ពេលចក្ខុពេទ្យប្រាប់ខ្ញុំថា “សូមនៅឲ្យស្ងៀម” ខ្ញុំក៏នៅស្ងៀម។ ខ្ញុំមិនប្រកែក ហើយក៏មិនប្រឆាំងនឹងគាត់ដែរ។ ពេលគាត់ដើរចេញពីគ្រែព្យាបាល ខ្ញុំក៏មិនរវល់ធ្វើនេះធ្វើនោះដែរ។ ហេតុអ្វីខ្ញុំស្តាប់គាត់? ពីព្រោះគាត់ជាគ្រូពេទ្យវះកាត់ភ្នែកដ៏ល្បីល្បាញ ដែលកំពុងព្យាយាមព្យាបាលភ្នែកខ្ញុំ ហើយគាត់ត្រូវការការសហការរបស់ខ្ញុំ។ ដូចនេះ បើខ្ញុំមិនស្តាប់តាមការណែនាំរបស់គាត់ទេ នោះខ្ញុំជាមនុស្សល្ងីល្ងើហើយ។
ដូច្នេះ ចុះហេតុអ្វីបានជាខ្ញុំមិនមានការសហការដូចនេះ ពេលខ្ញុំត្រូវសម្រាកនៅស្ងៀមខាងវិញ្ញាណ? ព្រះរាប់ការសម្រាក ជាកិច្ចការដ៏សំខាន់ បានជាទ្រង់ប្រទានឲ្យយើងមានការសម្រាកនៅក្នុងចង្វាក់នៃជីវិត។ បើគ្មានការសម្រាកទេ យើងមិនអាចមើលឃើញច្បាស់ឡើយ ពោលគឺយើងនឹងចាប់ផ្តើមរាប់ខ្លួនឯងជាសំខាន់ ហួសពីការពិត។
បន្ទាប់ពីលោកអេលីយ៉ាបានប្រឈមមុខយ៉ាងតានតឹង ដាក់ស្តេចអ័ហាប់ និងនាងយេសេ បិលរួចមក លោកក៏ធ្លាក់ខ្លួនអស់កម្លាំងល្វើយ។ ព្រះអម្ចាស់ក៏បានចាត់ទេវតាមួយអង្គ ឲ្យទៅមើលថែរគាត់។ ក្នុងអំឡុងពេលគាត់មានភាពនឹងស្ងៀម “ព្រះអម្ចាស់ក៏បានមានព្រះបន្ទូលមកកាន់គាត់”(១ពង្សាវតារក្សត្យ ១៩:៩)។ លោកអេលីយ៉ាបានស្មានថា ខ្លួនកំពុងធ្វើការបម្រើព្រះតែម្នាក់ឯងទេ។ គាត់មានភាពឧស្សាហ៍ក្នុងការងារបម្រើព្រះយ៉ាងខ្លាំង បានជាគាត់មិនបានដឹងថា មានសាសន៍អ៊ីស្រាអែល៧០០០នាក់ទៀត ដែលពុំបានគោរពថ្វាយបង្គំព្រះបាល(ខ.១៨)។
ក្នុងចំណោមយើង ប្រហែលជាមានអ្នកខ្លះកំពុងតែខ្លាចមានរឿងអ្វីមួយកើតឡើង បើសិនជាយើងសម្រាកនៅស្ងៀម ហើយមិនធ្វើកិច្ចការអ្វីនោះ។ ប៉ុន្តែ ពេលយើងបដិសេធមិនព្រមសម្រាក មានរឿងអាក្រក់ជាងនោះទៀត ដែលនឹងកើតឡើងចំពោះយើង។ បើគ្មានការសម្រាកទេ យើងមិនអាចមានសុខភាពល្អ ខាងវិញ្ញាណ ឬខាងរូបកាយបានឡើយ។ ព្រះទ្រង់ប្រោសយើងឲ្យជា កាលណាយើងសម្រាក។
ខ្ញុំចាំបាច់ត្រូវសម្រាកនៅឲ្យស្ងៀម ដើម្បីឲ្យគ្រូពេទ្យអាចព្យាបាលភ្នែកខ្ញុំឲ្យជា យ៉ាងណា មិញ យើងម្នាក់ៗក៏ត្រូវការការសម្រាកនៅស្ងៀមខាងវិញ្ញាណផងដែរ ដើម្បីឲ្យព្រះជួយធ្វើឲ្យភ្នែកខាងវិញ្ញាណយើងមើលឃើញច្បាស់។_Julie Ackerman Link