នៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា “ការដឹកនាំដោយការដាក់ឈ្មោះ” លោកម៉ាក ឡាប៊តតុន(Mark Labberton) បានសរសេរអំពីអំណាចរបស់ឈ្មោះ។ លោកបានពិពណ៌នាថា “ខ្ញុំតែងមានអារម្មណ៍ថា បានទទួលឥទ្ធិពលពីមិត្តភ័ក្រម្នាក់ដែលជាតន្រ្តីករ ដែលថ្ងៃមួយ គាត់ស្រាប់តែហៅខ្ញុំថា “ពីរោះ”។ ពុំមាននរណាម្នាក់ធ្លាប់ហៅឈ្មោះខ្ញុំបែបនេះទាល់តែសោះ។ ខ្ញុំមិនចេះលេងឧបករណ៍ភ្លេងណាមួយ ឲ្យច្បាស់លាស់ឡើយ។ ខ្ញុំក៏មិនចេះលេងភ្លេងតែម្នាក់ឯងដែរ។ តែភ្លាមនោះខ្ញុំស្រាប់តែមានអារម្មណ៍ថា មានគេស្គាល់ និងស្រឡាញ់ខ្ញុំ (គាត់)បានកត់សំគាល់ខ្ញុំ ទទួលស្គាល់ និងឲ្យតម្លៃទៅលើអ្វីដែលខ្ញុំពិតជាមាន”។
នេះក៏ប្រហែលជាអ្វី ដែលលោកស៊ីម៉ូនបានដកពិសោធ ផងដែរ នៅពេលដែលព្រះយេស៊ូវដាក់ឈ្មោះថ្មីឲ្យគាត់។ បន្ទាប់ពីលោកអនទ្រេជឿថា ព្រះយេស៊ូវជាព្រះមែស៊ី មិនយូរប៉ុន្មាន គាត់ក៏បានទៅនាំលោកស៊ីម៉ូន ដែលជាបងប្អូនគាត់ ឲ្យទទួលជឿព្រះយេស៊ូវផងដែរ(យ៉ូហាន ១:៤១-៤២)។ ព្រះយេស៊ូវក៏បានទតមើលទៅក្នុងជម្រៅនៃព្រលឹងគាត់ និងបានទទួលស្គាល់ ហើយឲ្យតម្លៃចំពោះអ្វីដែលលោកស៊ីម៉ូនពិតជាមានក្នុងជីវិតគាត់។ ពិតមែនហើយ ព្រះយេស៊ូវក៏បានជ្រាបពីបរាជ័យ និងលក្ខណៈឆេវឆាវរបស់គាត់ ដែលអាចនាំឲ្យគាត់មានបញ្ហាផងដែរ។ ប៉ុន្តែ មានការពិសេសជាងនេះទៀតដែលទ្រង់ទតឃើញ គឺទ្រង់ជ្រាបអំពីសក្តានុពលដែលលោកស៊ីម៉ូនមាន ដែលនឹងនាំឲ្យគាត់ក្លាយជាអ្នកដឹកនាំពួកជំនុំ។ ហេតុដូច្នេះ បានជាព្រះយេស៊ូវដាក់ឈ្មោះគាត់ថា កេផាសវិញ(ជាភាសាអារ៉ាមអានថា ពេត្រុស ដែលមានន័យថា “ថ្ម”(យ៉ូហាន ១:៤២ និងមើល ម៉ាថាយ ១៦:១៨)។
ព្រះទ្រង់ក៏ទតឃើញយើងយ៉ាងដូចនេះផងដែរ។ ទ្រង់ជ្រាបពីអំនួត កំហឹង ហើយជ្រាបថា យើងខ្វះសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ តែទ្រង់ក៏ជ្រាបថា យើងជានរណាផងដែរ នៅក្នុងព្រះគ្រីស្ទ។ ទ្រង់បានហៅយើងថា ពួកអ្នកដែលព្រះបានរាប់ជាសុចរិត ដែលផ្សះផ្សាឲ្យជានឹងព្រះ (រ៉ូម ៥:៩-១០) ដែលបានអត់ទោសបាបឲ្យពួកបរិសុទ្ធ និងស្ងួនភ្ញារ(កូល៉ុស ២:១៣ ៣:១២) ដែលត្រូវបានជ្រើសរើស និងរាប់យើងជាមនុស្សស្មោះត្រង់(វិវរណៈ ១៧:១៤)។ ចូរចងចាំអំពីរបៀបដែលព្រះទតឃើញយើង ហើយជ្រាបថាយើងជានរណា។_ Marvin Williams