ពួកជំនុំមួយកន្លែង ក្នុងក្រុងនេភ័រវីល(Naperville) រដ្ឋអីលីណយ(Illinois) មានចិត្តរំភើបរីករាយ ចំពោះជួងថ្មីៗ ដែលគេបានដាក់នៅក្នុងប៉ម នៅលើដំបូលព្រះវិហារ។ ពេលព្រះវិហារមួយនេះត្រូវបានសាងសង់ឡើង កាលពី ច្រើនឆ្នាំកន្លងទៅ ពួកគេមិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញជួង ដាក់ព្រះវិហារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិធីរំឭកខួបលើកទី២៥ នៃការសាងសង់ព្រះវិហារនេះ ពួកគេក៏អាចរ៉ៃអង្គាសបានប្រាក់ ដើម្បីទិញជួង៣គ្រឿង សម្រាប់ព្យួរនៅពីលើដំបូងព្រះវិហារ។ ទោះបីជាជួងទាំងនោះមានភាពស្រស់ស្អាតក៏ដោយ ក៏ពួកវាមានបញ្ហាមួយគឺ : ពួកជំនុំមិនដែលបានស្តាប់ឮសម្លេងជួងទាំងនោះរោទ៍ទេ។ជួងទាំងនោះមានរូបរាងដូចជួងពិតៗ តែពួកវាគ្រាន់តែជាជួងសប្បនិម្មិតប៉ុណ្ណោះ។
សាវ័កយ៉ូហានបានសរសេរសំបុត្រទីមួយរបស់គាត់ ផ្ញើទៅអ្នកជឿព្រះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យបង្ហាញថា ខ្លួនជាគ្រីស្ទបិរស័ទពិតប្រាកដ តាមរយៈរបៀបនៃការរស់នៅ របស់ខ្លួន គឺមិនមែនគ្រាន់តែមានលក្ខណៈខាងក្រៅ ដូច គ្រីស្ទបរិស័ទពិតប្រាកដនោះឡើយ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់មានជំនឿពិត គឺមិនត្រូវបានរកឃើញ នៅក្នុងការមានបទពិសោធន៍អាថ៌កំបាំងណាមួយ ជាមួយព្រះឡើយ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់ពិតជាបានស្គាល់ និងស្រឡាញ់ព្រះមែន គឺត្រូវបានរកឃើញនៅក្នុងការចុះចូលចំពោះអំណាច និងព្រះបន្ទូលទ្រង់។ សាវ័កយ៉ូហានបានចែងថា “តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ”(១យ៉ូហាន ២:៥-៦)។
បើយើងអះអាងថា ជីវិតយើងបានផ្លាស់ប្រែ ដោយសារដំណឹងល្អ និងការស្គាល់ និងស្រឡាញ់ព្រះ ដោយភាពស្និទ្ធស្នាល់ នោះយើងគួរតែបញ្ជាក់ថា យើងពិតជាបានផ្លាស់ប្រែមែន ដោយសារការស្តាប់បង្គាប់ព្រះបន្ទូលទ្រង់។-Marvin Williams