ពេលលោកបៀល(Bill) និងភរិយារបស់គាត់ កំពុងតែបើកបររថយន្តកាត់តាមជួរភ្នំរ៉ក់គី(Rocky) មានរថយន្តដឹកទំនិញមួយគ្រឿងបានបើកមក ហៀបតែនឹងបុករថយន្តពួកគេ បានជាគាត់ខំបើកជៀសយ៉ាងគំហុក ធ្វើឲ្យរថយន្តរបស់ខ្លួនធ្លាក់ចេញពីថ្នល់ ហើយដាំក្បាលចូលទៅក្នុងទន្លេខូឡូរ៉ាដូ។ បន្ទាប់ពីពួកគេបានខំប្រវេប្រវាចេញពី រថយន្តដែលកំពុងតែលិចលង់នោះហើយ ពួកគេក៏បានព្យាយាមហែលកាត់ចរន្តទឹកហូរយ៉ាងលឿន។ អ្នកបើករថយន្តដឹកទំនិញម្នាក់ ដែលបានឃើញហេតុការណ៍នេះ បានរត់តាមមាត់ច្រាំង សំដៅទៅរកពួកគេ រួចបោះខ្សែពួរឲ្យពួកគេតោង។ លោកបៀលក៏បានហែលពីក្រោយភរិយារបស់គាត់ ដើម្បីជួយរុញនាងឲ្យទៅដល់កន្លែង ដែលនាងអាចឈោងដល់ខ្សែពួរនោះ ហើយបុរសនោះក៏បានទាញនាងមកមាត់ច្រាំង។ ទោះយ៉ាងណាក៏ដោយ លោកបៀលត្រូវខ្សែទឹកហូរនាំយកទៅបាត់ ហើយក៏បានបាត់បង់ជីវិតទៅ។ គាត់បានលះបង់ជីវិត ដើម្បីជួយសង្គ្រោះស្រ្តីដែលខ្លួនស្រឡាញ់។
ការលះជីវិតខ្លួនឯង ដើម្បីឲ្យមនុស្សម្នាក់ទៀតអាចមានជីវិតរស់តទៅទៀត គឺជាភស្តុតាងដែលបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏ពិត។ នៅយប់ដែលគេក្បត់ព្រះយេស៊ូវ ទ្រង់បានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ អំពីការមានព្រះទ័យចង់លះបង់ព្រះជន្មទ្រង់ ដើម្បីសុគតជួសមនុស្សជាតិ។ ទ្រង់បានមានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះទេ គឺដែលអ្នកណានឹងប្តូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ រួចទ្រង់ក៏បានធ្វើជាគំរូនៃការលះបង់ជីវិត ដោយសុគតនៅលើឈើឆ្កាង។
តើអ្នកធ្លាប់បានគិត អំពីការដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកឬទេ? គឺទ្រង់បានសុគតជួសអ្នក។ ការសុគតនេះ គឺមិនគ្រាន់តែបង្ហាញសេចក្តីស្រឡាញ់ ចំពោះអ្នកប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានផ្តល់ឱកាស ឲ្យអ្នកបានទទួលការអត់ទោសបាប និងមានទីលំនៅដ៏អស់កល្បជានិច្ច នៅនគរស្ថានសួគ៌ទៀតផង។ _Dennis Fisher