​លែង ចំពោះ​វិញ្ញាណ​របស់​យើង ព្រោះ​អាច​ជួយ​យើង​ឲ្យរួច​ផុ​តពី​ការ​ព្រួយ​បារម្ភ​ក្នុង​គំនិត ហើយ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​យើង ពេញ​ដោយ​ការ​សរសើរ​តម្កើង នៅ​ក្នុង​ការ​អធិ​ស្ឋាន។​ ដូច​នេះ នេះ​ជា​ការល្អ​ហើយ​ ដែល​យើង​ស្វាគមន៍​ពេល​ព្រឹក​​​រាល់​ថ្ងៃ ដោយ​ច្រៀង​បទ​អរ​ព្រះ​គុណ ដ្បិត​ការ​សរសើរ​តម្កើង​ដូច​នេះ ធ្វើ​ឲ្យ​យើង​មាន​សេចក្តី​អំណរ។ ការ​សរសើ​រ​តម្កើ​ង​នាំ​យើង​ចេញ​ពី​សេច​ក្តី​ងងឹត ហើយ​ជំនួស​ទុក្ខ​ព្រួយរ​បស់​យើង ដោយ​បទ​ចម្រៀង​ដ៏​មាន​អំណរ ចំពោះ “កិច្ចការ​ដែល​ព្រះ​ ហស្ថ​ទ្រង់​បាន​ធ្វើ”​(ខ.៤)។ តើ​កិច្ចការ​នោះ​ជាកិច្ចការ​អ្វី? គឺ​កិច្ចការ​ដែល​ទ្រង់​កំពុង​ធ្វើ​ក្នុង​ជីវិត​យើងម្នា​ក់​ៗ​!

បទ​គម្ពីរ​ខាង​ក្រោម​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​បទ​គម្ពី​រ​ប្រៀប​ប្រដូច ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត :

“ឯ​​មនុស្ស​សុចរិត គេ​នឹង​លូតលាស់​ឡើង ដូច​ជា​ដើម​លម៉ើរ
ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ
គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា
គេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ
កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល
គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់”(ខ.១២-១៤)។

បទ​ទំនុក​តម្កើង​បាន​និយាយ​ប្រៀប​ប្រដូច អំ​ពីស​ម្រស់​ដ៏​ខ្ពស់​ត្រដែត និង​ដើម​តា​ត្រៅ នៃ​កម្លាំង​ដែល​មិន​ចេះ​ទ​ន់​ទោ។ ទាំង​នេះ​សុទ្ធ​តែ​ជា​លក្ខណៈ​សម្បត្តិ​របស់​អ្នក​ដែល​ត្រូវ​បាន “​ដាំក្នុ​ង​ដំណាក់​នៃ​ព្រះ​អម្ចាស់”(ខ.១៣)។ ឫស​របស់​ពួក​គេ​បាន​ចាក់​ចូល​ទៅ​ក្នុង​ដី​នៃ​សេចក្ត​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ។ តើ​អ្នក​យល់​ថា ខ្លួន​ឯង​លែង​មាន​ប្រយោជន៍​ចំពោះ​ព្រះឬ​? ចូរ​បន្ត​នៅជាប់​ក្នុង​ព្រះប​ន្ទូល​ព្រះ ចាក់​ឫសចូ​ល និង​តាំង​ជំហរ​នៅ​ក្នុង​​ព្រះ​គ្រីស្ទ ហើយ​ស្រូប​យក​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់។ បន្ទាប់​មក ទោះ​បី​ជា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ អ្នក​នឹង​បង្កើត​ផល​ផ្លែ ហើយ “មាន​ភាព​ស្រស់​ថ្លា និងច​ម្រើន​ឡើង”។-David Roper